ឆ្លើយតបនឹងរឿងនេះ ធនាគារជាតិកាណាដា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា បច្ចុប្បន្ននេះ ខ្លួនពុំមានទំនាក់ទំនង នៅក្នុងដំណើរការ ឬការចរចា សម្រាប់ការលក់ភាគហ៊ុនរបស់ធនាគារ ABA នោះទេ ហើយក៏មិនបានជួលអ្នកប្រឹក្សាសម្រាប់ធ្វើការងាររឿងទាំងនេះដែរ។
សារព័ត៌មានអន្តរជាតិធំ ដូចជា Bloomberg និង Reuters កាលពីថ្ងៃទី១២ ខែមីនា បានផ្សព្វផ្សាយថា ធនាគារជាតិកាណាដា កំពុងពិចារណានូវជម្រើសសម្រាប់ធនាគារ ABA ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ដែលក្នុងនោះ រួមទាំងការលក់ក្នុងតម្លៃជាង ២ពាន់លានដុល្លារផងដែរ។ ការផ្សព្វផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg នេះ ដោយផ្អែកលើការសម្ភាសន៍ប្រភពព័ត៌មាន ដែលបានដឹងពីរឿងរ៉ាវនេះ ប៉ុន្ដែ មិនបានបញ្ជាក់អត្តសញ្ញាណនោះឡើយ។
ទោះយ៉ាងណា ធនាគារកាណាដា បានចេញមុខបកស្រាយថា រឿងនេះ មិនពិតដូចជាការចុះផ្សាយនេះឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ធនាគារជាតិ កាណាដា បានចាត់ទុកធនាគារ ABA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលមានប្រតិបត្តិការជោគជ័យ និងផ្ដល់នូវប្រាក់ចំណេញខ្ពស់សម្រាប់ខ្លួន។ តួយ៉ាង គិតត្រឹមចុងខែតុលា ឆ្នាំ២០២៣ ធនាគារ ABA មានផ្ដល់ប្រាក់ចំណូលដុល ៧២៦លានដុល្លារកាណាដា ឬស្មើនឹងប្រហែល ៥៣៨ លានដុល្លារ និងប្រាក់ចំណេញប្រមាណ ៣៤៣លានដុល្លារកាណាដា ឬស្មើនឹងប្រហែល ជាង២៥៤ លានដុល្លារអាមេរិក។
ធនាគារជាតិកាណាដា បានគ្រប់គ្រងធនាគារ ABA ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានបង្កើនភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់គិតតាំងពីឆ្នាំ២០១៤ មក។
គិតត្រឹមចុងឆ្នាំ២០២៣ ធនាគារ ABA មានទ្រព្យសកម្មសរុបជាង ១១ពាន់លានដុល្លារ ប្រាក់បញ្ញើសរុបប្រមាណ ៩ពាន់លានដុល្លារ និងកម្ចីដុលមានជាង៧ពាន់៧រយលានដុល្លារ៕