នាឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃចូលឆ្នាំថ្មី ចូលឆ្នាំសកល ឆ្នាំ២០២៥ លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា, និយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងដៃគូសហការ អាជីវកម្ម និងអតិថិជនជាទីគោរពស្រឡាញ់ទាំងអស់របស់អេស៊ីលីដា។
អស់រយៈពេលជាងបី ទសវត្សរ៍មកហើយ ដែលធនាគារអេស៊ីលីដា បានរួមចំណែកយ៉ាងផុសផុលក្នុងការផ្ដល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបទាន់សម័យកាល ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់រួមទាំងការចូលរួមនៅក្នុងកិច្ចការសង្គមនានាផងដែរ។
លោកស្រី សុខ សោភា មានប្រសាសន៍បន្ថែមទៀតថា «ស្របតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា តែងបន្ដលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញនវានវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអភិវឌ្ឍផលិតផល-សេវាកម្មធនាគារ ដើម្បីបំពេញតម្រូវការនិង បម្រើជូនអតិថិជន-សាធារណជន ឲ្យកាន់តែមានភាពងាយស្រួល និងកក់ក្តៅបំផុត ។ នៅឆ្នំាថ្មីនេះ ធនាគារអេស៊ីលីដា អភិវឌ្ឃ អេបអេស៊ីលីដា ឲ្យក្លាយជា អេស៊ីលីដា ស៊ូភើអេប (ACLEDA Super App) សេវាទាំងអស់ស្ថិតក្នុងដៃលោកអ្នក (All-In Services in One Hand) ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដៃគូអាជីវកម្ម នាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងការបង្ហាញពីការប្តេជ្ញាចិត្តបន្ដការអភិវឌ្ឍប្រតិបត្តិការកាន់តែប្រសើរឡើងនៅឆ្នាំថ្មីនេះ លោកស្រី សុខ សោភា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ដែលបានបំពេញការងារប្រកបដោយថាមវន្ដ ប្រាជ្ញាឈ្លាសវៃ និងការទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារកិច្ច ស្របតាមទស្សនៈ និងបេសកកម្ម និងគតិពេចន៍របស់ធនាគារអេស៊ីលីដា ដោយទទួលបាននូវសមិទ្ធផលការងារតាមការរំពឹងទុក៕