ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីការទូត តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ ដើម្បីអបអរសាទរ និងជាសក្ខីភាព នៃភាពជាដៃគូ ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ជាសកលរយៈពេលបួនទសវត្សរ៍របស់ក្រុមហ៊ុន International SOS ក្នុងសេវាកម្មវេជ្ជសាស្ត្រ និងសន្តិសុខ ជាមួយនឹងភាពជាអ្នកដឹកនាំក្នុងស្រុកយ៉ាងស៊ីជម្រៅរបស់ក្រុមហ៊ុន WorldBridge Group ដែលកំពុងប្រតិបត្តិការពហុធុរកិច្ច ក្នុងវិស័យចម្រុះនៅកម្ពុជា។
ពិធីនេះត្រូវបានអញ្ជើញជាអធិបតីដោយ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសបារាំង និងកម្ពុជា។ លើសីពីនេះ វត្តមានរបស់ ឯកឧត្តម Olivier បានសបញ្ជាក់ ពីសារៈសំខាន់នៃក្រុមហ៊ុន International SOS ដែលជាក្រុមហ៊ុនមានប្រភពដើមពីប្រទេសបារាំង ហើយកំពុងតែបង្កើនការប្តេជ្ញាចិត្តដ៏មុតមាំបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់ជាប្រវត្តិសាស្រ្ត ជាមួយក្រុមហ៊ុនដ៏ធំនៅក្នុងស្រុក WorldBridge Group។
កម្មវិធីផ្លូវការបានចាប់ផ្តើមជាមួយនឹងការបង្ហាញបទបង្ហាញអំពីបេសកកម្មជាសកល និងសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន International SOS ព្រមទាំងមតិស្វាគមន៍បើកកម្មវិធីពីសំណាក់លោក Laurent Sabourin នាយកគ្រប់គ្រងក្រុមប្រឹក្សាភិបាល (Group Managing Director) នៃក្រុមហ៊ុន International SOS ដែលបានលើកឡើងពីហេតុផលយុទ្ធសាស្ត្រសម្រាប់ការបង្កើតការសហការនេះ និងមហិច្ឆតាក្នុងការផ្លាស់ប្តូរការផ្តល់សេវាសុខភាព សន្តិសុខ និងសេវាផ្គត់ផ្គង់វេជ្ជសាស្ត្រនៅទូទាំងតំបន់។
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានថ្លែងថា ការសហការនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការដ៏សំខាន់របស់ប្រទេសកម្ពុជាសម្រាប់សន្តិសុខសុខភាព ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងពន្លឿនដំណើររបស់ខ្លួនឆ្ពោះទៅរកការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។
ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានគូសបញ្ជាក់ពីសសរស្តម្ភស្នូលមួយចំនួន ដែលនាំឱ្យកិច្ចសហការនឹងនាំយកមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា រួមមាន៖ ការជួយសង្គ្រោះតាមស្តង់ដារអន្តរជាតិ (International Standard Assistance)
ជាបណ្តាញជំនួយវេជ្ជសាស្ត្រសកល ២៤ម៉ោង/៧ថ្ងៃ ដែលផ្តល់ឱ្យអាជីវកម្មក្នុងស្រុកនូវការទទួលបានដោយផ្ទាល់នូវដំបូន្មានព្យាបាលឈានមុខគេលើពិភពលោក និងការសម្របសម្រួលសង្គ្រោះបន្ទាន់ ដែលពីមុនមានផ្តល់ជូនតែនៅក្នុងមជ្ឈមណ្ឌលសកលធំៗប៉ុណ្ណោះ។ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Resilience) ដោយដោះស្រាយនូវអ្វីដែលអ្នកឧកញ៉ាបានពិពណ៌នាថាជា "ភស្តុភារកម្មនៃសុខភាព" តាមរយៈបណ្តាញលទ្ធកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់សម្រាប់ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។
ការច្នៃប្រឌិតសុខភាពឌីជីថល (Digital Health Innovation) ដោយរួមបញ្ចូលការត្រួតពិនិត្យហានិភ័យសុខភាពកម្រិតខ្ពស់ និងឧបករណ៍ឌីជីថល ដើម្បីជួយដល់ស្ថាប័ននានាក្នុងការព្យាករណ៍ និងការពារវិបត្តិសុខភាពមុនពេលវាកើតឡើង ដែលជាការឈានទៅមុខលើសពីការព្យាបាលពេលមានជំងឺ មកជាការការពារ និងគ្រប់គ្រងសុខភាពទុកជាមុនវិញ។
នៅក្នុងសុន្ទរកថារបស់អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា « យើងចាត់ទុកការសហការនេះជាការគាំទ្រដោយផ្ទាល់ដល់គោលដៅរបស់ក្រសួងសុខាភិបាល។ យើងប្តេជ្ញាចិត្តដើរតួជាស្ពានចម្លងមួយ ដើម្បីផ្សាភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់វិស័យឯកជន និងជំនាញកម្រិតសកល » ។
ឯកឧត្តម Olivier Richard ក្នុងនាមជាភ្ញៀវកិត្តិយសបានថ្លែងសុន្ទរកថា គន្លឹះសម្តែងនូវការគាំទ្រយ៉ាងខ្លាំងរបស់ប្រទេសបារាំងចំពោះភាពជាដៃគូអន្តរជាតិ ដែលលើកកម្ពស់ស្តង់ដារសេវាថែទាំសុខភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះស្ថាប័នទាំងពីរ ដែលមានចក្ខុវិស័យរួមគ្នាក្នុងការនាំយកសក្តានុពលនេះមកកាន់ប្រទេសកម្ពុជា។
តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន International SOS និង WorldBridge Group នឹងផ្តល់នូវកញ្ចប់សេវាកម្មរួមបញ្ចូលគ្នាដល់ក្រុមហ៊ុនពហុជាតិ ស្ថានប័នការទូត ស្ថាប័នអន្តរជាតិ និងអតិថិជនឯកជនលំដាប់ជាន់ខ្ពស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញជាសកលនៃអ្នកជំនាញវេជ្ជសាស្ត្រ អ្នកជំនាញសន្តិសុខ និងប្រព័ន្ធបច្ចេកវិទ្យាសុខភាពឌីជីថលរបស់ក្រុមហ៊ុន International SOS ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ទំនាក់ទំនង និងជំនាញប្រតិបត្តិការដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន WorldBridge Group។
បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះបានបញ្ចប់ ភ្ញៀវកិត្តិយសទាំងអស់ក៏បានសំណេះសំណាលទាក់ទងផ្ទាល់ជាមួយក្រុមការងារ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ ការសហការនេះតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងមានភាពធន់ជាងមុន ព្រមទាំងធានាថា សន្តិសុខសុខភាពលំដាប់ពិភពលោកត្រូវបានផ្តល់ជូនដល់អាជីវកម្ម និងប្រជាជនដែលចាត់ទុកព្រះរាជាណាចក្រកម្ពុជាជាផ្ទះរបស់ពួកគេ។