បើតាមលោកបណ្ឌិត អុិន ចាន់នី អាជីវកម្មរបស់អេស៊ីលីដាដែលកំពុងដំណើរការសព្វថ្ងៃ នៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រតិបត្តិការឥណទានដល់អតិថិជនជាង១០ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ ៤២ លានដុល្លារអាមេរិក។ ដោយឡែក ប្រាក់បញ្ញើសរុបវិញ មានតែជាង ៦ លានដុល្លារប៉ុណ្ណោះ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី១កុម្ភៈ អេស៊ីលីដាបន្តបើកទ្វារដំណើរការធម្មតា និងមិនមានអតិថិជនមកដកប្រាក់ច្រើនដូចធនាគារផ្សេងៗ នៅមីយ៉ាន់ម៉ា ដូចដែលសារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយនោះទេ ព្រោះអេស៊ីលីដាប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់លើការផ្តល់ឥណទាន ខណៈប្រាក់បញ្ញើមានតិចតួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា អេស៊ីលីដាបានផ្តើមធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីឆ្នាំ២០១៣មក ជាមួយនឹងសាខាជាង១០សាខាដែលភាគច្រើនស្ថិតក្នុងទីក្រុង Yangon៕