
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានចាត់ទុកការបោះផ្សាយលក់មូលបត្របំណុលបន្ថែមលើមូលបត្រកម្មសិទ្ធិនេះ គឺកើតចេញពីលទ្ធផលជោគជ័យដែលទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិន ខណៈថ្នាក់ដឹកនាំពាក់ព័ន្ធនឹងវិស័យមូលបត្រជឿជាក់ថា ការចុះបញ្ជីនៅពេលនេះ គឺជាជោគជ័យមួយដែលបញ្ជាក់ពីការយល់ដឹងរបស់វិនិយោគិនចំពោះផ្សារមូលបត្រ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំក្នុងទំហំ១០០លានដុល្លារលើកទី១នេះ បានកើតចេញពីលទ្ធផលជោគជ័យដែលទទួលបានទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិនលើសពីការរំពឹងទុក។ ថ្នាក់ដឹកនាំរូបនេះបានចាត់ទុកការបោះផ្សាយលក់មូលបត្របំណុលនេះ ជាការផ្តល់ជម្រើសមួយទៀតសម្រាប់អ្នកវិនិយោគ បន្ថែមពីលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន។ បន្ថែមលើនេះ ការបោះផ្សាយលក់មូលបត្របំណុលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរុញកំណើនដល់ការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា និងជាយន្តការថ្មីសម្រាប់កៀរគរប្រភពទុនក្នុងស្រុកសម្រាប់គាំទ្រអតិថិជនក្នុងស្រុក និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម។
ជាមួយគ្នានេះឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំរបស់ធនាគារ អេស៊ីលីដា នេះ គឺជាជំហានថ្មី ដែលបានបង្ហាញឱ្យឃើញពីធនាគារ មានប្រភពទុនមិនចេះរីងស្ងួត ខណៈកន្លងមកផ្សារមូលបត្រកម្ពុជាពុំទាន់កៀរគរការវិនិយោគឱ្យអស់លទ្ធភាពនៅឡើយទេ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានចាត់ទុកការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលរបស់ធនាគារ អេស៊ីលីដា គឺជាជោគជ័យមួយដែលបញ្ជាក់ពីការយល់ដឹងរបស់វិនិយោគិនចំពោះទីផ្សារភាគហ៊ុន។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំរូបនេះរំពឹងថា ការចុះបញ្ជីរបស់ក្រុមហ៊ុននៅផ្សារមូលបត្រកម្ពុជា នឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។
ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើវិស័យមូលបត្រតាមរយៈការជំរុញនវានុវត្តន៍ហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សំដៅគ្រាំទ្រការវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៣%នៅក្នុងឆ្នាំ២០២៥ នេះ។
សូមបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំក្នុងទំហំ១០០លានដុល្លារលើកទី១របស់ធនាគារ អេស៊ីលីដា នេះ មានរយៈពេល៧ឆ្នាំ និងផ្ដល់អត្រាការប្រាក់៨,៥% ក្នុង១ឆ្នាំ ដែលត្រូវបង់ជាត្រីមាសដល់វិនិយោគិន។ មូលបត្រនេះត្រូវបានបោះផ្សាយសម្រាប់តែវិនិយោគិនគុណវុឌ្ឍិប៉ុណ្ណោះ ពោលគឺមិនបានបោះផ្សាយជាសាធារណៈនោះទេ។ ការបោះផ្សាយលើកទី១ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មានទំហំប្រមាណជាង៨៥លានដុល្លារ ក្នុងនោះមានវិនិយោគទុនចូលរួមសរុប៤០នាក់ និងស្ថាប័ន ខណៈសញ្ញាបណ្ណដែលនៅសល់មានទំហំជាង១៤លានដុល្លារ នឹងត្រូវបោះផ្សាយនៅថ្ងៃទី៣ ខែមីនា ខាងមុខ៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន