ប្រាក់ចំណេញរបស់អេស៊ីលីដាសម្រេចបាន ១៨១លានដុល្លារ

ប្រាក់ចំណេញរបស់អេស៊ីលីដាសម្រេចបាន ១៨១លានដុល្លារនៅឆ្នាំ២០២២ ដោយសារកត្តាកត្តាអ្វីខ្លះ?


ភាពល្អដ៏ល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជាក្រោយការបើកប្រទេសឡើងវិញពីវិបត្តិកូវីដ១៩ បានជំរុញឲ្យការធ្វើប្រតិបត្តិការក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ កាន់តែល្អប្រសើរ។ ជាក់ស្តែងធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជដ៏ធំមួយនៅកម្ពុជាទទួលបានប្រាក់ចំណេញជាង ១៨១លានដុល្លារកាលពីឆ្នាំ២០២២ កើនឡើងជាង ៩% បើធៀបនឹងឆ្នាំ២០២១។
ធនាគារ អេស៊ីលីដា

ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អះអាងថា កត្តាដែលជំរុញឲ្យប្រាក់ចំណេញរបស់អេស៊ីលីដាមានការកើនឡើង គឺបន្ទាប់ពីអេស៊ីលីដាទទួលបានជោគជ័យក្នុងការបង្កើនសមត្ថភាពស្នូលរបស់ខ្លួន គួបផ្សំការធ្វើឲ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការឲ្យស្របតាមតម្រូវការរបស់អតិថិជន និងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។

ទោះបីសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាបន្តរងនូវការគំរាមកំហែងពីវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការថមថយសេដ្ឋកិច្ចរបស់ចិនក៏ដោយ តែវាមិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើប្រតិបត្តិការរបស់ អេស៊ីលីដានោះទេ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា នៅឆ្នាំ២០២២ កន្លងទៅ ធនាគារនេះ ទទួលបានប្រាក់ចំណេញជាង១៨១លានដុល្លារកើនឡើងជាង៩% បើធៀបនឹងឆ្នាំ២០២១។

គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា មានសមតុល្យឥណទានជាង ៦ ៤២០លានដុល្លារអាមេរិក មានការកើនឡើងជាង១៨% បើប្រៀបធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យឥណទានជាង ៥ ៤៣០លានដុល្លារអាមេរិក និងប្រាក់បញ្ញើ-សន្សំមានសមតុល្យប្រមាណ៦ ៣៩០លានដុល្លារអាមេរិក មានការកើនឡើង ជិត១២% បើប្រៀបធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានប្រមាណ ៥ ៧២០លានដុល្លារអាមេរិក។

ការកើនឡើងប្រាក់ចំណេញនេះត្រូវបានថ្នាក់ដឹកនាំរូបនេះអះអាងថា គឺដោយសារនៅក្នុងឆ្នាំ២០២២ ធនាគារបានបង្កើនសមត្ថភាពប្រព័ន្ធធនាគារស្នូលដោយជោគជ័យ និងបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើនលើអេស៊ីលីដាម៉ូបាល ឃ្យូអរកូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត ស្របតាមតម្រូវការរបស់អតិថិជន និងវិវឌ្ឍនាការបច្ចេកវិទ្យាឌីជីថល។

តាមរយៈសមិទ្ធផលដែលសម្រេចបាននៅឆ្នាំ២០២២ និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឥតឈប់ឈរ និងការពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិជាបន្តបន្ទាប់កន្លងមកធ្វើឲ្យលោកស្រី ម៉ារ អមរា ជឿជាក់ថា ធនាគារ អេស៊ីលីដានឹងនៅតែបន្តទទួលបានប្រាក់ចំណេញបន្ថែមទៀតនៅឆ្នាំ២០២៣ នេះ។ ជាមួយគ្នានេះ អេស៊ីលីដា បានដាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីរួមចំណែកជួយធ្វើឲ្យប្រតិបត្តិការកាន់តែល្អប្រសើរ និងជំរុញកំណើនប្រាក់ចំណេញនៅឆ្នាំនេះ។ ផែនការទាំងនោះរួមមានបន្តជំរុញកំណើនប្រាក់កម្ចី និងបន្តទៅមុខក្នុងទីផ្សារប្រកួតប្រជែងខ្លាំង ដើម្បីបង្កើនឱកាសនៃការផ្តល់ប្រាក់កម្ចី និងការរក្សាអតិថិជន, ពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅ និងភ្ជាប់សេវា អេស៊ីលីដាម៉ូបាល ជាមួយអតិថិជនឥណទាន, ផ្តល់នូវរយៈពេលនៃសេវាកម្មដែលអាចបត់បែនបាន និងដំណើរការលឿន រហ័ស សម្រាប់អតិថិជនគ្រប់កម្រិត, បន្តលើកទឹកចិត្តអតិថិជនឱ្យផ្លាស់ប្តូរឥរិយាបថនៃការទូទាត់ដោយប្រើ QR ឬKHQR, និងពង្រីកការទូទាត់ឆ្លងព្រំដែនជាមួយប្រទេសសមាជិកអាស៊ាន និងបន្តអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវសេវាឌីជីថលជាដើម។

នៅឆ្នាំ២០២២ អេស៊ីលីដាបានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិនៅទូទាំងប្រទេសបានចំនួន១២៥ទីតាំងបន្ថែមលើសាខាធនាគារទាំង២៦៤សាខា ក្នុងនោះរាជធានីភ្នំពេញមាន៥១ទីតាំង និងតាមបណ្តាខេត្ត៧៤ទីតាំង។ បន្ថែមលើនេះ អេស៊ីលីដា បានបំពាក់ម៉ាស៊ីនអេធីអឹមបានចំនួន១.១៤០គ្រឿង ម៉ាស៊ីនឆូតកាតចំនួន៤.៣៥៨គ្រឿង និងឃ្យូអរកូដតាមសំណើសុំរបស់អតិថិជនសម្រាប់ធ្វើប្រតិបត្តិការផ្ទេរ និងទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានានៅទូទាំងប្រទេស ដែលគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ ធនាគារ មានដៃគូអាជីវកម្មសរុប២៤០ពាន់កន្លែង និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួន២,៦១លាននាក់។

យ៉ាណាក៏ដោយចុះ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបង្ហាញពីក្ដីបារម្ភអំពីបរិការណ៍មិនច្បាស់លាស់របស់ពិភពលោកបច្ចុប្បនន្ននេះ។ អ្នកជំនាញ កត់សម្គាល់ឃើញថា សេដ្ឋកិច្ចពិភពលោកបានបានប្រឈមនឹងបញ្ហាធ្ងន់ធ្ងរចាប់តាំងពីដើមឆ្នាំ២០២២ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការចំណាយប្រចាំថ្ងៃមានការកើនឡើងខ្ពស់ដោយសារសម្ពាធអតិផរណានៅតែបន្តមាន និងកាន់តែរីករាលដាលធំឡើង និងការថមថយកំណើនសេដ្ឋកិច្ចចិន។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាបានបង្ហាញសន្ទុះវិជ្ជមានឡើងវិញ ដែលគាំទ្រដោយកំណើនសកម្មភាពពាណិជ្ជកម្ម ជាពិសេសកំណើនការនាំចេញក្នុងវិស័យផលិតកម្ម និងកសិកម្មព្រមទាំងបានស្ទុះងើបឡើងវិញនូវបរិយាកាសវិនិយោគ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការងើបឡើងនូវវិស័យទេសចរណ៍បន្តិចម្តងៗ។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងត្រឡប់ទៅរកកម្រិតធម្មតាដូចមុនកូវីដ-១៩ នាឆ្នាំ២០២៣-២០២៤ ក្រោយរំពឹងទុកនូវកំណើនយ៉ាងខ្លាំងនៃវិស័យផលិតកម្ម កសិកម្ម និងការងើបឡើងវិញនៃវិស័យទេសចរណ៍បន្តិចម្តងៗ៕




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងត្រូវមានភាពបត់បែនយ៉ាងណា ខណៈស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់បែបនេះ?

ព័ត៌មាន
វិស័យធានារ៉ាប់រង គឺជាផ្នែកមួយនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដែលបានដើរតួនាទីក្នុងការដើរកៀរគរទុនដែលលើស ទៅចាក់បញ្ចូលទៅវិនិយោគនៅក្នុងវិស័យផ្…

ធនាគារជាតិ និងក្រសួងអប់រំ រួមគ្នាដាក់សាកល្បងអក្ខរកម្មហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ដើម្បីជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព័ត៌មាន
ដោយមើលឃើញពីសារៈសំខាន់ផ្នែកហិរញ្ញវត្ថុ នៅក្នុងការអភិវឌ្ឍសង្គមជាតិ ធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលអក្ខរកម្មហិរញ្ញវត្ថុចូលក្នុងកម្មវិធីសិក្សាចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ