វិស័យអចលនទ្រព្យ

ហានិភ័យធំៗ៤ ដែលវិស័យអចលនទ្រព្យថៃ ងាយរងគ្រោះនៅឆ្នាំក្រោយ ដែលកម្ពុជាមិនគួរមើលរំលេង


ក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍មួយបានព្យាករថា មានកត្តាចំនួន៤ អាចនឹងជះផលប៉ះពាល់ជាអវិជ្ជមានមកលើវិស័យអចលនទ្រព្យនៅប្រទេសថៃ ក្នុងឆ្នាំ២០២៤ រួមមាន អត្រាការប្រាក់ ថ្លៃកម្លាំងពលកម្ម ការចំណាយ និងធនាគារ។ ដើម្បីបញ្ចៀសហានិភ័យទាំងនេះ ជាពិសេសក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្នុងនាមជាប្រទេសជាប់ភូមិផងរបងជាមួយថៃ មិនគួរមើលរំលងចំណុចទាំងអស់នេះនោះទេ។
វិស័យអចលនទ្រព្យ
ដោយ

យោងតាមលោក ប្រាប៉ានសាក់ រ៉ាក់ឆៃយ៉ាវ៉ាន់ (Prapansak Rakchaiyawan) នាយកគ្រប់គ្រងក្រុមហ៊ុន LWS Wisdom and Solutions ដែលជាបុត្រសម្ព័ន្ធស្រាវជ្រាវ និងអភិវឌ្ឍន៍អចលនទ្រព្យនៃក្រុមហ៊ុន LPN Group បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ អត្រាច្រានចោលសំណើប្រាក់កម្ចីទិញផ្ទះត្រូវបានរំពឹងថា នឹងកើនឡើងចន្លោះពី៦០% ទៅ៦៥% ដែលកត្តានេះវាអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសលើវិស័យលំនៅឋាននេះតែម្តង។ យ៉ាងណាមិញអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ វាយតម្លៃថា វិស័យអចលនទ្រព្យនៅប្រទេសថៃ នៅឆ្នាំ២០២៤ នឹងបន្តជួបប្រឈមនឹងហានិភ័យសំខាន់ៗចំនួន៤ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដោះស្រាយពីភាគីពាក់ព័ន្ធ។

ហានិភ័យទាំងនោះ រួមមានទី១ គឺអត្រាការប្រាក់៖ អត្រាការប្រាក់ទំនងជានៅតែស្ថិតក្នុងកម្រិតខ្ពស់ និងជះផលប៉ះពាល់ដោយផ្ទាល់ទៅលើការចំណាយហិរញ្ញវត្ថុរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកទិញផ្ទះ ដែលនឹងជំរុញឱ្យការចំណាយលើការអភិវឌ្ឍគម្រោង និងការទិញលំនៅឋានកើនឡើង ។ ហានិភ័យទី២ គឺការដំឡើងប្រាក់ឈ្នួលអប្បបរមា៖ ប្រសិនបើគោលនយោបាយរបស់រដ្ឋាភិបាលថ្មីក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យឈានដល់៤០០បាត ឬជាង១១ដុល្លារក្នុងមួយថ្ងៃចូលជាធរមាននៅឆ្នាំ២០២៤ វានឹងជះផលប៉ះពាល់ផ្ទាល់មកលើការចំណាយប្រតិបត្តិការរបស់បណ្ដាក្រុមហ៊ុនប្រតិបត្តិករអចលនទ្រព្យ ហើយវានឹងក្លាយជាកត្តាមួយដែលជំរុញឱ្យតម្លៃផ្ទះកើនឡើង។

ចំណែកហានិភ័យទី៣ គឺការចំណាយកើនឡើង៖ បន្ទាប់ពីតម្លៃថាមពលហក់ឡើង តម្លៃសម្ភារសំណង់ ក៏ទំនងជាហក់ឡើងដែរ ហើយជាលទ្ធផលនឹងធ្វើឱ្យថ្លៃដើម នៃការសាងសង់ និងតម្លៃផ្ទះកើនឡើង និងហានិភ័យទី៤ គឺធនាគារ៖ ដោយសារស្ថាប័នហិរញ្ញវត្ថុនានាអនុវត្តការវាយតម្លៃយ៉ាងតឹងរ៉ឹងនៅក្នុងការអនុម័តកម្ចីទិញផ្ទះ វានឹងជះផលប៉ះពាល់ផ្ទាល់ទៅលើកម្លាំងទិញ (Purchasing Power) នៅក្នុងទីផ្សារ ។

នៅក្នុងឆ្នាំ២០២៣ នេះ អត្រាច្រានចោលសំណើកម្ចីទិញផ្ទះនៅថៃ មានចន្លោះពី៦០% ទៅ ៦៥% នៃពាក្យស្នើសុំការអនុម័តប្រាក់កម្ចីសរុប។ នៅឆ្នាំ២០២៤ ធនាគារកណ្តាលថៃ នឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងសម្រាប់ការពិចារណាលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុនានា ដោយសារតែបន្ទុកបំណុលគ្រួសារកើនឡើងខ្ពស់ ខណៈអត្រាកម្ចីទិញផ្ទះ ដែលមិនដំណើរការ(ខូច)នៅតែមានកម្រិតខ្ពស់ បើធៀបនឹងប្រភេទកម្ចីផ្ទាល់ខ្លួនផ្សេងៗទៀត។

លោក ប្រាប៉ានសាក់ បានបន្តថា កត្តានេះនឹងជះផលប៉ះពាល់ផ្ទាល់ទៅលើកម្លាំងទិញលំនៅឋានក្នុងទីផ្សារ ជាពិសេសលំនៅឋានដែលមានតម្លៃទាបជាង៣លានបាតឬប្រមាណ៨ម៉ឺន៦ពាន់ដុល្លារក្នុងមួយយូនីត។ ដោយសារកត្តាហានិភ័យអាជីវកម្មទាំងនេះ បានធ្វើឱ្យក្រុមហ៊ុន LWS Wisdom and Solutions ជំរុញឱ្យអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យកែតម្រូវយុទ្ធសាស្រ្តលក់របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកលក់លំនៅឋាន ជំនួសឱ្យការដើរតួជាអ្នកប្រឹក្សាហិរញ្ញវត្ថុសម្រាប់អ្នកស្វែងរកទិញផ្ទះសម្រាប់រស់នៅ ឬទិញទុកវិនិយោគ។

លោក ប្រាប៉ានសាក់ ថ្លែងថា វិស័យអចលនទ្រព្យគួរតែផ្ដោតលើការផ្ដល់ប្រឹក្សាអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុជូនអតិថិជន ដើម្បីធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានលក្ខណៈសមស្រប ដែលបណ្ដាស្ថាប័នហិរញ្ញវត្ថុអាចទទួលយកទៅពិចារណា។ ការផ្ដល់ប្រឹក្សានេះពិតជាមានសារប្រយោជន៍ណាស់សម្រាប់អតិថិជនដែលធ្វើការឱ្យខ្លួនឯងដែលជារឿយៗត្រូវបានស្ថាប័នហិរញ្ញវត្ថុច្រានចោលនៅពេលស្នើកម្ចី ដោយសារពួកគេគ្មានមូលដ្ឋានប្រាក់ចំណូលច្បាស់លាស់ដូចជាប្រាក់ខែជាដើម។

លោក ប្រាប៉ានសាក់ បានកត់សម្គាល់ថា ប្រសិនបើបណ្ដាក្រុមហ៊ុនអចលនទ្រព្យអាចសហការជាមួយស្ថាប័នហិរញ្ញវត្ថុ និងផ្តល់ប្រឹក្សាជូនអតិថិជនអំពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ពួកគេនឹងអាចកាត់បន្ថយហានិភ័យជុំវិញស្ថាប័នហិរញ្ញវត្ថុច្រានចោលសំណើកម្ចី៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យធនាគារដើរតួនាទីសំខាន់យ៉ាងណាក្នុងការជួយទាក់ទាញវិនិយោគិន និងការធ្វើពាណិជ្ជកម្ម?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រៀបដូចជាបេះដូងក្នុងការជួយទ្រទ្រង់ដំណើរការ និងអភិវឌ្ឍន៍សេដ្…

គណៈរដ្ឋមន្ត្រីថៃ អនុម័តកម្មវិធីជំនួយសម្រាប់សម្រួលបញ្ហាបំណុលដល់អាជីវកម្មខ្នាតតូច

ព័ត៌មាន
គណៈរដ្ឋមន្រ្តីថៃ បានអនុម័តកម្មវិធីជំនួយមួយចំនួនសម្រាប់ជួយសម្រួលបញ្ហាបំណុលដល់អាជីវកម្មខ្នាតតូចក្នុងប្រទេស ស្របពេលដែលមជ្ឈមណ្ឌលសា្រវជ្រាវកសិករ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ