ឥណទានមិនដំណើរការ

ឥណទានមិនដំណើរការកើនឡើង ក្រោយផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះ


ក្រោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះដោយសារកូវីដ-១៩ កាលពីពាក់កណ្តាលឆ្នាំ២០២២មក ចំនួនឥណទានមិនដំណើរការមានការកើនឡើងគួរឲ្យកត់សម្គាល់នៅចុងឆ្នាំ២០២២។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា កម្រិតឥណទានមិនដំណើរការក្នុងវិស័យហិរញ្ញវត្ថុបានកើនឡើងពីជាង២%ទៅជាង៣%កាលពីឆ្នាំ២០២២។ តែយ៉ាងណាការកើនឡើងកម្រិតឥណទានមិនដំណើរការនេះស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។
ឥណទានមិនដំណើរការកើនឡើង ក្រោយផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះ

ជាមួយគ្នានេះ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ឥណទានមិនដំណើរការរបស់ធនាគារនេះកាលពីឆ្នាំ២០២២ ក៏មានការកើនឡើងពីជិត២% ទៅជាង២% ផងដែរ។ នៅឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានរៀបចំឥណទានឡើងវិញជូនអតិជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ បានជាង៧ពាន់នាក់ជាមួយទំហំទឹកប្រាក់ជាង២០០លានដុល្លារ ធ្លាក់ចុះ៥១% បើធៀបនឹងដំណាច់ឆ្នាំ២០២១។

លោក ផល វ៉ាន់ឌី អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកត់សម្គាល់ឃើញថា ក្រោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអតិថិជន ដែលរងគ្រោះដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យឥណទានមិនដំណើរការក្នុងវិស័យហិរញ្ញវត្ថុទាំងមូលកើនពីជាង២% ទៅជាង៣%នៅឆ្នាំ២០២២។ ទោះយ៉ាងណាថ្នាក់ដឹកនាំសមាគមរូបនេះអះអាងថា ការកើនឡើងកម្រិតឥណទានមិនដំណើរការនេះស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រង។ សម្រាប់លោក ផល វ៉ាន់ឌី ដើម្បីកាត់បន្ថយហានិភ័យ និងពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំក្រោយការផ្អាកយន្តការរៀបចំឥណទានឡើងវិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ ត្រូវបង្កើនការអនុវត្តវិធានការប្រុងប្រយ័ត្នឲ្យបានម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត។

ជាមួយគ្នានេះលោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ឥណទានមិនដំណើរការក្នុងចំណោមឥណទានសរុបរបស់ធនាគារ អេស៊ីលីដា នៅឆ្នាំ២០២២ មានចំនួន ២,៥% កើនឡើងជិត១% បើធៀបនឹងឆ្នាំ២០២១ ដែលមាន១,៩៩%។ គិតត្រឹមដំណាច់ឆ្នាំ២០២២ ធនាគារនេះបានរៀបចំឥណទានឡើងវិញជូនអតិថិជនដែលរងផលប៉ះពាល់ដោយការរីករាលនៃជំងឺកូវីដ-១៩ បានជាង៧ពាន់នាក់ជាមួយទំហំទឹកប្រាក់ ២០៦លានដុល្លារអាមេរិកធ្លាក់ចុះ៥១% បើធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានចំនួនអតិថិជនប្រមាណ១៣ពាន់នាក់ ដែលមានទឹកប្រាក់រហូតដល់៤២០លានដុល្លារអាមេរិក។

បើតាមការគូសបញ្ជាក់របស់លោកស្រី ម៉ារ អមរា នៅឆ្នាំ២០២២ ធនាគារ អេស៊ីលីដា សម្រេចបានលទ្ធផលជាវិជ្ជមាន ដែលក្នុងនោះមានអតិថិជនចំនួន៤១ម៉ឺននាក់កំពុងប្រើប្រាស់សេវាឥណទាន ដែលមានសមតុល្យជិត៦ពាន់៣រយលានដុល្លារអាមេរិកកើនឡើងជាង១៩% បើធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យត្រឹមតែជាង៥ពាន់២រយលានដុល្លារអាមេរិក។ ធនាគារ អេស៊ីលីដា ក៏កំពុងបម្រើសេវាប្រាក់បញ្ញើ-សន្សំជាង៣លាន៥០ម៉ឺនគណនី និងមានសមតុល្យជាង៦ពាន់២រយលានដុល្លារអាមេរិក មានការកើនឡើង១២% បើធៀបនឹងដំណាច់ឆ្នាំ២០២១ ដែលមានសមតុល្យជាង៥ពាន់៥រយលានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើរបស់អេស៊ីលីដា នៅឆ្នាំ២០២៣ នឹងកើនឡើងជាង១០%បន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២។

គួររំលឹកផលដែរថា ក្នុងអំឡុងពេលកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ខ្លាំង ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវគោលនយោបាយដោយតម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់រៀបចំឥណទានឡើងវិញជូនអតិជន ដែលរងគ្រោះដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការដាក់ចេញយន្តការនេះ គឺដើម្បីជួយសម្រាលបន្ទុកការសងប្រាក់របស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការកើនឡើងឥណទានមិនដំណើរការដល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ ក្រោយមកនៅពាក់កណ្តាលឆ្នាំ២០២២ យន្តការនេះត្រូវផ្អាកវិញ ក្រោយផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ មកលើប្រជាពលរដ្ឋមានការថយចុះ៕
អត្ថបទបន្ទាប់


ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារសម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅពាក់កណ្តាលឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា បើទោះបីជាមកដល់ពេលនេះ ល្បឿននៃការបញ្ចេញឥណទាននៃកញ្ចប់ថវិកា ១៥០លានដុល្លារជួយដ…

ជប៉ុនមានមហិច្ឆតាដឹកនាំពិភពលោកលើបណ្តាញអ៊ីនធឺណិត 6G ដោយគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០៣០

ព័ត៌មាន
ប្រទេសជប៉ុនមានមហិច្ឆតា ដឹកនាំពិភពលោកក្នុងវិស័យបច្ចេកវិទ្យាអ៊ីធឺណែតឥតខ្សែ ពិសេសនោះគឺចង់ប្រជែងឱ្យឈ្នះក្រុមហ៊ុនចិន ក្រុមហ៊ុនចិន ដែលជោគជ័យណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ