ធនាគារពិភពលោក បានបញ្ជាក់នៅក្នុង របាយការណ៍សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំខែតុលា ឆ្នាំ ២០២០នេះ ឲ្យបានដឹងថា កំណើននៃការលូតលាស់នៃ GDP របស់ប្រទេសចិន គឺត្រូវបានរុញច្រានដោយ ការចំណាយរបស់រដ្ឋាភិបាលចិន, ការនាំចេញទំនិញ មានភាពរឹងម៉ាំ និងជាពិសេសគឺ អត្រាឆ្លងមេរោគកូវីដ១៩ បានថយចុះតាំងពីខែមីនា មកម្ល៉េះ។
យ៉ាងណាក៏ដោយ ធនាគារពិភពលោក បានបន្ថែមថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើងតែ ០,៩% ក្នុងឆ្នាំ ២០២០នេះ តែវាអាចនឹងងើបឡើងវិញបានល្អជាងនេះ នៅក្នុងឆ្នាំ ២០២១ខាងមុខ រហូតដល់ទៅ ៥% ក្នុងនោះ សេដ្ឋកិច្ចចិន ក៏រំពឹងនឹងកើនឡើងដល់ ៧,៩% ផងដែរ។
ការសន្និដ្ឋានដូចខាងលើនេះ គឺផ្នែកទៅលើការសន្មត់ថា ការលូតលាស់បន្តកើនឡើង ហើយសកម្មភាពនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ ប្រែក្លាយទៅជា ធម្មតាវិញ និងជាពិសេសគឺ ការរកឃើញនូវវ៉ាក់សាំងសម្រាប់មេរោគកូវីដ១៩នេះ។
សូមជម្រាបបន្ថែមថា នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ បញ្ហាចំបងធំមួយទៀតនៅក្នុងតំបន់ ដែលនៅតែរាំងស្ទះដល់ កំណើនសេដ្ឋកិច្ចតំបន់ គឺការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតែស្ថិតក្នុងកម្រិតទាប ដែលបានជះឥទ្ធិពលដល់ ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍៕