ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានដល់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២១


មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ការទូទាត់សងប្រាក់នៅកម្ពុជាជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងនៅឆ្នាំ២០២១ កន្លងទៅ ការទូទាត់ប្រាក់តាមអេឡិចត្រូនិកមានជិត៧រយលានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត ២រយពាន់លានដុល្លារអាមេរិកឯណោះ។
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើរតួនាទីកាន់តែសំខាន់នាអំឡុងពេលផ្ទុះរាតត្បាតកូវីដ១៩!

ធនាគារអេស៊ីលីដា ដែលធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះ។ តួយ៉ាង ការទូទាត់ប្រាក់តាមអេឡិចត្រូនិករបស់ធនាគារនេះ នៅឆ្នាំ២០២១ មានដល់ទៅជាង ៨០លានប្រតិបត្តិការជាមួយទំហំទឹកប្រាក់ជាង ៣៤ពាន់លានដុល្លារអាមេរិក កើនដល់ទៅ ៩០% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា។

ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ។ ជាក់ស្តែង នៅឆ្នាំ២០២១គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមអេឡិចត្រូនិកមានជិត ៧រយលានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់ជិត២រយពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា។

កំណើនទូទាត់ប្រាក់តាមអេឡិចត្រូនិកនេះត្រូវបានលោក អ៊ុក សារ៉ាត កត់សម្គាល់ឃើញថា គឺបន្ទាប់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅមួយរយៈចុងក្រោយនេះ បានវិវត្តទៅរកការទូទាត់ឌីជីថល តាមរយៈការបំពាក់ និងដំឡើងហេដ្ឋារចនាសម្ព័ន្ធ សេវា និងឧបករណ៍ទូទាត់ថ្មីៗ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។ មន្ត្រីជាន់ខ្ពស់រូបនេះសង្កេតឃើញថា ជាមួយភាពរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុបានជំរុញឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនបានដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ឆ្លងដែនតាមមធ្យោបាយឌីជីថល បន្ថែមលើការទូទាត់តាមភ្នាក់ងារ និងបញ្ជរ។  

ពាក់ព័ន្ធការទូទាត់ប្រាក់តាមអេឡិចត្រូនិកនេះដែរ លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅឆ្នាំ២០២១ ធនាគារ អេស៊ីលីដា បានទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំនួន៨៥លានប្រតិបត្តិការ កើនឡើង៦១% ដែលគិតជាសាច់ប្រាក់មានចំនួន ៣៤ពាន់លានដុល្លារអាមេរិកកើនឡើង៩០% បើធៀបនឹងឆ្នាំ២០២០។ ការទូទាត់ប្រាក់តាមអេឡិចត្រូនិករបស់អេស៊ីលីដាបានរួមចំណែកទីផ្សារប្រតិបត្តិការជាង១២% និងទំហំប្រតិបត្តិការជាង ១៧%។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដាបានអះអាងថា អេស៊ីលីដាបានដាក់ចេញយុទ្ធសាស្ត្រមួយចំនួនដើម្បីជំរុញកំណើនការទូទាត់ប្រាក់តាមអេឡិចត្រូនិកនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងនោះ ធនាគារអេស៊ីលីដា នឹងបន្ថែមពហុមុខងារនៅក្នុង អេស៊ីលីដាម៉ូបាល ដើម្បីបង្កើនការប្រើប្រាស់សេវាស្វ័យធនាគារ(self-service banking) និងប្រព័ន្ធទំនាក់ទំនងជាមួយធនាគារ/ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មដែលមានសក្តានុពលទូទាំងប្រទេស, បន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក និងសេវាកម្មសេវាស្វ័យធនាគារនៅក្នុងបណ្តាញប្រតិបត្តិការក្នុងស្រុក និងក្នុងតំបន់។

បន្ថែមលើនេះ ធនាគារអេស៊ីលីដា នឹងសហការជាមួយដៃគូដែលមានសក្តានុពលសម្រាប់ការផ្ទេរមូលនិធិអន្តរជាតិទាំងការផ្ញើ និងទទួលតាមរយៈបណ្តាញអេឡិចត្រូនិក និងឌីជីថល និងការរៀបចំមធ្យោបាយផ្ទេរប្រាក់តាមរយៈកម្មវិធីអេឡិចត្រូនិក ដែលជាការផេ្ទរប្រាក់ពីកាតទៅកាតនៅក្នុងស្រុក និងអន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជាដាក់ចេញគោលនយោបាយ១០ចំណុច ដើម្បីគាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២២

ព័ត៌មាន
នៅឆ្នាំ២០២២ សេដ្ឋកិច្ចសាកលលោក ត្រូវបានគំរាមកំហែងដោយមេរោគបំប្លែងថ្មី អូមីក្រុង ដោយក្នុងនោះ អត្រាកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹ…

តើសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២-២០២៣ មានការប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងវិញយឺតនៅឆ្នាំ ២០២២-២០២៣។ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤ភាគរយនៅឆ្នាំ ២០២២ ដែលជាកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ