ផលិតផលក្នុងស្រុកសរុបរបស់«អាស៊ីដែលកំពុងអភិវឌ្ឍន៍» ត្រូវបានព្យាករថា នឹងកើនឡើង ៤,៨% ទាំងនៅឆ្នាំនេះនិងឆ្នាំបន្ទាប់ទៀតដោយបានកើនឡើងបន្តពីឆ្នាំមុន ដែលមានអត្រា ៤,២%។ នេះបើតាមរបាយការណ៍ «ចក្ខុវិស័យការអភិវឌ្ឍអាស៊ី» របស់ធនាគារអេឌីប៊ីដែលបានចេញផ្សាយនៅថ្ងៃអង្គារទី៤ ខែមេសា។ អាស៊ីកំពុងអភិវឌ្ឍន៍ គឺសំដៅទៅលើប្រទេសជាសមាជិកក្នុងតំបន់អាស៊ីចំនួន ៤៦ ដែលជាសមាជិករបស់ធនាគារអភិវឌ្ឍន៍អាស៊ិ ដោយមិនរាប់បញ្ចូលប្រទេសជប៉ុនឡើយ។
លោក អាល់ប៊ឺត ផាក (Albert Park) ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បាននិយាយនៅក្នុងរបាយការណ៍នោះថា សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី កំពុងបើកដំណើរការឡើងវិញប្រកបដោយថាមពលដ៏គួរឱ្យចាប់អារម្មណ៍។ ការប្រើប្រាស់ឯកជន ការវិនិយោគ និងសេវាកម្មរួមទាំង ទេសចរណ៍កំពុងរស់ឡើងវិញហើយឥឡូវនេះ ក្រោយពីជំងឺកូវីដបានធូរស្បើយកាន់តែច្រើន។
ចិនដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីត្រូវបានគេព្យាករថា នឹងកើនឡើង ៥% នៅឆ្នាំនេះ និងថមថយកំណើនមកនៅ ៤,៥% នៅក្នុងឆ្នាំ២០២៤ ក្រោយពីប្រទេសចិនបានដកយុទ្ធសាស្ត្រសូន្យជំងឺកូវីដរបស់ខ្លួនកាលពីចុងឆ្នាំមុន ជាពេលដែលកំណើនរបស់ប្រទេសនេះ បានធ្លាក់ចុះមកត្រឹម ៣% ហើយការថយចុះនៃសេដ្ឋកិច្ចចិន ក៏បានទាញទម្លាក់កំណើននៅក្នុងតំបន់អាស៊ីផងដែរ។
ធនាគារ ADB បាននិយាយថា ការបើកទ្វារព្រំដែនឡើងវិញរបស់ប្រទេសចិនគឺ«ធ្វើឱ្យទស្សនវិស័យរបស់អាស៊ីបូព៌ាមានពន្លឺបង្កភាពវិជ្ជមានដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យរីកចម្រើនដទៃទៀតនៅផ្នែកផ្សេងៗនៃតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍នេះ។
ទោះយ៉ាងណា ប្រទេសសេដ្ឋកិច្ចនៅអាស៊ីសំខាន់ៗផ្សេងទៀត កំពុងឆ្ពោះទៅរកការធ្លាក់ចុះកំណើន ដែលមួយផ្នែកដោយសារផលប៉ះពាល់នៃការធ្លាក់ចុះជាសកល អតិផរណាកើនខ្ពស់ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់។ អតិផរណាក្នុងតំបន់ដែលបានបង្កើនល្បឿនដល់ ៤,៤% កាលពីឆ្នាំមុននោះ ត្រូវបានរំពឹងថា នឹងធ្លាក់មកនៅកម្រិតជាមធ្យម ៤,២% នៅឆ្នាំនេះ ហើយនឹងបន្តធ្លាក់ថែមទៀតដល់អត្រា ៣,៣% នៅឆ្នាំ២០២៤។
ឥណ្ឌាដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់តំបន់នេះ ត្រូវបានព្យាករថា នឹងកើនឡើង ៦,៤% នៅឆ្នាំនេះ ហើយនៅឆ្នាំបន្ទាប់ទៀតនឹងកើនឡើងដល់ ៦,៧% ហើយប្រទេសអាស៊ីខាងត្បូងមួយនេះត្រូវបានគេប៉ាន់ប្រមាណថា នឹងពង្រីកកំណើន ៦,៨% នៅក្នុងឆ្នាំសារពើពន្ធ២០២២ ដែលបិទបញ្ចប់នៅក្នុងខែមីនា។
យ៉ាងណាក៏ដោយចុះ បើតាមប្រធានធនាគារ ADB លោក ម៉ាសាតស៊ុហ្គុ អាសាកាវ៉ា (Masatsugu Asakawa) បាននិយាយនៅក្នុងរបាយការណ៍ថា ការកើនឡើងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចបណ្តាលឱ្យមានការកើនឡើងជាថ្មីនៃតម្លៃទំនិញបង្កឱ្យមានអតិផរណាជាសកល និងជំរុញឱ្យមានការរឹតបន្តឹងរូបិយវត្ថុថែមទៀត ហើយថា ហានិភ័យពីបំណុល និងអត្រាការប្រាក់កើនខ្ពស់នៅតាមធនាគារមួយចំនួននៅអាមេរិក និងអឺរ៉ុបអាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុនៅអាស៊ី និងតំបន់ប៉ាស៊ីហ្វិកផងដែរ៕