ADB បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចតំបន់អាស៊ីបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺកាត់បន្ថយពីការព្យាករណ៍របស់ខ្លួនកាលពីខែកញ្ញា ៧,១% មកនៅត្រឹម ៧%នៅខែធ្នូនេះ។ ដោយឡែក កំណើនសេដ្ឋកិច្ចតំបន់អាស៊ីសម្រាប់ឆ្នាំក្រោយ ក៏ត្រូវបាន ADB ទម្លាក់ពី ៥,៤% មកនៅ ៥,៣%ផងដែរ។នេះបើតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ីរបស់ADB។
របាយការណ៍ដដែលអះអាងថា ទោះបីនៅមានការរីករាលដាលកូវីដ១៩នៅក្នុងតំបន់ក្ដី ប៉ុន្តែអត្រានៃការចាក់វ៉ាក់សាំង គឺបានវិវត្តទៅមុខគួរឲ្យកត់សម្គាល់។ ប៉ុន្តែ ដោយសារករណីឆ្លងនៅទូទាំងពិភពលោក បន្តកើនឡើង ធនាគារ ADB បារម្ភថា វាអាចជាការគម្រាមកំហែងដល់ការបើកចំហឡើងវិញនៃសេដ្ឋកិច្ចតំបន់អាស៊ី។
ការលើកឡើងបែបនេះ ធ្វើឡើងនៅក្រោយពេលដែលមេរោគកូវីដបំប្លែងខ្លួន អូមីក្រុង ដែលគេជឿថាមានសមត្ថភាពចម្លងលឿននោះ បាននិងកំពុងសាយភាយទៅគ្រប់ច្រកល្ហកក្នុងពិភពលោក រួមមានទាំងប្រទេសនៅតំបន់អាស៊ីផងដែរ។
ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានកាត់បន្ថយកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ានផងដែរ ពោល ADB បានទម្លាក់កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ ពី ៣,១% មកត្រឹម ៣% ខណៈឆ្នាំក្រោយសេដ្ឋកិច្ចនៅអាស៊ានទាំងមូលត្រូវ ADB រំពឹងថា នឹងមានកំណើន ៥,១% កើនឡើងពីការព្យាករលើកមុនដែលមានត្រឹម ៥%។
យ៉ាងណាមិញ គេសង្កេតឃើញប្រទេសពីរនៅអាស៊ាន ដែលត្រូវបាន ADB ចាត់ចូលជាប្រទេសមានកំណើនសេដ្ឋកិច្ចអន់ថយខ្លាំងជាងគេ ហើយថែមទាំងបានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ទៀតផង។ ប្រទេសទាំង២នោះមាន វៀតណាម និង ម៉ាឡេស៊ី ។ ជាក់ស្តែង ADB បានទម្លាក់កំណើនសេដ្ឋកិច្ចវៀតណាមពី៣,៨% មកនៅត្រឹមតែ ២%ប៉ុណ្ណោះក្នុងឆ្នាំ២០២១ ប៉ុន្តែរំពឹងកំណើនខ្ពស់ឡើងវិញ ដល់ទៅ ៦,៥%សម្រាប់ឆ្នាំ២០២២។ ចំណែក ប្រទេសម៉ាឡេស៊ីវិញ ត្រូវបាន ADB រំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២១នេះថា នឹងមានត្រឹម ៣,៨% ខណៈការព្យាករលើកមុនថាមានដល់ ៤,៨%។ ដោយឡែក នៅឆ្នាំ២០២២ សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានរំពឹងថានឹងបន្ដកើនដល់ ៥,៩% ដែលតិចជាងអ្វីដែលបានរំពឹងទុកកាលពីមុន ៦,១%។
សូមជម្រាបថា ADB នៅតែបន្តព្រមានពីហានិភ័យសេដ្ឋកិច្ច ដែលបណ្តាលមកពីការផ្ទុះឆ្លងឡើងវិញនៃមេរោគកូវីដ១៩ដដែល ដោយបានសម្អាងថា ការចាក់វ៉ាក់សាំងនៅក្នុងតំបន់ទាំងមូល នៅមានកម្រិតទាប បើធៀបនឹងតំបន់ដទៃ។ ជាក់ស្តែង នៅអាស៊ីមានអ្នកចាក់វ៉ាក់សាំងបានទាំងពីរដូស ប្រមាណជាង៤៨%នៃពលរដ្ឋសរុបក្នុងតំបន់ប៉ុណ្ណោះ ខណៈតំបន់អឺរ៉ុបទាំងមូលសម្រេចបាន ជាង៦៧%ហើយ៕