វិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ហិរញ្ញប្បទាន ៧៦​លាន​ដុល្លារ ជួយវិស័យកសិកម្មកម្ពុជា


ហិរញ្ញប្បទាន ៧៦ លានដុល្លារអាមេរិក ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប្រើប្រាស់សម្រាប់ជួយគាំទ្រដល់វិស័យកសិកម្មកម្ពុជា តាមរយៈការបង្កើតនូវគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីមួយ ស្ដីអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម។
កសិករ​នៅ​ពោធិ៍សាត់​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ការ​ស្ទូង​ដោយ​ម៉ាស៊ីន ដោយ​ក្រុមហ៊ុន អេហ្រ្គីបាឌី ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កសិកម្ម។
ដោយ

បើតាម​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា គម្រោងនេះ នឹងផ្ដោត​ជាសំខាន់​ក្នុងការ​បំពេញ ​ខ្សែច្រវាក់​តម្លៃ​ផលិតកម្ម និងកសិផល​ដោយ​ចាប់ផ្តើម​ពីចំណុច A ដល់ Z តែម្ដង ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម កាត់បន្ថយ​ឈ្មួញកណ្តាល ពង្រីក និងពង្រឹង​វិស័យ​កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សា​ទុក​ដាក់​ក្នុង​បន្ទប់ត្រជាក់ និងការ​ដឹកជញ្ជូន​ប្រកប​ដោយ​ជំនាញ បច្ចេកទេស និងការធានា​គុណភាព សុវត្តិភាព អនាម័យ និងភូតគាម​អនាម័យ និងជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ផងដែរ ដែល​ក្នុងនោះ ដូចជា ដំឡូង ស្រូវ ស្វាយ និងស្វាយចន្ទី​ជាដើម។

លោក ថេហ្ស៊ី យូអ៊ីដា ប្រធាន​ក្រុម​ការងារ​គម្រោង នៃធនាគារ​អភិវឌ្ឍន៍អាស៊ី បានឲ្យ​ដឹងដែរថា ម្រោងនេះ នឹងគ្រប​ដណ្តប់​លើខេត្ត​គោលដៅ​ចំនួន ៦ មានខេត្ត​ ត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្តឧត្តមានជ័យ។

ក្រៅពីនេះទៀត ឯកឧត្តម វេង សាខុន ក៏បានស្នើឲ្យ ធនាគារ អភិវឌ្ឍន៍អាស៊ី ជួយ​លើក​កម្ពស់​ការកសាង​សមត្ថភាព​របស់​កសិករ សហគមន៍ និងវិស័យ​ឯកជន ដោយផ្តោត​លើការ​កសាង​ភាពជា​ដៃគូ​វាងអ្នកផលិត និងអ្នកកែច្នៃ ដោយអនុវត្ត​តាម​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និងការធ្វើ​ទំនើប​កម្ម​កសិកម្ម​ជាដើម។  

ទាក់ទងនឹងហិរញ្ញប្បទាន​នេះដែរ​ លោក យ៉ង់ ប៉ាក់ នាយក​ក្រុមហ៊ុន អេហ្គ្រីបាឌី ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​កសិកម្ម​នៅ​កម្ពុជា សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នេះ ហើយ​លោក​សង្ឃឹម​​ថា ហិរញ្ញប្បទាន​នេះ​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ចំ​គោលដៅ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក យ៉ង់ ប៉ាក់ ថ្លែង​ដូច្នេះថា ៖ «កន្លងមក យើង​សង្កេត​ឃើញ​ថា កសិករ​ហាក់​ទទួល​ផល​ពី​គម្រោង​ពុំ​សូវ​បាន​ច្រើន​ដូច​តាម​ការ​រំពឹង​ទុក​ឡើយ។ ដូច្នេះ យើងសូម​អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា រិះរក​វិធី ឬ​ប្រព័ន្ធ​ណាមួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​គ្រប់គ្រង​គម្រោង​របស់​ខ្លួន ដែលអាចធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងលទ្ធផលប្រសើរ ជាពិសេស ពិតជាបានផ្ដល់អត្ថប្រយោជន៍ពិតៗ ដល់កសិករនៅមូលដ្ឋាន»។ 

លោក​ យ៉ង់ ប៉ាក់ បន្ថែមថា សព្វថ្ងៃ ក្រុមហ៊ុន​​អេហ្គ្រីបាឌី បាន​​និង​​កំពុង​​ជួយ​សម្របសម្រួលដល់ចង្វាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​ដល់​កសិករ ចាប់តាំងពីទុន ការ​សម្រប​សម្រួល​បច្ចេកទេស រហូត​ដល់​ការ​លក់​ចេញ។ ក្រុមហ៊ុន​​ធ្វើការ​ជាមួយនឹង​កសិករ គ្រឹះស្ថាន​ហិរញ្ញវត្ថុ រោងម៉ាស៊ីនកិនសស្រូវ នៅក្នុងបណ្ដាខេត្តចំនួន ៦  ក្នុងប្រទេសកម្ពុជា ដែលសុទ្ធសឹងជាខេត្តផលិតស្រូវអង្ករធំៗ៕

None



អត្ថបទបន្ទាប់


ប៉េង ហួត បើក​គម្រោង​លំនៅដ្ឋាន​ប្រណីត​​ថ្មី​មួយទៀត លើ​ផ្ទៃដី ៤០ហិកតា នៅតំបន់​ផ្លូវ​៦០​ម៉ែត្រ

ទីក្រុងរណប​ ING City ភាគខាងត្បូង​រាជ​ធានី​ភ្នំពេញ ឬ​គេ​ស្គាល់ថា តំបន់​ផ្លូវ​ ៦០ម៉ែត្រ (មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន) កំពុង​ពន្លឿន​កា…

ក្រុម​ស្រាវជ្រាវ​មួយ​ព្យាករ​​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ​ចុះ

ស្ថាប័ន​ស្រាវជ្រាវ​បរទេស ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ល្បឿន​យឺត​ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ