ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការណ៍មួយថា ចំនួនប្រជាជននៅ ក្នុងភាពក្រីក្រខ្លាំង ដែលត្រូវបានកំណត់ថា ជាអ្នកមានប្រាក់ចំណូលក្រោម ១ដុល្លារ៩០សេនក្នុងមួយថ្ងៃ គឺមានចំនួន ជាង ២៤លាននាក់កាលពីឆ្នាំ២០២១ ឬស្មើនឹង ៣,៧% នៃចំនួនប្រជាជនសរុបចំនួន ៦៥០ លាននាក់នៅអាស៊ីអាគ្នេយ៍។
សូមជម្រាបថា មុនពេលមានជំងឺរាតត្បាត តួលេខសម្រាប់អ្នកដែលមានភាពក្រីក្រខ្លាំងនៅអាស៊ីអាគ្នេយ៍បានធ្លាក់ចុះមកនៅជិត ១៥ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ ២០១៩ដែលជាតួលេខធ្លាក់ចុះពី ១៨ លាននាក់ក្នុងឆ្នាំ ២០១៨ និងធ្លាក់ចុះពីជាង ២១ លាននាក់ក្នុងឆ្នាំ ២០១៧ ។
ប្រធានធនាគារ ADB លោកម៉ាសាសូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) មានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ១៩ បាននាំឱ្យមានភាពអត់ការងារធ្វើ វិសមភាពសង្គមកាន់តែអាក្រក់ឡើង និងការកើនឡើងកម្រិតនៃភាពក្រីក្រ ជាពិសេសក្នុងចំណោមស្ត្រី កម្មករវ័យក្មេង និងមនុស្សចាស់នៅអាស៊ីអាគ្នេយ៍។ ប្រធានធនាគារ ADB រូបនេះក៏បានជំរុញឱ្យរដ្ឋាភិបាលកែលម្អប្រព័ន្ធសុខាភិបាល សម្រួលបទប្បញ្ញត្តិដើម្បីជំរុញការប្រកួតប្រជែងអាជីវកម្ម ការវិនិយោគប្រកបដោយវៃឆ្លាត ហេដ្ឋារចនាសម្ព័ន្ធបៃតង និងទទួលយកបច្ចេកវិទ្យាដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ច។
សូមរំឭកថា ADB ធ្លាប់បានព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២១ ក្នុងរង្វង់ ៣% ។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ ADB បាននិយាយថា ព្យាករណ៍ថានឹងកើនឡើងក្នុងរង្វង់ ៥,១% ប៉ុន្តែ ADB ក៏បានព្រមានដែរថា ប្រសិនបើមេរោគអូមីក្រុងរាលដាលខ្លាំង បង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ និងតម្រូវការ នោះវាអាចនឹងកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ច ០,៨% ។ យ៉ាងណាក៏ដោយចុះ ការព្យាករនេះ នៅមិនទាន់បានគិតគូរពីផលប៉ះពាល់សេដ្ឋកិច្ចនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅឡើយទេ៕
អត្ថបទ ស៊ើង និមល់