នាពីធីបាឋកថាអំពីអត្ថប្រយោជន៍នៃព្រែកជីក ហ្វូណន តេជោ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងប្រាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីពីគម្រោងព្រែកជីក ហ្វូណន តេជោ ថា កុំមានការព្រួយបារម្ភ និងកុំជឿតាមការញុះញង់មួយចំនួន ដែលថា រាជរដ្ឋាភិបាលយកដីធ្លីប្រជាពលរដ្ឋ និងដេញប្រជាពលរដ្ឋចេញដោយមិនមានដំណោះស្រាយ និងផ្តល់សំណងជូនឱ្យសោះ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា មកទល់ពេលនេះរាជរដ្ឋាភិបាលមិនទាន់បានប៉ះពាល់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបានមួយចង្អាមនៅឡើយទេ ពោលគឺបាន និងកំពុងរៀបចំបោះបង្គោលវាស់វែងតែប៉ុណ្ណោះ។ បន្ទាប់ពីវាស់វែងរួចក្រសួងសេដ្ឋកិច្ចនឹងចុះទៅវាយតម្លៃ និងដោះស្រាយផលប៉ះពាល់នេះ ខណៈក្រសួងសេដ្ឋកិច្ច ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ដោះស្រាយបញ្ហានេះរួចរាល់ហើយផងដែរ។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំរូបនេះ ការដោះស្រាយផលប៉ះពាល់លើគម្រោងព្រែកជីកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះ អាចចាយពេលរហូតដល់១ឆ្នាំឯណោះ។
សូមជម្រាបថា គម្រោងព្រែកជីក ហ្វូណន តេជោ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ត្រូវសាងសង់ឡើងឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងកែប មានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយពេលសាងសង់៤៨ខែ ដែលគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ ការអភិវឌ្ឍគម្រោងនេះអាចបង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋប្រមាណជាង១ពាន់៥រយខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕