រាជរដ្ឋាភិបាលកម្ពុជា

AFD ប្តេជ្ញាបន្តជួយគាំទ្រកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច


ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្តេជ្ញាបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការរួមចំណែក និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាឆ្នាំ២០២៩ ខាងមុខ។ ការប្តេជ្ញាបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអគ្គនាយិការរងនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
រាជរដ្ឋាភិបាលកម្ពុជា
ដោយ

នាជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ម៉ារី ហេលេន ល័រហ្សុង អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានបញ្ជាក់ពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងទីភ្នាក់ងារ AFD និងកម្ពុជា និងបានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

ទន្ទឹមនេះ លោកស្រី ក៏បានបញ្ជាក់អំពីការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាឆ្នាំ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកស្រី ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ AFD ចំពោះការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការបន្តគាំទ្រ និងរួមចំណែកជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បានសម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ទីភ្នាក់ងារ AFD នៅកម្ពុជា។

ទន្ទឹមនេះសម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០, ការដាក់ចេញនូវគោលដៅក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបច្ចុប្បន្ននេះកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលដៅក្នុងការផ្ទត់ផ្គង់ទឹកស្អាតឱ្យបាន១០០% និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា លើវិស័យសំខាន់មួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ, គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំងប្រចាំតំបន់នៅកម្ពុជា និង អន្តរកាលនៃវិស័យថាមពលផងដែរ។

សូមជម្រាបថា កម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគជាដើម៕

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សួរ វីរៈ គ្រោងបោះទុន៤លានដុល្លារ អភិវឌ្ឍន៍«ឆ្នេរកោះស្នេហ៍»នៅខេត្តកោះកុង ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្កានុពល

ដោយមើលឃើញពីសក្កានុពលនៃតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ជាពិសេសតំបន់ឆ្នេរសមុទ្រ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស …

ទីផ្សារត្បូងពេជ្រនៅចិន កំពុងយ៉ាប់យ៉ឺន ក្រោយពលរដ្ឋងាកទៅវិនិយោគលើមាស

ក្រុមអ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញទីផ្សារគ្រឿងអលង្កានានា បានអះអាងថា ហាងឆេងត្បូងពេជ្រនៅចិន បានធ្លាក់ថ្លៃជាបន្តបន្ទាប់ ក្រោយពលរដ្ឋចិន បាត់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ