ការបញ្ចេញឥណទានសម្រាប់ស្តារអាជីវកម្មទេសចរណ៍របស់ធនាគារ SME មានការយឺតយ៉ាវ?

ធនាគារ SME ថា មូលនិធិ១៥០លានដុល្លារនឹងបញ្ចេញអស់នៅត្រឹមឆ្នាំនេះ ខណៈបច្ចុប្បន្នបញ្ចេញបានជាង៤៦លានដុល្លារហើយ


ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អះអាងថា បើទោះបីជាការបញ្ចេញឥណទាននៃកញ្ចប់ថវិកា ១៥០លានដុល្លារ សម្រាប់ស្តារអាជីវកម្មទេសចរណ៍ ដែលរងគ្រោះដោយសារកូវីដ១៩ ហាក់មានភាពយឺតយ៉ាវ ជាងការរំពឹងទុកក្តី ប៉ុន្តែធនាគារ SME នៅតែជឿជាក់ថា ទុនកម្ចីដែលនៅសល់ នឹងត្រូវបញ្ចេញអស់នៅត្រឹមដំណាច់ឆ្នាំនេះ។
SME Bank - building
ដោយ

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវបានផ្ដល់កម្ចីទៅដល់អាជីវកម្មទេសចរណ៍ចំនួន ៣១៩ អាជីវកម្ម ដែលមានទំហំទឹកប្រាក់សរុបជាង ៤៦លានដុល្លារហើយ ឬស្មើនឹង៣១% នៃគម្រោងទុនកម្ចីសរុប។

តាមរបាយការណ៍របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងចំណោមទំហំទឹកប្រាក់ ៤៦លាន៥សែនដុល្លារ ឬស្មើនឹង ៣១% ដែលបានផ្ដល់ទៅឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍នោះ រួមមានហិរញ្ញប្បទានផ្ដល់ទៅឲ្យអាជីវកម្មសណ្ឋាគារ មានចំនួន ២៧% អាជីវកម្មផ្ទះសំណាក់ ២៧% អាជីវកម្មភោជនីយដ្ឋាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍១៥%។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ដំណើរការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ហាក់នៅមានភាពយឺតយ៉ាវនៅឡើយ ដែលមិនទាន់បានឆ្លើយតបទៅនឹងអ្វីដែលបានរំពឹងទុកនោះទេ។ មូលហេតុដែលមានភាពយឺតយ៉ាង ក៏ដោយសារតែនៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យទេសចរណ៍ហាក់មិនទាន់មានភាពប្រាដប្រជានៅឡើយ ជាពិសេសចំនួនភ្ញៀវទេសចរអន្តជាតិដែលចូលមកកម្ពុជា។ ហើយកត្តានេះបានធ្វើឱ្យអាជីវកម្មដែលរកស៊ីនៅក្នុងវិស័យទេសចរណ៍ ហាក់មានការស្ទាក់ស្ទើនៅក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ ក៏ដូចជាការបន្ថែមទុនក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ជាដើម។

លោកបណ្ឌិត លឹម អូន ក៏បានឱ្យដឹងដែរថា ផលប៉ះពាល់នៃការកើនឡើងការប្រាក់នៅលើទីផ្សារនាពេលថ្មីៗនេះ ក៏ជាកត្តាដែលធ្វើឱ្យការបញ្ចេញឥណទាននេះមានភាពយឺតយ៉ាវផងដែរ។ ដោយសារគម្រោងនេះ ជាគម្រោងដែលត្រូវសហការគ្នាជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាដៃគូដ៏ទៃទៀត ដែលថ្លៃដើមនៃប្រភពទុនរបស់ពួកគាត់មានការកើនឡើង បានធ្វើឱ្យការផ្តល់កម្ចីរបស់ពួកគាត់ ត្រូវមានការប្រុងប្រយ័ត្ន និងម៉ត់ចត់ក្នុងការអនុម័តផងដែរ ដើម្បីកាត់បន្ថយហានិភ័យណាមួយដែលកើតឡើងជាយថាហេតុ។

យ៉ាងណាក៏ដោយចុះ អគ្គនាយកធនាគារ SME រូបនេះ ជឿជាក់ថានៅក្នុងឆ្នាំ២០២៣នេះ ចំនួនទឹកប្រាក់ដែលនៅសល់របស់គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងអាចបញ្ចេញអស់ ដោយសារមើលឃើញពីសកម្មភាពនៃការរីកចម្រើនរបស់វិស័យទេសចរណ៍នាពេលបច្ចុប្បន្ន ដែលបង្ហាញនូវទំនុកចិត្តសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ហ៊ានក្នុងការចាប់ផ្តើមស្វែងរកទុនសម្រាប់វិនិយោគលើអាជីវកម្មរបស់ពួកគាត់បន្ថែម ដើម្បីពង្រឹងសម្ថតភាពក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕




អត្ថបទបន្ទាប់


ព្រលានយន្តហោះសៀមរាបចាស់នឹងត្រូវបិទទ្វារ ក្រោយព្រលានយន្តហោះសៀមរាបអង្គរថ្មីដាក់ឲ្យដំណើរការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ននេះ នឹងត្រូវបិទទ្វារលែងដំណើរការតទៅទៀ…

ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរវ៉ាក់សាំង១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅចិនវិញ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន ១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅប្រទេសចិនវិញ ដើម្បីឲ្យចិនយកវ៉ាក់សាំងទាំងនោះ ទៅច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ