សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ត្រូវបានគេមើលឃើញថា អាចជាលទ្ធផលនៃការវាយតម្លៃខ្ពស់ហួសហេតុរបស់មេដឹកនាំអាម៉េរិក និងអ៊ីស្រាអែល ដែលជឿថា អំណាចយោធារបស់ពួកគេនឹងអាចវាយបំបាក់អ៊ីរ៉ង់ បានយ៉ាងឆាប់រហ័ស ដើម្បីបើកផ្លូវទៅរកការរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងតំបន់។
ក្នុងដំណាក់កាលដំបូង ការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ៊ីរ៉ង់។ ទោះជាយ៉ាងណា ការវាយប្រហារតាមអាកាស និងកាំជ្រួចយុទ្ធសាស្ត្រទាំងនោះ នៅតែមិនអាចបំផ្លាញសមត្ថភាពការពារជាតិស្នូល ឬកាត់ផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចសំខាន់ៗរបស់អ៊ីរ៉ង់បានឡើយ។
ផ្ទុយទៅវិញ ការប្រឈមមុខគ្នានេះ កំពុងបង្ហាញថា បើសង្គ្រាមអូសបន្លាយយូរ វាអាចធ្វើឱ្យភាគីទាំងពីរដើរចូលទៅក្នុងវិបត្តិយូរអង្វែងទាំងផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយអន្តរជាតិ។
រដ្ឋាភិបាលអ៊ីរ៉ង់ នៅតែរក្សាសមត្ថភាពយោធាដែលមានរចនាសម្ព័ន្ធរឹងមាំ និងការប្រតិកម្មយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យសង្គ្រាមកាន់តែស្មុគស្មាញ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា សមត្ថភាពវាយបករបស់អ៊ីរ៉ង់ គឺជាសញ្ញាបង្ហាញថា ប្រទេសនេះមិនអាចត្រូវបានបំបាក់ដោយសម្ពាធយោធាទេ។
សម្រាប់អ៊ីរ៉ង់ និយមន័យនៃ “ជ័យជម្នះ” មិនមែនជាការដណ្តើមយកទឹកដីនោះទេ ប៉ុន្តែគឺការរស់រានមានជីវិត និងការរក្សាសមត្ថភាពទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ។ ក្នុងនោះ គោលដៅយុទ្ធសាស្ត្រសំខាន់មួយ គឺការរក្សាឥទ្ធិពល និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយនៅលើពិភពលោក។
ទិដ្ឋភាពសង្គ្រាមបច្ចុប្បន្ន កំពុងបង្ខំឲ្យមេដឹកនាំអាម៉េរិក និងអ៊ីស្រាអែលជួបប្រទះមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់មួយ គឺសង្គ្រាមអាចងាយចាប់ផ្តើម ប៉ុន្តែពិបាកបញ្ចប់។ ការវាយតម្លៃលើសកម្រិតចំពោះអំណាចយោធាទំនើប បាននាំឲ្យមានការរំពឹងខុសពីស្ថានភាពជាក់ស្តែង ខណៈអ៊ីរ៉ង់ ជារដ្ឋមួយដែលបានឆ្លងកាត់ការដាក់ទណ្ឌកម្ម និងសម្ពាធអន្តរជាតិជិត ៥០ ឆ្នាំ ហើយនៅតែបន្តរក្សាភាពរឹងមាំរបស់ខ្លួន៕
ដោយ: សរ សុជាតិ