វិស័យបច្ចេកវិទ្យា

AI ក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចអាម៉េរិកដ៏ខ្លាំងក្លានៅដើមឆ្នាំនេះ


ដោយសារសហរដ្ឋអាម៉េរិក ជាបណ្តុំនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅលើពិភពលោក ហើយស្របពេលដែលនិន្នការប្រើប្រាស់បច្ចេកវិទ្យានេះមានការកើនឡើងខ្លាំង បានជួយឱ្យសហរដ្ឋអាម៉េរិក នៅតែរក្សាបាននូវតំណែងមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ លើពិភពលោក។ វត្តមានរបស់ AI បានជួយឱ្យសេដ្ឋកិច្ចអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦សម្រេចបានកំណើន២% ទោះបីប្រឈមនឹងបញ្ហាមួយចំនួនក៏ដោយ។
វិស័យបច្ចេកវិទ្យា
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានស្ទុះងើបឡើងវិញនៅដើមឆ្នាំ២០២៦ ដោយសារតែក្រុមវិនិយោគិនយក្សៗសម្រុកបង្កើនទុនយ៉ាងសម្បើមទៅលើអាជីវកម្មដែលដើរដោយបញ្ញាសិប្បនិម្មិត (AI)។ ក្រុមអ្នកវិភាគបានលើកឡើងថាកាលពីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចអាម៉េរិកហាក់ស្ថិតក្នុងស្ថានភាពអាប់អួរបន្តិច ដោយសាររងផលប៉ះពាល់ពីការបិទរដ្ឋាភិបាលសហព័ន្ធដ៏យូរបំផុតមិនធ្លាប់មាន ដែលបានរាំងស្ទះដល់សន្ទុះកំណើនវិជ្ជមានតាំងពីចុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា លំហូរទុនវិនិយោគលើវិស័យ AI បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកែតម្រូវអត្រាអតិផរណា និងរុញច្រានឱ្យកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី១ ឆ្នាំនេះហក់ឡើងដល់២%តែម្តង។

ក្រៅពីការវិនិយោគ វិស័យ AI ក៏បានជួយជំរុញដល់ការចំណាយរបស់ពលរដ្ឋអាម៉េរិក ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏ធំ ដែលមានប្រមាណ២ភាគ៣ នៃសកម្មភាពសេដ្ឋកិច្ចសរុបឱ្យកើនឡើង១,៦% ខ្ពស់ជាងការរំពឹងទុក។ ទន្ទឹមនឹងនេះ ការចំណាយលើសេវាកម្មសុខាភិបាល និងហិរញ្ញវត្ថុ ក៏បានបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ផងដែរ។

ដោយឡែកការចំណាយលើឧបករណ៍បច្ចេកទេស និងការសាងសង់អគារអាជីវកម្មបានស្ទុះឡើងក្នុងល្បឿនដល់ទៅ១០,៤% ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រោមឥទ្ធិពល នៃការរីកចម្រើនផ្នែក AI។

លោក ជេរ៉ូមី ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលសហរដ្ឋអាម៉េរិកបានពិពណ៌នាថា សេដ្ឋកិច្ចអាម៉េរិកបច្ចុប្បន្នមានភាពធន់ខ្លាំង។នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩  ខែមេសា លោកបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរួមមាន Alphabet, Amazon, Meta និងMicrosoft បានបង្ហូរប្រាក់រាប់រយពាន់លានដុល្លារទៅក្នុងបច្ចេកវិទ្យា AI នៅឆ្នាំនេះ។

ទោះជាយ៉ាងណា អ្នកវិភាគនៅតែមានក្តីបារម្ភចំពោះត្រីមាសបន្ទាប់ដោយសារតែឥទ្ធិពលនៃសង្គ្រាមនៅអ៊ីរ៉ង់។ ជម្លោះនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលអាចប៉ះពាល់ដល់តម្លៃទំនិញ និងទស្សនវិស័យវិនិយោគរបស់ក្រុមហ៊ុនធំៗ។

ជាក់ស្តែង ក្រុមហ៊ុន General Motors បានឱ្យដឹងថា សង្គ្រាមនៅអ៊ីរ៉ង់កំពុងធ្វើឱ្យចំណាយក្នុងផលិតកម្មកើនឡើងលើសការរំពឹងទុក។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍យក្សដូចជា American Airlines និង United Airlines ក៏បានបង្ហាញពីការទម្លាក់គោលដៅប្រាក់ចំណូលរបស់ខ្លួនផងដែរ ដោយសារតែការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈយន្តហោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីក្រុងហូជីមិញប្រែក្លាយវិស័យម្ហូបអាហារទៅជាក្បាលម៉ាស៊ីន រុញច្រានកំណើនទេសចរណ៍

សេវាកម្មម្ហូបអាហារ ដែលធ្លាប់តែជាផ្នែកបន្ទាប់បន្សំ នៃវិស័យទេសចរណ៍នៅពេលនេះត្រូវបានអាជ្ញាធរទីក្រុងហូជីមិញ ប្រទេសវៀតណាមប្រែក្លាយទៅជាក្បាលម៉ាស…

ក្រោយដាំក្បាលចុះ៥ឆ្នាំ ទីផ្សារលំនៅឋានរបស់ចិន ចាប់ផ្ដើមងើបឡើងវិញ ប៉ុន្តែហានិភ័យនៅតែមាន

បន្ទាប់ពីទីផ្សារលំនៅឋាននៅក្នុងប្រទេសចិន បានដាំក្បាលចុះប្រមាណ៥ឆ្នាំកន្លងមកនេះ អ្នកវិភាគកាន់តែច្រើនមកពីបណ្ដាធនាគារវិនិយោគ និងភ្នាក់ងារអចលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ