យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ការស្ទង់មតិទ្រង់ទ្រាយធំនៅលើបណ្តាប្រទេសចំនួន ១៥ នៅតំបន់អឺរ៉ុប បានរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋអឺរ៉ុប ១០ នាក់ មានតែម្នាក់ប៉ុណ្ណោះដែលជឿថា សហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន។ លទ្ធផលនេះបង្ហាញពីការថយចុះយ៉ាងគំហុកនៃទំនុកចិត្តសាធារណជនចំពោះទីក្រុងវ៉ាស៊ីនតោន។
អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀត គឺមនុស្សភាគច្រើនមានការសង្ស័យថា អាម៉េរិកអាចនឹងមិនចូលរួមជួយការពារសម្ពន្ធមិត្តអឺរ៉ុប ប្រសិនបើកើតមានវិបត្តិសន្តិសុខ ឬការវាយប្រហារយោធាណាមួយ។ ផ្ទុយទៅវិញ ពួកគេចាប់ផ្តើមមើលឃើញថា ប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបខ្លួនឯង អាចជាដៃគូដែលពឹងផ្អែកបានជាង។
ក្រុមអ្នកវិភាគបានលើកឡើងថា ការធ្លាក់ចុះនៃទំនុកចិត្តនេះមានទំនាក់ទំនងជាមួយគោលនយោបាយការបរទេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រួមទាំងការគំរាមកាត់បន្ថយវត្តមានកងទ័ពអាម៉េរិក នៅអឺរ៉ុប ការរិះគន់ NATO និងជម្លោះការទូតជាមួយសម្ពន្ធមិត្តចាស់ៗជាច្រើន។ កត្តាទាំងនេះ បានរុញច្រានឲ្យប្រជាជនអឺរ៉ុបកាន់តែច្រើនងាកទៅគាំទ្រការពង្រឹងសមត្ថភាពការពារខ្លួនឯង ជាជាងពឹងផ្អែកលើអាម៉េរិក។
ចំណែកនៅប្រទេសនូវែលសេឡង់ ក៏មាននិន្នាការស្រដៀងគ្នា។ ការស្ទង់មតិរបស់ Asia New Zealand Foundation លើប្រជាពលរដ្ឋប្រមាណ ២,៣០០ នាក់ បង្ហាញថា មានតែ ៣៩% ប៉ុណ្ណោះដែលមើលឃើញអាម៉េរិក ជាមិត្ត ខណៈ ៣៥% ចាត់ទុកថាជាការគំរាមកំហែង។ ក្នុងពេលជាមួយគ្នា ៤៣% មើលឃើញចិន ជាមិត្ត ខណៈមានតែ ២៣% ប៉ុណ្ណោះដែលបារម្ភថា ចិនជាការគំរាមកំហែង។
ក្រុមអ្នកវិភាគបានបន្ថែមថា ការព្រួយបារម្ភអំពីគោលនយោបាយពន្ធគយ និងភាពមិនប្រាកដប្រជានៃសង្គ្រាម និងសេដ្ឋកិច្ចពិភពលោក គឺជាកត្តាដែលធ្វើឲ្យទស្សនៈសាធារណជនផ្លាស់ប្តូរ។ ទោះជាយ៉ាងណា រដ្ឋាភិបាលនូវែលសេឡង់នៅតែចាត់ទុកសហរដ្ឋអាម៉េរិក ជាដៃគូសន្តិសុខយុទ្ធសាស្ត្រសំខាន់ ខណៈចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេស៕
ដោយ: តែម សុខុម