ចក្រភពអង់គ្លេស

តើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់អង់គ្លេសមានការរំជើងរំជួលអ្វីខ្លះ ក្រោយការយាងសោយទិវង្គតរបស់មហាក្សត្រិយ អេលីហ្សាបែត ទី២?


ប្រទេសអង់គ្លេសកំពុងតែកាន់ទុក្ខ បន្ទាប់ពីការយាងសោយទិវង្គតនៃមហាក្សត្រិយ អេលីហ្សាបិតទី២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៨កញ្ញា។ ការកាន់ទុក្ខដ៏ក្រៀមក្រំនៃការយាងសោយទិវង្គតមហាក្សត្រិយ អេលីហ្សាបែតទី២កើតឡើងនៅស្របពេលដែល ប្រទេសអង់គ្លេស កំពុងស្ថិតនៅក្នុងភាពតានតឹង ទាំងសេដ្ឋកិច្ចនិងនយោបាយ។ ប្រការនេះអាចជា វិញ្ញាសារ តេស្តសាកល្បងសម្រាប់ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោកស្រី Liz Truss ដែលទើបចូលកាន់ដំណែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការយាងចូលទិវង្គតរបស់មហាក្សត្រិយនៃចក្រភពអង់គ្លេស។
អង់គ្លេសប្រឈមមុខទាំងវិបត្តិសេដ្ឋកិច្ច-នយោបាយក្រោមការដឹកនាំថ្មី!

អង់គ្លេសកំពុងប្រទះនឹងបញ្ហាសេដ្ឋកិច្ចក្នុងបរិបទសង្រ្គាមនៅអ៊ុយក្រែន អតិផរណាខ្ពស់ តម្លៃទំនិញឡើងថ្លៃ គ្មានថាមពលប្រើប្រាស់ជាដើម ស្របពេលរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកស្រី Liz Truss ទើបតែចូលកាន់តំណែងមិនទាន់បាន១សប្តាហ៍ផង។ បើទោះបីពេលនេះ ចលនាបាតុកម្ម កូដកម្មតវ៉ានានារបស់កម្មករនិងសហជីព ត្រូវបានផ្អាក ដើម្បីកាន់ទុក្ខមែន តែពេលដែលពិធីចប់សព្វគ្រប់ ប្រជាជនអង់គ្លេសនឹងធ្វើបាតុកម្មឡើងវិញមិនខានទេ។

បញ្ហាធំបំផុត គឺអតិផរណានៅអង់គ្លេសដែលបច្ចុប្បន្នមានចំនួន១០% ហើយបើតាមការព្យាករណ៍របស់ Goldman Sachs នៅឆ្នាំក្រោយ អាចនឹងឡើងដល់២២%។ វិបត្តិសេដ្ឋកិច្ច ទំនិញឡើងថ្លៃគ្រប់មុខ ជាពិសេស គឺទំនិញវត្ថុធាតុដើមថាមពលតែម្តង ដែលមានដូចជា ប្រេងឥន្ធនៈ និង ឧស្ម័ន។

ក្រោយបានចូលកាន់ដំណែងភ្លាម លោកស្រីនាយករដ្ឋមន្ត្រីថ្មី សន្យាថានឹងកាត់បន្ថយពន្ធ ហើយ បានអះអាងថា លោកស្រីនឹងធ្វើគ្រប់យ៉ាង ដើម្បីជួយជីវភាពប្រជាពលរដ្ឋអង់គ្លេស។ តែរហូតមកទល់ពេលនេះ លោកស្រី មិនទាន់បានពន្យល់លម្អិតទេ ថាជួយដោយរបៀបណា។

បន្ថែមពីលើបញ្ហាសេដ្ឋកិច្ចនេះ អង់គ្លេសកំពុងតែពើបប្រទះនឹងបញ្ហានយោបាយ បែកបាក់ឯកភាពជាតិ។ តំបន់អេកូស ឬស្កុតលែន ព្រមទាំងតំបន់អៀរឡើងខាងជើង កំពុងតែមានចលនា ទាមទារផ្តាច់ខ្លួនចេញពីព្រះរាជាណាចក្រអង់គ្លេស។ នៅតំបន់អេកូស ការបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួន គឺនឹងធ្វើនៅខែតុលា ឆ្នាំក្រោយ។

មួយវិញទៀតនោះ យោងតាមអ្នកវិភាគខ្លះ គឺសហគមន៍ Commonwealth ដែលមាន៥៦ប្រទេស ដឹកនាំដោយអង់គ្លេសនោះ ក៏អាចប្រហែលជារង្គោះរង្គើរដែរ ដោយមានអ្នកខ្លះចង់ចាកចេញ។ ប្រទេសមួយចំនួន ដែលធ្លាប់គោរពព្រះមហាក្សត្រីអេលីហ្សាបិតទី២ មិនប្រាកដថាគេនឹងបន្តគោរព ចាត់ទុកព្រះអង្គឆាលស៍ទី៣ ជាព្រះមហាក្សត្ររបស់គេទេ។ ជាងនេះទៀត កន្លងមកព្រះអង្គឆាលស៍ទី៣ មានប្រជាប្រិយភាពតិចខ្លាំងណាស់ នៅក្នុងទឹកចិត្តរបស់ប្រជាពលរដ្ឋអង់គ្លេស៕




អត្ថបទបន្ទាប់


EU នឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួនចាប់ពីពេលនេះទៅ

សហភាពអឺរ៉ុបនឹងផ្តើមរឹតត្បិតលើភ្ញៀវទេសចររុស្ស៊ីចូលមកកាន់ទឹកដីខ្លួន ដោយនឹងធ្វើឱ្យការធ្វើដំណើរទៅកាន់ប្លុកនេះកាន់តែលំបាក និងកំណត់តម្លៃថ្លៃប…

ប្រទេសកូរ៉េខាងជើងគំរាមធ្វើសកម្មភាពនុយក្លេអ៊ែរ ប្រសិនបើមេដឹកនាំប្រទេសនេះត្រូវគេលួចធ្វើឃាតមែននោះ

ប្រទេសកូរ៉េខាងជើងបានប្រកាន់យកគោលលទ្ធិថ្មីមួយដែលនឹងធ្វើឱ្យប្រទេសនេះ«ប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយស្វ័យប្រវត្តិ និងភ្លាមៗតែម្ដង» នៅក្នុងល្គឹកណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ