មែនទែនទៅ របាយការណ៍នេះគួរត្រូវបានបញ្ចេញនៅដើម ឬពាក់កណ្តាលខែតុលាម៉្ល៉េះ ជាពេលដែលត្រូវដាច់ត្រីមាសទី៣ ឈានចូលត្រីមាសថ្មី ត្រីមាសទី៤នៃឆ្នាំនេះ។ ប៉ុន្តែចិន ទើបតែបានប្រកាសទិន្នន័យខាងលើ នៅក្រោយពេលបិទបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងបន្ទាប់ពីប្រធានាធិបតីស៊ី ជីនពីង ផ្តើមពង្រឹងអំណាចសម្រាប់អាណត្តិថ្មី ជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំថ្មីមួយចំនួន។
សេដ្ឋកិច្ចចិនបានស្គាល់ពីកំណើន ៣,៩% ក្នុងត្រីមាសទី៣ឆ្នាំនេះ ងើបឡើងវិញយ៉ាងលឿនស្លេវពីកំណើនត្រឹមតែ ០,៤%កាលពីត្រីមាសទី២។ កំណើននេះគឺខុសគ្នាពីការព្យាករទុករបស់ក្រុមអ្នកជំនាញដែលថា សេដ្ឋកិច្ចចិននៅត្រីមាសទី៣នឹងមានកំណើនត្រឹមតែ ២,៥% និងខុសពីការប៉ាន់ស្មានរបស់ Reuters ដែលថានឹងមានកំណើន៣,៤%។ ការព្យាករណ៍ក្នុងអត្រា ២,៥% ដោយក្រុមអ្នកជំនាញយល់ថា ចិនបន្តអនុវត្តន៍នយោបាយគ្មានកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច។
ទោះមានសន្ទុះឡើងវិញមែន តែជារឿងពិតប្រាកដហើយដែរថា សេដ្ឋកិច្ចចិននៅតែមិនប្រាកដប្រជាឡើយសម្រាប់ត្រីមាសចុងក្រោយឆ្នាំនេះ ជាមួយនឹងក្តីបារម្ភរបស់អ្នកជំនាញអំពីវិធានការកូវីដ១៩ស្មើសូន្យ (Zero Covid) របស់រដ្ឋអំណាចក្រុងប៉េកាំង។ ដូចការរំពឹងទុកមែន ក្នុងថ្ងៃបិទបញ្ចប់សមាជបក្សកុម្មុយនីស្តចិនកាលពីចុងសប្តាហ៍មុន លោក ស៊ី ជីនពីង បានសច្ចាអនុវត្តគោលនយោបាយទាំងអស់របស់លោកដដែល ដែលក្នុងន័យនេះ ក៏មានដែរគោលនយោបាយកូវីដស្មើសូន្យ។
តម្រូវការក្នុងស្រុកមាននិន្នាការធ្លាក់ចុះរហូតតាំងពីដើមត្រីមាសរហូតដល់ដំណាច់ត្រីមាស ដោយសារការផ្ទុះឡើងវិញនៃករណីឆ្លងកូវីដ១៩ បាននាំឱ្យមានការបិទខ្ទប់ជាអន្លើៗ ស្របពេលដែលការនាំចេញបានធ្លាក់ចុះ ហើយវិស័យអចលនទ្រព្យសំខាន់ៗហាក់នៅទ្រឹង។
ទោះយ៉ាងណា សេដ្ឋកិច្ចចិនត្រូវបានជំរុញដោយការផលិត ជាមួយនឹងទិន្នន័យដាច់ដោយឡែកមួយដែលបង្ហាញពីទិន្នផលឧស្សាហកម្មក្នុងខែកញ្ញា បានកើនឡើង ៦,៣% ធៀបនឹងឆ្នាំមុន លើសពីការរំពឹងទុក។ ក្រៅពីតួលេខស្តីពីកំណើនសេដ្ឋកិច្ច ចិនក៏បានប្រាប់ពីតួលេខស្តីពីអ្នកអត់ការងារធ្វើដែរ ដោយក្នុងខែកញ្ញា ចំនួនអ្នកអត់ការងារធ្វើមាន ៥,៥% ពោលច្រើនជាងកាលពីខែសីហា ដែលមានត្រឹម ៥,៣%។
ក្រៅពីហានិភ័យ និងភាពមិនច្បាស់លាស់ក្នុងស្រុក សេដ្ឋកិច្ចរបស់ប្រទេសចិនក៏នឹងរងសម្ពាធ គំរាមកំហែងពីខាងក្រៅផងដែរ នោះគឺវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចជាសាកលដោយសារការដំឡើងអត្រាការប្រាក់គោល ដើម្បីទប់ស្កាត់អតិផរណា។
គួរបញ្ជាក់ថា ចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៥% សម្រាប់ឆ្នាំ ២០២២។ តែក្រុមអ្នកវិភាគប៉ាន់ស្មានថា ចិនមិនអាចសម្រេចវាបានទេ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករត្រឹម ៣,២% ប៉ុណ្ណោះសម្រាប់សេដ្ឋកិច្ចចិន។
ដើម្បីសម្រេចឱ្យបានកំណើនតាមការគ្រោងទុក ប្រទេសចិននឹងជំរុញការវិនិយោគពីបរទេស ដោយផ្តោតលើឧស្សាហកម្ម តាមរយៈការលើកទឹកចិត្តសហគ្រាសបរទេសឱ្យវិនិយោគលើឧបករណ៍ និងសមាសធាតុបច្ចេកវិទ្យាកំរិតខ្ពស់។ លើសពីនេះ ប្រទេសចិនក៏នឹងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសបរទេស រួមទាំងការឧបត្ថម្ភប្រាក់ដល់សហគ្រាស និងបើកសិទ្ធិឱ្យបញ្ជីនៅលើទីផ្សារភាគហ៊ុនរបស់ប្រទេសចិនថែមទៀត។ ការប្តេជ្ញាចិត្តទាំងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីស៊ី ជីនពីង អំឡុងសមាជបក្សកុម្មុយនីស្ត ដែលបានបញ្ចប់កាលពីចុងសប្តាហ៍មុន បានអំពាវនាវឱ្យចិនឱ្យយកឈ្នះគ្រប់សមរភូមិ ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ដែលជាវិស័យស្នូលតែម្ដង៕