FTAកម្ពុជា-កូរ៉េ

អ្នកជំនាញកសិកម្មរំពឹងការនាំចេញផលិតផលកសិកម្មកើនឡើង ខណៈFTAកម្ពុជា-កូរ៉េ ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័ន


នៅទីបំផុតរដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជារួចរាល់ហើយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ អ្នកជំនាញក្នុងវិស័យកសិកម្មបានអះអាងដែរថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េចូលជាធរមាន ក្រៅតែពីផលិតផលស្វាយដែលបាននិងកំពុងនាំចេញទៅកូរ៉េខាងត្បូងហើយនោះ កម្ពុជានឹងអាចជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្កានុពលជាច្រើនផ្សេងទៀតទៅកាន់ទីផ្សារកូរ៉េផងដែរ។
FTAកម្ពុជា-កូរ៉េ
ដោយ

យោងតាមការចុះផ្សាយរបស់ The Korea Times បានបញ្ជាក់ថា សភាកូរ៉េបានផ្តល់សច្ចាប័ន លើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា តំណាលគ្នានឹងការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េ ជាមួយនឹងអ៊ីស្រាអែលផងដែរ។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងជូនដំណឹងដល់ កម្ពុជា និងអ៊ីស្រាអែល អំពីការបញ្ចប់នីតិវិធីក្នុងស្រុកទាំងអស់ ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន។

ក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីសភាកូរ៉េផ្តល់សច្ចាប័នរួចហើយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការជូនដំណឹងដល់កម្ពុជា នៅរយៈពេល ៦០ថ្ងៃ បន្ទាប់ពីការជូនដំណឹងនេះ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នឹងត្រូវចូលជាធរមានផងដែរ។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មកម្ពុជារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់កូរ៉េកើនឡើងបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

ពាក់ព័ន្ធនឹងការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនេះដែរ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាន កម្ពុជានឹងអាចជំរុញការនាំចេញផលិតផលកសិកម្មដែលមានសក្កានុពលទៅកាន់ទីផ្សារកូរ៉េបន្ថែមដូចជា ស្វាយកែវរមៀតស្រស់ ផ្លែមែនប៉ៃលិន និងដំណាំបន្លែ និងផលិតផលកែច្នៃផងដែរ។ កន្លងមកមានសមាគមន៍នាំចូលរបស់កូរ៉េបានចុះមកសិក្សានៅ កម្ពុជាចំនួន២លើករួចហើយ ក្នុងគោលបំណងនាំចូលដំណាំបន្លែពីកម្ពុជា ដូចជាប្រភេទ ការ៉ុត ឆៃថាវ និងម្ទេសជាដើម ដែលដំណាំទាំងនេះជាដំណាំដែលនៅប្រទេសកូរ៉េមានតម្រូវការ ហើយបច្ចុប្បន្នកំពុងសិក្សាបន្ថែមទៅលើប្រភេទពូជ ប្រព័ន្ធដឹកជញ្ជូន និងលក្ខខណ្ឌតម្រូវមួយចំនួនសម្រាប់ធ្វើការនាំចេញទៅកូរ៉។

បើតាមការអះអាងរបស់លោកឧកញ៉ា ហ៊ុន ឡាក់ ដែលលោកបានបន្ថែមថា ប្រទេសកូរ៉េជាប្រទេសមួយដែលកម្ពុជាអាចធ្វើការនាំចេញ កសិផលរបស់ខ្លួនលក់បានក្នុងតម្លៃខ្ពស់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវពង្រឹងនូវគុណភាពផលិតផល សុវត្ថិភាពអនាម័យ និងការវេចខ្ចប់ឲ្យស្របទៅនឹងតម្រូវការប្រទេសកូរ៉េ។ បន្ថែមពីនេះ កម្ពុជាត្រួវការការវិនិយោគទៅលើរោងចក្រសម្អាត និងវេចខ្ចប់បន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារកូរ៉េផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីទី២របស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ ដែលតំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

សូមបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង មានទំហំទឹកប្រាក់ជាង ៥រយលានដុល្លារ មានការកើនឡើងប្រមាណ ៦,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណជាង ១៥០លានដុល្លារ កើនឡើង២១% ខណៈការនាំចូលទំនិញពីកូរ៉េខាងត្បូងមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត ៤រយលានដុល្លារ កើនឡើង១,៥%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ព្យុះណូរុបោកបក់ខ្លាំង បង្ខំឲ្យវៀតណាមត្រូវបិទសាលារៀន ព្រលានយន្តហោះ និងដាក់បម្រាមគោចរ

ចាប់តាំងពីថ្ងៃទី២៧កញ្ញាមកអាជ្ញាធរវៀតណាមបានផ្តើមដាក់ចេញបំរាមគោចរលើការធ្វើដំណើរក្នុងតំបន់មួយចំនួន បិទសាលារៀន និងប្រកាសបិទព្រលានយន្តហោះស្…

ធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដល់ទៅ ៤,៨%

របាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក បានបង្កើនការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នេះដល់កំណើន ៤,៨% ខណៈកាលពីខែមេសាស្ថាប័នហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ