ស្នើជប៉ុនជួយទិញផលិតផលកសិកម្មបន្ថែម

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនជួយទិញផលិតផលកសិកម្មកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី និងការវិនិយោគ


ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី និងការវិនិយោគរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ជួយជំរុញឲ្យក្រុមវិនិយោគិន ពិសេសក្រុមហ៊ុនធំៗ របស់ជប៉ុន មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio)​នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន​ នៅវិមានសន្តិភាព រូបភាព៖ SPM page
ដោយ

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភាគីជប៉ុន បង្កើនលទ្ធភាពទិញផលិតផលរបស់កម្ពុជា ឲ្យបានច្រើន ពិសេសផលិតផលកសិកម្ម ដែលមានសក្ដានុពល។ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមគ្នា នៅថ្ងៃទី២០ ខែមីនា រវាងកម្ពុជា-ជប៉ុន នាអំឡុងដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជារបស់នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ តែទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន នៅតែមានស្ថិរភាពក្នុងរង្វង់ជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២១កន្លងទៅនេះ។ ចំណែក ការវិនិយោគរបស់ជប៉ុន នៅកម្ពុជា បានងើបឡើងវិញ នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកដោយសារកូវីដ-១៩ នៅឆ្នាំ២០២០។

បើតាមសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្ដារសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី សម្ដេចស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្មអាទិភាពរបស់កម្ពុជា ឱ្យបានកាន់តែច្រើន ក៏ដូចជាលើកទឹកចិត្តឲ្យក្រុមហ៊ុនធំៗ និងល្បីៗរបស់ជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនផងដែរ។

បន្ថែមលើការស្នើឲ្យប្រទេសជប៉ុន ជួយទិញផលិតផលរបស់កម្ពុជា និងជំរុញការវិនិយោគ បន្ថែមនៅកម្ពុជា សម្ដេច ហ៊ុន សែន ក៏បានស្នើដល់ភាគីជប៉ុន ផងដែរ ដើម្បីពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP ផងដែរ។

នៅក្រោយជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីកម្ពុជា-ជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដែលផ្ដោតសំខាន់លើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំពីរ ផងដែរ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បាន ពិភាក្សា និងបានយល់ស្របក្នុងការ ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន, ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជន, ការសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសាកល្បងមីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យប្រទេសពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រចិនខាងត្បូងជាដើម។

សូមបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនស្នើឱ្យប្រទេសអារ៉ាប់រួមបង្កើនការផ្គត់ផ្គង់ប្រេង ខណៈដែលវិបត្តិអ៊ុយក្រែនជំរុញឲ្យតម្លៃប្រេងកើនឡើង

ព័ត៌មាន
ការផ្គត់ផ្គង់ប្រេងសម្រាប់ទីផ្សារពិភពលោក បានជួបបញ្ហារង្គើរង្គើខ្លាំងមែនទែន ចាប់តាំងពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងមក។ យ៉ាងណាមិញ រដ្ឋម…

សហរដ្ឋអាមេរិកថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋរ៉ូហ៊ីងយ៉ា

ព័ត៌មាន
សហរដ្ឋអាមេរិកបានកំណត់ចាត់ទុក អំពើហិង្សាទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលប្រព្រឹត្តដោយយោធារបស់មីយ៉ាន់ម៉ា គឺជាអំពើប្រល័យពូជសាសន៍ និងឧក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ