វិស័យកសិកម្មរំពឹងមានកំណើនល្អក្នុងរង្វង់១,១%នៅឆ្នាំ២០២៤

វិស័យកសិកម្មនៅតែជាជន្ទល់រឹងមាំទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ៦,៦% នៅឆ្នាំ២០២៤


បើទោះជាវិស័យកសិកម្មជាវិស័យងាយប្រឈមនឹងបញ្ហាច្រើនក្ដី ប៉ុន្ដែ វិស័យនេះនៅតែជាត្រូវបានចាត់ទុកជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាក់ស្ដែង តាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងបន្ដសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% នៅក្នុងឆ្នាំ២០២៤ ធៀបនឹង ០,៩% នៅក្នុងឆ្នាំ២០២៣។
វិស័យកសិកម្មរំពឹងមានកំណើនល្អក្នុងរង្វង់១,១%នៅឆ្នាំ២០២៤
ដោយ

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវិស័យដំណាំ ដែលជាកត្តាជំរុញដល់កំណើននៅក្នុងវិស័យកសិកម្ម នៅតែបន្តនិន្នាការល្អនៅឆ្នាំក្រោយនេះ ដោយសារការរំពឹងទុកនូវកំណើននៃផលិតកម្ម ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ រួមមាន៖ កិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយៈការបន្តផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំចូលវត្ថុធាតុដើមកសិកម្ម និងការផ្ដល់ហិរញ្ញប្បទានក្នុងជំរុញផលិតកម្មក្នុងស្រុក ជាដើម។

អ្នកជំនាញនៅក្នុងវិស័យនេះ បានកត់សម្គាល់ឃើញថា កន្លងមក វិស័យកសិកម្មបានជួបប្រឈមនូវបញ្ហាមួយចំនួន ពិសេសវិបត្តិសាកលនានា បានធ្វើឲ្យការនាំចេញកសិផលមួយចំនួន ហាក់មានការធ្លាក់ចុះ ក៏ប៉ុន្តែ សម្រាប់ការនាំចេញផលិតផលកសិកម្មសក្ដានុពល ដូចជា ស្រូវ អង្ករ កាកដំឡូងមី ដំណាប់ស្វាយ ផ្លែមៀនប៉ៃលិន ដូងប្រេង និងបន្លែចម្រុះ សុទ្ធតែរក្សាបានកំណើនជាវិជ្ជមាន។ បើទោះជាបែបនេះក្ដី វិបតិ្តសេដ្ឋកិច្ចសាកលលោក ដែលបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសការបន្តអូសបន្លាយនៃសង្រ្គាមនៅប្រទេសមួយចំនួននៅអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា នៅតែត្រូវបានគេកត់សម្គាល់ឃើញថា កំពុងជះឥទ្ធិពលដល់ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។

ជុំវិញវិស័យកសិកម្មនេះដែរ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករនៅកម្ពុជា កត់សម្គាល់ ឃើញថា វិស័យវារីវប្បកម្ម ដែលធ្លាប់ជួបប្រឈមនឹងបញ្ហាធ្លាក់ចុះខ្លាំងតាំងពីមានកូវីដ-១៩ រាតត្បាតមកនោះ បច្ចុប្បន្ន ហាក់ចាប់ផ្ដើមមានសន្ទុះងើបឡើងវិញជាបណ្ដើរៗ ពោលអ្នកចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានងាកមកចិញ្ចឹមត្រីឡើងវិញ បន្ទាប់ពីពួកគេបានផ្អាក និងបោះបង់ការចិញ្ចឹមអស់មួយរយៈ ដោយសារពុំសូវទទួលបានប្រាក់ចំណេញ ក្រោយចំណីត្រីឡើងថ្លៃ តែត្រីលក់បានតម្លៃថោក។

​យ៉ាងណាក៏ដោយ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពច្បាស់លាស់នៅឡើយ អ្នកជំនាញក្នុងវិស័យកសិកម្ម គូសបញ្ជាក់ថា អ្វីដែលវិស័យកសិកម្មគួរបន្តយកចិត្តទុកដាក់ គឺត្រូវពង្រឹងនូវគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មបន្ថែម ដើម្បីបន្តចាប់យកឱកាសទីផ្សារ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស បរិមាណសរុបជាង ៦លាន២៧ម៉ឺនតោន បានថយចុះប្រមាណ ៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ អង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានជិត២លាន តោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម៕




អត្ថបទបន្ទាប់


ពន្យារពេលបញ្ចុះតម្លៃមួយឆ្នាំទៀតលើការធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ក្រុមហ៊ុនចិន គ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដើម្បីបន្ដការបញ្ចុះតម្លៃ ២០% សម្រាប់រយៈពេល…

បណ្ដឹង ១៧០០ ករណីពីអ្នកទិញលំនៅដ្ឋានក្នុងបុរី បានដាក់ចូលនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

មកទល់ពេលនេះ និយ័តករអាជីវកម្មអចលនវត្ថុ បានទទួលបណ្ដឹងប្រមាណ ១.៧០០ករណីហើយ ពីសំណាក់អ្នកទិញលំដៅដ្ឋាននៅក្នុងបុរីប្រមាណ ៣០ ទៅ៤០គម្រោង ខណៈបច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ