របាយការណ៍ ដែលមានចំណងជើងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩ និងចេញផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា បានឲ្យដឹងថា កាលពីមុន ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានព្យាករថា កំណើនក្នុងវិស័យកសិកម្មនឹងមានចំនួន ១,៧%។
ទន្ទឹមនឹងនេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយផងដែរថា កំណើនផលិតកម្មសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នាំឱ្យមានការព្យាករកំណើនពី ១០,១% ទៅ ១០,៦%។
វិស័យទេសចរណ៍៍បន្តភាពរឹងមាំជាមួយនឹងកំណើន ១១,២% ក្នុងរយ:ពេល៦ខែ ឆ្នាំ២០១៩នេះ ហើយការនាំចេញរបស់កម្ពុជា ក៏នៅមានភាពខ្លាំងដដែល ដោយមានកំណើនពី ១៤,៣% ក្នុងរយ:ពេល៥ខែដំបូងនៃឆ្នាំ២០១៨ មកចំនួន ២១,៨% នៃពេលវេលាដូចគ្នា ក្នុងឆ្នាំ២០១៩នេះ។
ការនាំចេញទៅកាន់អឺរ៉ុបបានកើន ១,៣% ក៏ប៉ុន្តែការនាំចេញទៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់ដល់ទៅ ៤១,២%។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដដែល។
លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ ADB ប្រចាំនៅប្រទេសកម្ពុជា បាននិយាយដូច្នេះថា «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបន្តរីកចម្រើនក្នុងល្បឿនមួយដ៏រឹងមាំ ដោយសារតែការបន្តពង្រឹងនៅក្នុងវិស័យប្រពៃណី ដូចជា សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់។»
លោកស្រី Sunniya Durrani-Jamal បាននិយាយបន្តថា ជាមួយនឹងភាពមិនប្រាកដប្រជាកាន់តែកើនឡើងនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់លើវិស័យទេសចរណ៍ កម្ពុជាត្រូវការជាបន្ទាន់នូវយុទ្ធសាស្ត្រ រួមទាំងការទាមទារឱ្យកាត់បន្ថយហានិភ័យលើការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ។
របាយការណ៍ដដែល បាននិយាយបន្ថែមដែរថា ហានិភ័យក្នុងស្រុកសម្រាប់កម្ពុជាគឺជាការបន្តកំណើនឥណទានដល់វិស័យអចលនទ្រព្យនិងអាជីវកម្មដែលពាក់ព័ន្ធ។
ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយផងដែរថា ហានិភ័យពីខាងក្រៅចំពោះកំណើនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សម្រាប់ប្រទេសកម្ពុជា គឺលទ្ធភាពដែលថា សហភាពអឺរ៉ុបអាចនឹងផ្អាកមួយផ្នែកឬទាំងស្រុងនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕