អាកាសធាតុ

កញ្ចប់ថវិកាទំហំ៣០០ពាន់លានដុល្លារសម្រាប់ជួយដោះស្រាយបញ្ហាអាកាសធាតុត្រូវបានអនុម័ត តែប្រទេសទទួលជំនួយរិះគន់


ទីបំផុតកិច្ចព្រមព្រៀងដោះស្រាយបញ្ហាប្រែប្រួលអាកាសទំហំ៣០០ពាន់ដុល្លារក្នុង១ឆ្នាំ ដែលផ្តល់ដោយបណ្តាប្រទេសអ្នកមាន សម្រាប់ជួយប្រទេសក្រីក្រ ដែលរងគ្រោះដោយការប្រែប្រួលអាកាសត្រូវបានអនុម័ត។ ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ ប្រទេសទទួលជំនួយមួយចំនួនបានរិះគន់កញ្ចប់មូលនិធិនេះថា កញ្ចប់ថវិកានេះមិនគ្រប់គ្រាន់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាកាសធាតុ
ដោយ

បណ្ដាប្រទេសអ្នកមាននៅលើពិភពលោកបានជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ COP29 នៅទីក្រុងបាគូ (Baku) ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃពុធ សប្តាហ៍មុន ហើយប្រទេសទាំងនេះបានសម្រេចអនុម័តកញ្ចប់ថវិកាចំនួន៣០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ២០៣៥ ដើម្បីជួយប្រទេសក្រីក្រមួយចំនួនក្នុងការទប់ទល់នឹងវិបត្តិអាកាសធាតុសកល។

កិច្ចព្រមព្រៀងដែលបានបន្តធ្វើនៅក្នុងម៉ោងបន្ថែមនៅឯសន្និសីទរយៈពេលពីរសប្តាហ៍នេះត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់កម្លាំងចិត្តដល់កិច្ចខិតខំអន្តរជាតិ ដើម្បីទប់ស្កាត់ការឡើងកម្ដៅភពផែនដីជាសកលនៅក្នុងឆ្នាំដែលត្រូវបានគេកំណត់ថា មានការឡើងកម្ដៅខ្លាំងបំផុត។

គណៈប្រតិភូមួយចំនួនបានស្វាគមន៍កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នេះ នៅកិច្ចប្រជុំពេញអង្គ ស្ដីពីអាសធាតុ COP29 ប៉ុន្តែក៏មានប្រទេសផ្សេងទៀត ដូចជាឥណ្ឌាជាដើម បានស្តីបន្ទោសប្រទេសអ្នកមានថា មិនបានធ្វើអ្វីឱ្យបានច្រើនជាងនេះ ហើយក៏បានរិះគន់ប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះចំពោះការអនុម័តយកផែនការដ៏ចម្រូងចម្រាសនេះផងដែរ។

តំណាងគណៈប្រតិភូឥណ្ឌាលោកស្រី ចាន់ឌី រ៉ៃណា (Chandni Raina) បានប្រាប់សន្និសីទនៅប៉ុន្មាននាទីបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តថា លោស្រីបានសម្តែងការសោកស្តាយ និងថា ឯកសារនេះគ្មានអ្វីក្រៅពីការបំភាន់ភ្នែកនោះទេ។ លោកស្រីយល់ឃើញថា កញ្ចប់ថវិកានេះនឹងមិនអាចគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសទាំងអស់កំពុងប្រឈមមុខបានឡើយ ដូច្នេះឥណ្ឌាសូមប្រឆាំងនឹងការអនុម័តនេះ។

ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក ស៊ីម៉ុន ស្ទៀល (Simon Stiell) បានទទួលស្គាល់ការចរចាដ៏លំបាកដែលឈានទៅដល់កិច្ចព្រមព្រៀងនេះ ដូច្នេះហើយលោកបានសាទរចំពោះលទ្ធផលនេះថា ជាគោលនយោបាយធានារ៉ាប់រងសម្រាប់មនុស្សជាតិប្រឆាំងនឹងការឡើងកម្ដៅភពផែនដី ហើយថា កិច្ចព្រមព្រៀងនេះនឹងរក្សាការរីកចម្រើនថាមពលស្អាត និងការពារជីវិតមនុស្សរាប់ពាន់លាននាក់៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិននឹងអនុញ្ញាតឱ្យជនជាតិជប៉ុន និងអឺរ៉ុបមួយចំនួនចូលប្រទេសខ្លួនដោយមិនចាំបាច់មានទិដ្ឋាការ

ស្របពេលខ្លួនកំពុងរងសម្ពាធនឹងសង្រ្គាមពាណិជ្ជកម្មដ៏ក្តៅគគុកជាមួយនឹងសហរដ្ឋអាម៉េរិក ចិនគ្រោងបើកប្រទេសទទួលជនជាតិជប៉ុន និងបណ្តាជនជាតិអឺរ៉ុបមួយ…

លោក ដូណាល់ ត្រាំ ជ្រើសតាំងអតីតទីប្រឹក្សាលោកស្រី ប្រ៊ូក រ៉ូលីន ឱ្យធ្វើជារដ្ឋមន្ត្រីកសិកម្ម

ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសលោកស្រី ប្រ៊ូក រ៉ូលីន (Brooke Rollins) ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មសហរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ