ធនាគារ AIIP នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ហើយមានការិយាល័យកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលមានគោលបំណងផ្តល់កម្ចីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AIIB ដែលចុះថ្ងៃទី១២ ខែកក្កដា ២០១៩ កម្ចីនេះនឹងត្រូវចំណាយលើការកសាងបណ្តាញខ្សែកាបអុបទិកក្រោមដី ដែលមានប្រវែង ២ពាន់គីឡូម៉ែត្រ ដើម្បីបង្កើនសេវាគ្របដណ្តប់ទូលំទូលាយនៅទីក្រុងធំៗ, នៅតាមតំបន់ជាយក្រុង និងនៅទីជនបទ។
គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ផែនការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) របស់រដ្ឋាភិបាល ដែលមានគោលដៅសម្រេចនូវការគ្របដណ្តប់ ១០០ភាគរយ សម្រាប់តំបន់ទីក្រុង និង ៧០ភាគរយ សម្រាប់តំបន់ជនបទ នៅត្រឹមឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ដដែលនេះ។
អនុប្រធាននិងជាប្រធានផ្នែកវិនិយោគទុន D.J. Pandian បាននិយាយដូច្នេះថា ៖ «គម្រោងនេះនឹងរួមចំណែកដល់ការជំរុញការតភ្ជាប់ឌីជីថលរបស់កម្ពុជា និងជួយអភិវឌ្ឍនិងពង្រីកវិស័យទូរគមនាគមន៍និងវិស័យ ICT របស់ប្រទេសដែលរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់អ្នកប្រើនិងក្រុមហ៊ុនសាជីវកម្ម។»
អគ្គនាយកប្រតិបត្តិការវិនិយោគរបស់ AIIB, Dong-ik Lee បានអះអាងផងដែរថា «ប្រាក់កម្ចីនេះស្របទៅនឹងអាទិភាពកៀងគរមូលធនឯកជនរបស់ AIIB ហើយជាគំរូដ៏សំខាន់មួយសម្រាប់វិនិយោគិននិងហិរញ្ញឹកអន្តរជាតិផ្សេងទៀត។»
បួនឆ្នាំបន្ទាប់ពីការបង្កើតមក ធនាគារ AIIB មានសមាជិកចំនួន១០០ប្រទេសហើយ នៅជុំវិញពិភពលោក ហើយបានផ្តល់ប្រាក់កម្ចីសរុបចំនូន ៨,៥ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន ៤៥ នៅក្នុងប្រទេសចំនួន១៨។
កន្លងមក មានសារព័ត៌ជប៉ុនបានសរសេរថា ធនាគារ AIIB ត្រូវបានគេចោទប្រកាន់ថា ជាម៉ាស៊ីនរបស់រដ្ឋាភិបាលចិនដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន តាមរយៈការផ្តល់មូលនិធិដល់គម្រោងខ្សែក្រវាត់និងផ្លូវរបស់ចិន៕