ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនតូយ៉ូតា កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងប្រមូលរថយន្តជាង១លានគ្រឿង នៅទូទាំងពិភពលោកត្រលប់មកវិញ ដោយសារតែបញ្ហាសៀគ្វីខ្លី (short circuit) នៅក្នុងស៊ិនស័រអាចបណ្តាលឱ្យពោងសុវត្ថិភាពមិនដំណើរការ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រុមហ៊ុនដូចជា General Motors និង Ford ជាដើមបានអះអាងតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) កាលពីថ្ងៃពុធដើមសប្ដាហ៍នេះថា គ្មានព័ស្តុតាងណាបង្ហាញថា ពោងសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនអាម៉េរិក ARC Automotive មានបញ្ហានោះទេ បើទោះបីជាមានរបាយការណ៍ថា ពោងសុវត្ថិភាពខ្លះបានផ្ទុះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យអ្នករួមដំណើររងរបួស ឬបាត់បង់ជីវិតយ៉ាងណាក្ដី។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) កំពុងជំរុញយ៉ាងទទូចឱ្យប្រមូលរថយន្តទាំងនោះត្រលប់មកវិញ ទោះជាមានការជំទាស់ពីក្រុមហ៊ុនផលិតពោងសុវត្ថិភាព ARC Automotive យ៉ាងណាក៏ដោយ ហើយចំណាត់ការនេះ អាចនឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តទាំងនោះខាតបង់សរុបរហូតដល់ទៅ១០ពាន់លានដុល្លារ។
គួរជម្រាបថា ពោងសុវត្ថិភាពផលិតដោយក្រុមហ៊ុន ARC Automotive ត្រូវបានប្រើប្រាស់ដើម្បីបំពាក់លើរថយន្តផលិតដោយក្រុមហ៊ុនជាច្រើនរួមមាន ក្រុមហ៊ុន GM, Ford, Stellantis NV, Tesla, Volkswagen, Hyundai Motor, BMW, Kia, Maserati, Mercedes-Benz, Porsche និងក្រុមហ៊ុនToyota ជាដើម។
កាលពីថ្ងៃពុធ ក្រុមហ៊ុន Toyota Motor បានឱ្យដឹងថា ខ្លួននឹងប្រមូលយករថយន្តជាង១លានគ្រឿងមកពិនិត្យមើលឡើងវិញនូវបញ្ហាសៀគ្វីខ្លីនៅក្នុងស៊ិនស័រដែលអាចធ្វើឱ្យពោងសុវត្ថិភាពមិនដំណើរការ។ ការប្រមូលមកវិញនេះគ្របដណ្តប់លើរថយន្តដែលផលិតនៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ រួមមានស៊េរី Avalon, Camry, Corolla, RAV4, Lexus ES250, ES300H, ES350, RX350 Highlander និង Sienna Hybrid ដែលក្នុងនោះប្រមាណ១លានគ្រឿងស្ថិតនៅក្នុងសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុនផលិតពោងសុវត្ថិភាពអាមេរិក ARC Automotive មិនទាន់បានឆ្លើយតបណាមួយនៅឡើយទេ។ ក្រុមហ៊ុននេះ បានសហការការជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែបានបង្ហោះសារតាមអ៊ីនធឺណិត កាលពីថ្ងៃពុធដើមសប្ដាហ៍នេះថា ខ្លួនមិនយល់ស្របឡើយចំពោះចំណាត់ការថ្មីរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) ដែលគ្រោងបញ្ជាឱ្យប្រមូលរថយន្តត្រលប់មកទ្រង់ទ្រាយធំបែបនេះ។
ទោះជាយ៉ាងណា បើតាមលោក Rosemary Shahan ប្រធានអង្គការតស៊ូមតិដើម្បីសុវត្ថិភាពរថយន្ត និងអ្នកប្រើប្រាស់ហៅកាត់ថា CARS ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ជំហរម៉ឺងម៉ាត់លើបញ្ហាពោងសុវត្ថិភាពផលិតដោយក្រុមហ៊ុន ARC Automotive គឺសមស្រប ព្រោះវាច្បាស់ណាស់ថា ពោងសុវត្ថិភាពទាំងនោះ គឺមានបញ្ហានិងបង្កហានិភ័យសុវត្ថិភាពដល់អ្នកបើកបរ។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិអាម៉េរិក (NHTSA) បាននិយាយកាលពីខែឧសភា ថា ខ្លួនបានរកឃើញយ៉ាងហោចណាស់៧ករណី ដែលពោងសុវត្ថិភាពបានផ្ទុះបង្កការរបួសស្នាម រួមទាំងការបណ្ដាលឱ្យមនុស្ស២នាក់បាត់បង់ជីវិតផងដែរ គិតចាប់ពីឆ្នាំ២០០៩ រហូតមកដល់ខែមីនា ដើមឆ្នាំ២០២៣ នេះ៕