
សារព័ត៌មានធំៗនៅសហរដ្ឋអាមេរិក បានផ្សាយថា លោក Bezos បានប្រកាសឲ្យដឹងពីកាលបរិច្ឆេទដែលលោកនឹងចាកចេញពីតំណែងដឹកនាំប្រតិបត្តិផ្ទាល់របស់ក្រុមហ៊ុនយក្សមួយនេះ នៅក្នុងកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំ កាលពីថ្ងៃពុធ ទី២៦ ឧសភា ឆ្នាំ២០២១ ដែលធ្វើតាមអនឡាញ ។
ការដែលលោក Jeff Bezos ជ្រើសរើសយកថ្ងៃទី៥ ខែកក្កដា គឺជាថ្ងៃគម្រប់ខួប ២៧ឆ្នាំគត់ នៃការចុះបញ្ជីអាជីវកម្មផ្លូវការរបស់ក្រុមហ៊ុន អាម៉ាហ្សូន នាឆ្នាំ១៩៩៤ ។
បើតាមការចុះផ្សាយរបស់ ស៊ីអិនប៊ីស៊ី អ្នកដែលនឹងស្នងតំណែងប្រតិបត្តិជាន់ខ្ពស់បំផុតពីលោក Jeff Bezos គឺលោក Andy Jassy ដែលបច្ចុប្បន្នជាប្រធានផ្នែក Cloud Computing របស់ក្រុមហ៊ុន អាម៉ាហ្សូន ។
សារព័ត៌មានដដែលបានផ្សាយថា លោក Bezos នឹងក្លាយទៅជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលរបស់ អាម៉ាហ្សូន ហើយគេរំពឹងថា លោក Bezos នឹងចំណាយពេលវេលាច្រើនទៅលើគម្រោងផ្ដួចផ្ដើមនានា ដូចជា មូលនិធិផែនដី បេហ្សូស (Bezos Earth Fund), ក្រុមហ៊ុនអវកាស Blue Origin របស់លោក, សារព័ត៌មាន The Washington Post និងមូលនិធិ Amazon Day 1 Fund ។
លោក Jeff Bezos សព្វថ្ងៃ អាយុ ៥៧ឆ្នាំ កើតនៅ New Mexico សហរដ្ឋអាមេរិក ។ លោកមានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ចំនួន ១៨៨,៩ពាន់លានដុល្លារអាមេរិក (បើតាមការប៉ាន់ស្មាន ឆ្នាំ២០២១ ដោយទស្សនាវដ្ដី Forbes) ៕