បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បច្ចុប្បន្នទិន្នន័យភ្នាល់នៅលើវេទិកា Kalshi បានបង្ហាញថា មានលទ្ធភាពរហូតដល់ទៅ៦៦% ដែលច្រកសមុទ្រហ័រម៉ូសមិនអាចបើកដំណើរការឱ្យនាវាចរចរណ៍ជាធម្មតាឡើងវិញមុនខែមករា ឆ្នាំ២០២៧។ ដោយឡែកឱកាសដែលចរាចរណ៍នាវាអាចនឹងវិលទៅរកភាពប្រក្រតីមុនខែសីហា ឆ្នាំនេះ បានធ្លាក់ចុះយ៉ាងគំហុកពី៦៦% មកនៅត្រឹម២១% តែប៉ុណ្ណោះ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ នៅក្នុងទីផ្សារព្យាករនេះ ពាក្យថា ចរាចរណ៍ធម្មតាឡើងវិញ គឺសំដៅលើចំនួននាវា ដែលធ្វើដំណើរឆ្លងកាត់ទៅ-មក តាមច្រកសមុទ្រនេះត្រូវមានចំនួនលើសពី៦០គ្រឿងឡើងទៅក្នុងរយៈពេល៧ថ្ងៃ។
ការប្រែប្រួលយ៉ាងគំហុក នៃភាគរយព្យាករនេះ បានកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកកាលពីថ្ងៃទី៧ ខែមិថុនា ដែលជាការប្រឈមមុខដាក់គ្នាដោយអាវុធលើកដំបូងចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមេសា។ ភាពតានតឹងនេះបានចាប់ផ្តើមឡើង បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើបទឈប់បាញ់ ដោយបើកការវាយប្រហារជាបន្តបន្ទាប់លើប្រទេសលីបង់ ជាហេតុធ្វើឱ្យអ៊ីរ៉ង់សម្រេចបាញ់ស្រោចមីស៊ីលយ៉ាងសន្ធាប់ទៅលើភាគខាងជើងអ៊ីស្រាអែល។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតែប្រព័ន្ធការពារយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ប៉ុណ្ណោះ។
ទោះបីជាក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃចន្ទ ថា ខ្លួនបានបញ្ឈប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលហើយក្តី ប៉ុន្តែក្រុមអ្នកព្យាករនៅលើវេទិកា Kalshi នៅមិនទាន់ផ្លាស់ប្តូរហាងឆេង ឬភាគរយនៃការរំពឹងទុកជុំវិញការបើកច្រកសមុទ្រឡើងវិញនោះឡើយ។
ក្រឡេកទៅមើលទីផ្សារប្រេងឯណោះវិញឃើញថា តម្លៃប្រេងបានរអិលធ្លាក់ចុះបន្តិច បន្ទាប់ពីស្ថានការណ៍វាយប្រហារសងសឹកគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលហាក់មានភាពធូរស្រាល។ នៅពេលអ៊ីរ៉ង់ បើកការវាយប្រហារសងសឹកអ៊ីស្រាអែល បានជំរុញឱ្យតម្លៃប្រេងឆៅប្រភេទ Brent ហក់ឡើង១,២% ឈានដល់ជាង៩៤ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅសហរដ្ឋអាម៉េរិក បានកើនឡើងជិត១% ឈានដល់ជាង៩១ដុល្លារក្នុង១បារ៉ែល។ ជាមួយគ្នានេះក្រុមប្រទេស OPEC+ បានឯកភាពគ្នាដំឡើងទិន្នផលប្រេងចំនួន១៨៨,០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែកក្កដា តទៅ ដែលជាការដំឡើងកូតាផលិតកម្មប្រេងលើកទី៤ហើយ ចាប់តាំងពីមានការបិទច្រកសមុទ្រហ័រម៉ូសមក៕