រដ្ឋាភិបាលអាម៉េរិក បានបញ្ជាក់នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា សេដ្ឋកិច្ចអាម៉េរិក បានកើនឡើងក្នុងកម្រិតមួយដ៏រឹងមាំតាំងតែពីនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ កន្លងទៅ ខណៈការចំណាយរបស់អ្នកប្រើប្រាស់ រហូតមកដល់ពេលនេះក៏កំពុងតែមាននិន្នាការរឹងមាំដូចគ្នាដែរ។ រដ្ឋាភិបាលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះបានចាត់ទុកលទ្ធផលល្អប្រសើរមួយនេះ គឺជាចំណុចវិជ្ជមានមួយដែលអាចឆ្លុះបញ្ចំងពីភាពកាន់តែទុកចិត្តលើទស្សនវិស័យសេដ្ឋកិច្ចរបស់អាម៉េរិក បើទោះបីនៅដើមឆ្នាំ២០២៤ នេះ អាម៉េរិក បានជួបប្រទះបញ្ហាអាកាសធាតុដ៏អាក្រក់ ដែលបានបង្កការលំបាកដល់ការរស់នៅរបស់ពលរដ្ឋទូទៅក៏ដោយចុះ។
ជុំវិញបញ្ហានេះដែរ លោក រីយ៉ាន់ ស្វីត ( Ryan Sweet) ប្រធានក្រុមអ្នកសេដ្ឋកិច្ចអាម៉េរិក នៅ Oxford Economics បាននិយាយថា ទោះបីជាបញ្ហាអាកាសធាតុបានធ្វើឱ្យខូចខាតដល់ការផលិតឬ ផលិតផលមួយចំនួនសម្រាប់ខែមករា រួមទាំងការលក់រាយ ទីផ្សារលំនៅដ្ឋាន និងបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុន្តែការស្ទុះងើបឡើងវិញនៅអំឡុងខែកុម្ភៈឆ្នាំនេះ គួបផ្សំនឹងការកើនឡើងនៃការសងប្រាក់វិញនាពេលថ្មីៗនេះ វានឹងជួយជំរុញកំណើនការលក់រាយ និង សេដ្ឋកិច្ចនៅទូទាំងអាម៉េរិកតែម្តង។
លោកស្រី ជេនណេត យេឡេន (Janet Yellen) រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក បានអះអាងថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក បានក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកឱ្យមានភាពល្អប្រសើរជាងការរំពឹងទុក។
លោកស្រីបានអះអាងថា ការព្រួយបារម្ភ ដែលគេបានលើកឡើងពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០២៣ នឹងមិនកើតឡើងនៅលើពិភពលោក នៅក្នុងឆ្នាំ២០២៤ នេះទេ។ កំណើនសេដ្ឋកិច្ចពិភពលោក នឹងសម្រេចបាននៅក្នុងកម្រិត៣,១% ហើយអត្រាអតិផរណាក៏បានបង្ហាញពីការធ្លាក់ចុះផងដែរ។
លោកស្រីបាននិយាយថា នៅក្នុងពេលខាងមុខនេះពិភពលោកនឹងបានដឹងអំពីហានិភ័យដែលប្រឈមមុខនឹងទស្សនវិស័យសកល ហើយបន្តតាមដានដោយប្រុងប្រយ័ត្ននូវបញ្ហាប្រឈមសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួន ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែមានភាពធន់។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី យេឡេន បានអះអាងទៀតថា កម្លាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក បានគាំទ្រកំណើនពិភពលោក ដែលជំរុញដោយគោលនយោបាយរដ្ឋបាល លោក ចូ បៃដិន ដែលផ្តល់នូវការគាំទ្រដល់អាជីវកម្មដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺរាតត្បាត COVID-19 និងការវិនិយោគលើការផលិតក្នុងស្រុក ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះអត្រាអតិផរណារបស់សហរដ្ឋអាម៉េរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូលរបស់វា ហើយទីផ្សារការងាររបស់សហរដ្ឋអាម៉េរិក មានភាពរឹងមាំជាប្រវត្តិសាស្ត្រឡើងវិញផងដែរ។
បើតាម លោក ព្យែ អូលីវីយេ ហ្គោរិនចាស់ ( Pierre-Olivier Gourinchas) ប្រធានក្រុមអ្នកសេដ្ឋវិទូនៅអង្គការរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកដែលបានធ្វើបច្ចុប្បន្នភាពរបស់អ្នកផ្តល់ប្រាក់កម្ចីពិភពលោកបានបង្ហាញពីការថយចុះនៃហានិភ័យ ប៉ុន្តែបានសង្កត់ធ្ងន់ថា កំណើនជារួម និងពាណិជ្ជកម្មសកលនៅតែទាបជាងមធ្យមភាគប្រវត្តិសាស្ត្រ៕
ដោយៈ សរ សុជាតិ