បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA

ធនាគារជាតិអះអាងថា ទោះបីEU ដក EBA ក៏ការនាំចេញសម្លៀកបំពាក់នៅតែរំពឹងកើនឡើង!


ការប្រកាសពីសេចក្ដីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបអំពីការព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នឹងត្រូវធ្វើឡើងនៅក្នុងខែកុម្ភៈឆ្នាំ២០២០នេះហើយ។ ទោះយ៉ាងណា បើតាមការអះអាងរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា បើទោះបីជាសហភាពអឺរ៉ុប សម្រេចដក EBA ពីកម្ពុជាក៏ដោយចុះ ក៏ការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថា បន្ដមានកំណើន ដោយធនាគារជាតិសំអាងទៅលើហេតុផលសំខាន់ៗមួយចំនួន ៤។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

ភាពមិនច្បាស់លាស់​ជុំវិញ​នឹង​ការដក​ប្រព័ន្ធអនុគ្រោះពន្ធ​ EBA ត្រូវបាន​ស្ថាប័ន​អន្តរជាតិធំៗ​ជាច្រើន​បាន​អះអាងថា នៅតែ​ជា​ការគំរាម​កំហែង​មួយ​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់កម្ពុជា ដ្បិតថា​ការនាំចេញ​របស់​កម្ពុជា​មួយភាគធំ​គឺពឹងផ្អែក​លើវិស័យ​កាត់ដេរសម្លៀកបំពាក់ ដែល​មានការនាំចេញទៅ​ទីផ្សារអឺរ៉ុប​ដោយ​មិនមានការបង់ពន្ធនោះឡើយ។

ទោះជាយ៉ាងនេះក្ដី របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យ​ធនាគារ​ឆ្នាំ២០១៩ និងទស្សនវិស័យ​ឆ្នាំ២០២០ របស់ធនាគារជាតិ​នៃកម្ពុជា​បាន​បញ្ជាក់​ថា ទោះបីជា​សហភាពអឺរ៉ុប​នឹងអាច​សម្រេច​ដក EBA ពីកម្ពុជា នៅខែ​កុម្ភៈ ឆ្នាំ២០២០​ក៏ដោយចុះ ប៉ុន្ដែ​ការនាំចេញ​សម្លៀកបំពាក់​របស់កម្ពុជា​នៅតែ​រំពឹងថាា​បន្ដកំណើន​របស់ខ្លួន​ដដែល។ ធនាគារជាតិ​អះអាងបែបនេះ គឺផ្អែក​ទៅលើ​ហេតុផលចំនួន​៤ ធំៗ រួមមានដូចខាងក្រោម៖

១, យន្ដការ​នៃការដក EBA ពេញលេញ​នឹងត្រូវអនុវត្តនៅ៦ខែ ក្រោយពីការសម្រេច

២, កម្ពុជានៅតែអាចនាំចេញ​ទៅទីផ្សារ​សហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបាន​ដកក៏ដោយ ពីព្រោះ​ការបាត់បង់ EBA គ្រាន់តែ​អាច​បង្កើន​ថ្លៃទំនិញ​នាំចេញ​របស់កម្ពុជា​ទៅសហភាពអឺរ៉ុប ដោយសារតែ​ការដាក់ពន្ធក្នុង​រង្វង់​០,១% ទៅ១២,៥% ទៅតាម​ប្រភេទទំនិញ ប៉ុន្ដែ​ប្រសិនបើ​តម្រូរការ​របស់សហភាពអឺរ៉ុប​មកលើ​ទំនិញ​នាំចេញ​ពិកម្ពុជា​នៅតែមាន នោះ​ការនាំចេញ​របស់កម្ពុជា​ទៅសហភាពអឺរ៉ុប​ ក៏នៅតែមានកំណើនផងដែរ ជាពិសេស​ក្រោយពីការ​ចាកចេញ​របស់អង់គ្លេស​ពីសហភាពអឺរ៉ុប ដោយសារតែទំនិញ​កម្ពុជា​នាំចេញទៅអង់គ្លេស​មានចំនួន​២០% នៃការនាំចេញ​ទៅសហភាពអឺរ៉ុប។

៣, កំណើន​ប្រាក់ឈ្នួល​អប្បបរមានៅកម្ពុជា​ មិនទាន់​មានផល​ប៉ះពាល់​ទៅលើ​ការប្រកួតប្រជែង​របស់កម្ពុជា​នោះទេ ដោយសារតែ​ការបង្កើនមាន​លក្ខណៈ​សន្សឹមៗ ស្របពេលដែល​ផលិតភាព​ក៏បាន​កើនឡើងផងដែរ។

៤, រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវវិធានការ​ជាបន្តបន្ទាប់ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម, អភិវឌ្ឍសហគ្រាស​ធុនតូច និងមធ្យម និងសម្រួល​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បាន​អនុវត្ត​ការកែទម្រង់​ចាំបាច់​នានា សំដៅ​បង្កើត​បរិយាកាស​កាន់តែអំណោយផល​ដល់ការវិនិយោគ ជំរុញ​ផលិតកម្ម​ក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្ម​ផលិតផល​ និងទីផ្សារ​នាំចេញ​ជាដើម។

ក្រៅពីនេះទៀត ធនាគារជាតិ​ក៏បាន​គូសបញ្ជាក់ដែរថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏នឹង​ត្រូវគាំទ្រ​ដោយលំហូរ​វិនិយោគផ្ទាល់ពីបរទេស​ ដែលរំពឹងថា បន្តមានកំណើន​រឹងមាំ ជាមួយនឹង​ការបង្កើន​ការវិនិយោគនៃ​ប្រទេស​ក្នុងតំបន់ ដែលអំណោយផល​ដោយសក្ដានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា និងការបង្វែរទិសដៅវិនិយោគ​មកតំបន់​អាស៊ី​រួមមាន​កម្ពុជាផងដែរ។ 

កម្ពុជា​អាច​បាត់បង់ចំណូលប៉ុន្មាន បើគ្មាន EBA?

បើតាមការគូសរបស់​ធនាគារពិភពលោក នៅក្នុង​របាយការណ៍​កាលពីខែ​ឧសភា​ឆ្នាំ២០១៩ កន្លងទៅ បាន​ឲ្យដឹងថា បើគ្មាន​ប្រព័ន្ធអនុគ្រោះពន្ធ EBA ទេនោះ កម្ពុជា​អាចនឹង​បាត់បង់ចំណូល​ពីការនាំចេញ​ប្រមាណជាង ៦៥០​លាន​ដុល្លារអាមេរិក​ ដែលនេះ មិនទាន់​រាប់បញ្ជូល​ការដកហូតពន្ធ​ការនាំចូលកង់នៅឡើយ។ បើគេ​រាប់ទាំងផលិតផល​កង់ទៀត នោះការ​ធ្លាក់ចុះនេះ អាចនឹងមាន​ច្រើនជាងនេះទៀត។

តាម​ធនាគារ​ពិភពលោក​ដដែល បាន​ឲ្យដឹងទៀតថា ប្រសិនបើមានការ​ដក​EBA មែននោះ សហភាពអឺរ៉ុប អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​ដកហូតពន្ធគយលើទំនិញ​សម្លៀកបំពាក់ ក្នុងអត្រា ១២% ខណៈផលិតផល​ស្បែកជើង​ដកហូត​ពន្ធគយ ១៦% និងកង់ ១០%។

ជុំវិញនឹង​លទ្ធភាពដែលអាច​ឈានទៅដល់​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដោយសហភាព​នេះដែរ លោក ហាវ រតនៈ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ថវិកា បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន កាលពីពេលថ្មីៗ​នេះ​បានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជា​បានត្រៀម​ថវិកា​ប្រមាណ ៣ ពាន់លាន​ដុល្លារ​អាមេរិក​រួចជាស្រេច ដើម្បីទប់ស្កាត់​ផលប៉ះពាល់​នានា ដែលអាចកើត​មានឡើង ដោយសារ​លទ្ធភាព​នៃការបាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBAនេះ។

តើកម្ពុជា​អាច​រៀនសូត្រ​អ្វីខ្លះ ពីបទពិសោធន៍​នាំចេញអង្ករ​ទៅអឺរ៉ុប ដោយតម្រូវ​ឲ្យបង់ពន្ធគយ?

ទាក់ទឹង​នឹង​ការនាំចេញ​ទៅអឺរ៉ុបនេះដែរ បើយើង​ក្រឡេកទៅមើល​ការនាំចេញអង្ករ​វិញ ឃើញថា ក្រោយពី​អឺរ៉ុប​បាន​សម្រេច​ដកហូតយកពន្ធ​លើ​អង្ករ​នាំចូល​ពីកម្ពុជា​​ចាប់តាំងពីដើម​ឆ្នាំ២០១៩មក បាន​ធ្វើ​ការនាំចេញ​អង្កររបស់កម្ពុជា​​ទៅទីផ្សារ​សហភាព​​អឺរ៉ុប​មានការ​ថយចុះ​គួរឲ្យកត់សម្គាល់។

ទន្ទឹមនឹង​ទីផ្សារ​នាំចេញ​អង្ករ​ទៅអឺរ៉ុប​ថយចុះ គេសង្កេត​ឃើញថា អង្ករនាំចេញទៅ​ទីផ្សារ​ប្រទេសចិន ក៏បាន​ហក់ឡើង​គួរឲ្យកត់សម្គាល់ដែរ។

របាយការណ៍​ពីការិយាល័យច្រក​ចេញចូលតែមួយ បាន​ឲ្យដឹងថា​ការនាំចេញអង្ករ​ទៅអឺរ៉ុប​នៅឆ្នាំ២០១៩ សម្រេចបានប្រមាណ ២០ម៉ឺនតោន មានការថយចុះ ជាង​៦,៦ ម៉ឺនតោន ​ថយចុះ៣២,៦០% ធៀបនឹងឆ្នាំ​២០១៨។ ទោះយ៉ាងណា អង្ករ​នាំចេញទៅទីផ្សារចិន​នៅឆ្នាំ២០១៩ បាន​ហក់កើនឡើង​គួរឲ្យកត់សម្គាល់ដែរ ដែលជិត​២៥ ម៉ឺនតោន កើនឡើង ជាង៦,២ ម៉ឺនតោន ស្មើនឹង​កំណើន ២៥,២០% ធៀបនឹងឆ្នាំ​២០១៨។

របាយការណ៍ដដែល បាន​ឲ្យដឹងទៀតថា ការនាំចេញ​អង្ករ​សរុប​នៅឆ្នាំ២០១៩ សម្រេចបានប្រមាណ ៦២ ម៉ឺនតោន មានការ​ថយចុះ០,៩% ធៀបនឹង​ឆ្នាំ២០១៨។

គួររំឭកថា ក្នុង​សេចក្ដី​​ប្រកាស​​របស់​​គណៈកម្មការអឺរ៉ុប បានឲ្យ​ដឹង​ទៀតថា ចាប់តាំង​ពីខែ​១៨ មករា ឆ្នាំ២០១៩ សហភាព​  អឺរ៉ុប​​​បាន​សម្រេច​​​កំណត់​​ដកហូត​ពន្ធលើ​អង្ករ​​នាំចូល​​ពីកម្ពុជា  និងមីយ៉ាន់ម៉ា​ផងដែរ ដោយឆ្នាំទី១ គឺឆ្នាំ២០១៩​នេះ នឹង​កំណត់​​ដកហូត​ពន្ធ​គយ​ក្នុង​តម្លៃ​១៧៥ អឺរ៉ូ ឬស្មើ​នឹង​​ប្រមាណ​ ២០០ ដុល្លារអាមេរិក ក្នុងអង្ករ​មួយតោន។ នៅឆ្នាំទី២ នឹងកំណត់​ដក​ហូតពន្ធ​​មក​នៅ​ត្រឹម ១៥០ អឺរ៉ូ ឬស្មើនឹង​ជាង ​១៧០​​ដុល្លារ​អាមរិក និងឆ្នាំទី៣ ការ​ដកហូត​ពន្ធ​​នឹងថយ​ចុះមក​នៅ ១២៥ អឺរ៉ូ ឬស្មើ​នឹង​ជាង ១៤០ ដុល្លារអាមេរិក​ នៅក្នុង​អង្ករ​មួយតោន។ 

លោក ច័ន្ទ សុផល នាយក​​មជ្ឈមណ្ឌល​​​សិក្សា​​​គោល​​នយោបាយ​និងជា​​​អ្នកជំនាញ​​​សេដ្ឋកិច្ច​​កសិកម្ម ធ្លាប់បាន​លើក​​​ឡើង​ថា ការកំណត់​​ពន្ធ​លើ​អង្ករ​កម្ពុជា​ពីសំណាក់​សហភាព​អឺរ៉ុបនេះ អ្នកដែល​​​ត្រូវរង​​ការខាត​បង់​​ធំ គឺជា​ម្ចាស់​​​រោងម៉ាស៊ីន​​កិន​ស្រូវ និងក្រុម​ហ៊ុន​​នាំចេញ​​អង្ករ​​ទៅ​អឺរ៉ុប ពោលគឺ ពួកគេ​​​អាចនឹង​​ត្រូវ​ខាត​​បង់​លើ​តម្លៃ​​បន្ថែម​ប្រមាណ ៥០លាន​​ដុល្លារ​​អាមេរិក​​ក្នុង​​មួយឆ្នាំ។

សូមបញ្ជាក់ដែរថា កន្លងមក​ខាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ជាច្រើន​លើករួចមកហើយ​ក្នុងការ​អំពាវនាវ​ដល់រាជរដ្ឋាភិបាល ក៏ដូចជាសហភាពអឺរ៉ុប​ឲ្យធ្វើការ​ពិចារណ ដើម្បី​ធ្វើយ៉ាង​រក្សា​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះ​ដ្បិតថា​វា​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ការនាំចេញ​របស់កម្ពុជា​ក៏ដូចជា​ការជួយដល់​កម្មករ​រោងចក្រ​រាប់សិបម៉ឺននាក់។

សមាគម​ធ្លាប់បាន​គូសបញ្ជាក់ពីហានិភ័យ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ អាច​នឹង​ប៉ះពាល់ដល់​ជីវភាព​កម្មករ​៧៥ម៉ឺននាក់ និងសុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៣លាននាក់​ផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មនុស្ស​ស្លាប់​យ៉ាង​ហោច ៤​នាក់​ និងរបួស ១៦​នាក់ ពី​ការ​បាក់​ស្រុត​អគារ​នៅ​ក្រុង​កែប

ព័ត៌មាន
អគារ​មួយ​កម្ពស់ ៧ជាន់ ដែល​កំពុង​សាងសង់ នៅ​ក្រុង​កែប បាន​បាក់​ស្រុត កាល​ពី​ថ្ងៃ​សុក្រ ទី៣ ខែ​មករា ឆ្នាំ២០២០ ដោយ​បាន​សម្លាប់​កម្មករ​យ៉…

ក្រសួងកសិកម្ម៖ កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០១៩

ព័ត៌មាន
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម នាពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍របស់ខ្លួន អំពីការការនាំចេញកសិផលរបស់កម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ