ទីភ្នាក់ងារ Adobe Analytics បានចេញផ្សាយទិន្នន័យរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ថា នៅក្នុងការចំណាយរបស់ពលរដ្ឋអាមេរិកនៅចន្លោះពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ មានការកើនឡើងជិត៥% បើធៀបនឹងរដូវកាលទិញទំនិញនៅថ្ងៃឈប់សម្រាកនៅចុងឆ្នាំ២០២២។
ទីភ្នាក់ងារនេះបានបន្ថែមថា ហេតុផលនៃការកើនឡើងនេះ គឺដោយសារអ្នកទិញទំនិញជាច្រើនត្រូវបានទាក់ទាញដោយការបញ្ចុះ ក៏ដូចជាជម្រើសនៃកម្មវិធី«ទិញទំនិញនៅថ្ងៃនេះ អាចបង់ប្រាក់នៅពេលក្រោយ»។ ទិន្នន័យនេះបានបន្ថែមទៅលើភស្តុតាង ដែលបង្ហាញថា ជនជាតិអាម៉េរិកនៅតែចំណាយដ៏គំហុក បើទោះជាពួកគេបានប្រាប់អ្នករៀបចំការស្ទង់មតិនេះថា ពួកគេមិនចូលចិត្តសេដ្ឋកិច្ចបែបនេះយ៉ាងណាក៏ដោយ។
ទីភ្នាក់ងារ Adobe ធ្លាប់បានរាយការណ៍ថា អ្នកដើរទិញឥវ៉ាន់បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញទំនិញតាមអនឡាញរហូតដល់ចំនួនជាង១២ពាន់លានដុល្លារគ្រាន់តែនៅក្នុងរដូវកាលទិញទំនិញតាមអនឡាញ Cyber Monday តែមួយប៉ុណ្ណោះ។ Cyber Monday គឺជារដូវកាលមួយដែលអ្នកលក់ទំនិញបានផ្សព្វផ្សាយពីផលិតផលរបស់ពួកគេ និងការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទិញទំនិញរបស់ពួកគេ។
ទីភ្នាក់ងារ Adobe បាននិយាយថា ការបញ្ចុះតម្លៃទំនិញតាមអ៊ីនធឺណិតបានកើនឡើងខ្ពស់បំផុតក្នុងរដូវកាលវិស្សមកាលនេះ ដោយបានឡើងដល់កម្រិតកំពូល៣១% នៃតម្លៃក្នុងបញ្ជីសម្រាប់គ្រឿងអេឡិចត្រូនិក បើធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ២៥%។ ចំណែកការបញ្ចុះតម្លៃសម្រាប់របស់របរក្មេងលេងបានកើនឡើង២៨% បើធៀបនឹងអត្រា៣៤% ក្នុងឆ្នាំ២០២២ ហើយសម្លៀកបំពាក់បានកើនឡើង២៤% បើធៀបនឹង១៩% ក្នុងឆ្នាំ២០២២។
អ្នកប្រើប្រាស់ក៏ពឹងផ្អែកមួយផ្នែកទៅលើការផ្តល់ហិរញ្ញវត្ថុរយៈពេលខ្លីផងដែរ ហើយការប្រើកម្មវិធី«ទិញឥឡូវនេះទូទាត់នៅពេលក្រោយ» បានកើនឡើង១៤% បើធៀបនឹងឆ្នាំមុន គឺឡើងដល់ទឹកប្រាក់ជាង១៦ពាន់លានដុល្លារ។
តួលេខរបស់ទីភ្នាក់ងារ Adobe មិនត្រូវបានកែតម្រូវតាមអត្រាឡើងចុះនៃអតិផរណាទេ ហើយតម្លៃលក់តាមអនឡាញបានធ្លាក់ចុះជាង៥% គិតត្រឹមខែធ្នូ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។នេះមានន័យថា ការកើនឡើងនូវចំណាយក្នុងរដូវវិស្សមកាលនេះ គឺដោយសារតែការកើនឡើងនូវតម្រូវការ គឺមិនមែនដោយសារតែការប្រែប្រួលតម្លៃនោះទេ៕
អត្ថបទ៖ សុខ ជា