Advertisement
លំនៅដ្ឋាន

អ្នកជំនាញ៖ តំបន់​ជុំវិញ​រាជ​ធានី​ភ្នំពេញ​សុទ្ធតែ​ជា​មុខព្រួញ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន


នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជ​ធានី​ភ្នំពេញ​បាន​និង​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​មុខមាត់​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជាមួយ​នឹង​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​អគារ​ខ្ពស់ៗ​ជា​ច្រើន​ស្អេក​ស្កះ ដែល​បាន​ធ្វើ​ឲ្យ​រាជ​ធានី​ដែល​ធ្លាប់​មាន​ប្រជាជន​តែ​ប៉ុន្មាន​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​បន្ត​កើន​ឡើង​ដល់​បច្ចុប្បន្ន​នេះ មាន​ជាង ២​លាន​នាក់ ខណៈ​ដែល​ឆ្នាំ​២០៣០ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​មាន​ប្រជាជន​រស់នៅ​រាជ​ធានី​ភ្នំពេញ​ដល់ ៤​លាន​នាក់។
ទិដ្ឋភាព​ថត​ពី​លើ​អាកាស​នៃ​តំបន់​អម​សង​ខាង​ផ្លូវ​ជាតិ​លេខ​១ ម្ដុំ​ព្រែក​ឯង។
ដោយ
Advertisement

អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​មើល​ឃើញ​ថា កំណើន​ប្រជាជន​រស់នៅ​រាជ​ធានី ក៏​ដូចជា​ទីក្រុង​យ៉ាង​គំហុក​ដូច្នេះ ក៏​បាន​ធ្វើ​ឲ្យ​តម្រូវការ​លំនៅដ្ឋាន​មាន​កើន​ឥត​ឈប់ឈរ ខណៈ​ដែល​បច្ចុប្បន្ន តំបន់​ទាំង​៤​ទិស​ជុំវិញ​រាជ​ធានី​ភ្នំពេញ សុទ្ធតែ​មាន​ការ​សាងសង់​គម្រោង​លំនៅដ្ឋាន​យ៉ាង​មមាញឹក​បំផុត។ 

ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃទី២៧ កុម្ភៈ លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន លី ហួរ គ្រុប បាន​មាន​ប្រសាសន៍​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​អភិវឌ្ឍន៍​លំនៅដ្ឋាន មាន​សន្ទុះ​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​ផ្ទះ​ចំនួន​ប្រមាណ ៥​ម៉ឺន​ខ្នង​ហើយ ត្រូវ​បាន​សាងសង់​ឡើង​នៅ​រយៈពេល​ដ៏​ខ្លី​កន្លង​មក​នេះ។ 

ជាក់ស្ដែង លោក​ឧកញ៉ា លី ហួរ បាន​កត់​សម្គាល់​ឃើញ​ថា តាម​បណ្ដោយ​ផ្លូវ​ជាតិ​សំខាន់ៗ ដូចជា ផ្លូវ​ជាតិ​លេខ ៦A ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​ជាតិ​លេខ ៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជា​ដើម​នោះ បាន​និង​កំពុង​ក្លាយ​ជា​មុខ​ព្រួញ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​យ៉ាង​មាន​សក្ដានុពល​បំផុត ខណៈ​ដែល​បច្ចុប្បន្ន​គម្រោង​លំនៅដ្ឋាន​ជា​ច្រើន​បាន​ពង្រីក​ខ្លួន​ទៅ​តំបន់​ជាយៗ​កាន់តែ​ច្រើន​ឡើងៗ​ផងដែរ។ 

ពិសេស​ជាង​នេះ​ទៅ​ទៀត ឆ្លើយតប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ក៏​ដូចជា​កំណើន​ប្រជាជន​ផង​នោះ រាជ​រដ្ឋាភិបាល​​កម្ពុជា ក៏​បាន​ពង្រីក​ទីក្រុង​ថ្មីៗ​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​ការ​តភ្ជាប់​នូវ​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ជា​ចំនួន​៣​ផងដែរ។ គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទាំង​នេះ ក៏​ជា​មេដែក​មួយ​ស្រូប​ទាញ​អ្នក​អភិវឌ្ឍន៍​សំណង់ ពិសេស អ្នក​សាងសង់​គម្រោង​លំនៅ​ដ្ឋាន បាន​បោះទុន​វិនិយោគ​កាន់​តែ​ច្រើន​ឡើង​ផងដែរ។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ក្រុម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ពិសេស លំនៅដ្ឋាន​បុរី ក៏​បាន​លើក​ពី​កត្តា​ប្រឈម​មួយ​ចំនួន​ទាក់ទងនឹង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផង​ដែរ ពិសេស លូ​ទឹក​តែ​ម្ដង ដោយ​ពួកគេ​បាន​បញ្ជាក់​ថា ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន ដោយសារ​តែ​រាជ​រដ្ឋាភិបាល​មិន​ទាន់​មាន​ប្លង់​មេ​ច្បាស់លាស់​សម្រាប់​ពួកគេ​យក​ធ្វើ​ជា​ក្បួនខ្នាត​សម្រាប់​ការ​អភិវឌ្ឍ​ឲ្យ​ត្រូវតាម​ស្ដង់ដារ និង​ប្រកប​ដោយ​ចីរភាព។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​លំនៅដ្ឋាន ពិសេស គម្រោង​លំនៅដ្ឋាន​លក្ខណៈ​បុរី បាន​ចូលរួម​ចំណែក​សំខាន់​មួយ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​រាជ​រដ្ឋាភិបាល ក៏​ដូចជា​ការ​ផ្ដល់​នូវ​ការ​រស់នៅ​ជា​សហគម​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ផាសុកភាព និង​សន្ដិសុខ​សុវត្ថិភាព​ផងដែរ។ ប៉ុន្ដែ ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថា អ្នក​អភិវឌ្ឍ​ត្រូវតែ​គិតគូរ​ថែម​ទៀត​ពី​គុណភាព​សំណង់​និង​ផល​ប៉ះពាល់​នានា​ផងដែរ។ 

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុ បាន​គូស​បញ្ជាក់​ដែរ​ថា គិត​មក​ទល់​បច្ចុប្បន្ន វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​​រហូត​​ដល់​ជាង ២០% នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា និង​បង្កើត​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ជា​ច្រើន​ដល់​ពលរដ្ឋ។ គិត​ចាប់​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៧ កន្លង​មក​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​សរុប​ចំនួន ២៣៨​គម្រោង។ 

ជាក់ស្ដែង គម្រោង ២០១៧ ចំនួន​ផ្ទះ​បាន​កើន​ឡើង​ពី ៣៥៤​ខ្នង រហូត​ដល់​ជាង ៤​ម៉ឺន​ខ្នង ហើយ​លំនៅដ្ឋាន​ដែល​មាន​លក្ខណៈ​ជា​បុរី​បាន​កើន​ឡើង​ពី​ចំនួន ២​គម្រោង​នៅ​ឆ្នាំ​២០១០ ដល់ ១៤៤​គម្រោង​ នា​ បច្ចុប្បន្ន​នេះ។ ទន្ទឹម​នឹង​នេះ គម្រោង​អគារ​លំនៅដ្ឋាន​បែប​សហកម្មសិទ្ធិ​បាន​កើន​ពី ៣ គម្រោង នៅ​ឆ្នាំ​២០១១​ មក​ដល់ ៩៤​គម្រោង​នៅ​ពេល​បច្ចុប្បន្ន ខណៈ​ដែល​ចំនួន​បន្ទប់​ស្នាក់នៅ​មាន​ជាង ៣៥០០០ បន្ទប់។

សូម​ជម្រាប​ថា បើ​តាម​ការ​គូស​បញ្ជាក់​ពី​រដ្ឋមន្ត្រី​​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បាន​ឲ្យ​ដឹង​ថា តម្រូវការ​លំនៅដ្ឋាន​សម្រាប់​អ្នក​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​មាន​ជាង​​១​ម៉ឺន​ខ្នង ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​នេះ ស្មើនឹង​ប្រមាណ​តែ​ជាង ១០%​ប៉ុណ្ណោះ នៃ​តម្រូវការ​លំនៅដ្ឋាន​សរុប​នៅ​ទូទាំង​ប្រទេស។ យ៉ាង​ណា​ក៏​ដោយ​ចុះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ទឹក​ចិត្ត ដល់​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន​ទាំងអស់ គួរតែ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ឲ្យ​បាន​ច្រើន​ទៀត ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​បង់​រំលោះ​ប្រចាំ​ខែ ត្រឹម​តែ ៧០ ទៅ ៨០​ដុល្លារ ក្នុង​មួយ​ខែ នោះ​គឺ​ជា​តម្លៃ​ដ៏​ល្អ​បំផុត៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិនដល់​៦ខែ​ទៀតទេ តម្លៃ​អគ្គិសនី​​នឹងចុះ​ថោក​ជាងមុន សម្រាប់​រោងចក្រ​សហគ្រាស!

ព័ត៌មាន
រាជរដ្ឋាភិបាលនឹងជំរុញឲ្យតម្លៃអគ្គិសនីកាន់តែមានថោកជាងមុនសម្រាប់រោងចក្រសហគ្រាស ដើម្បីបង្កនូវលក្ខណៈកាន់តែប្រសើរជាងមុន សម្រាប់ថៅកែ​រោង​ចក្រ...

ផ្សារទំនើប Parkson នៅ​វៀតណាម​បិទ​៤​សាខា​ហើយ! ខណៈ​សាខា​ទី១​នៅ​កម្ពុជា​​មិន​ទាន់​បើក​នៅ​ឡើយ!

ព័ត៌មាន
សាខា​ផ្សារ​ទំនើប Parkson ជា​ច្រើន​កន្លែង នៅ​វៀតណាម ត្រូវ​បាន​បិទ​ទ្វារ​ជា​បណ្ដើរៗ​ហើយ ជាក់ស្ដែង កាល​ពី​ពេល​ថ្មី​នេះៗ ការ​បិទ​ទ្វារ​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ