បំណុលជាតិអាមេរិក ត្រូវបានកើនឡើងខ្លាំងនៅគ្រាដែលរដ្ឋាភិបាលមានការខ្ចីប្រាក់បន្ថែមកាន់តែច្រើន នៅអំឡុងពេលវិបត្តិមេរោគរាតត្បាតកូវីដ១៩ ដោយសារតែទីក្រុងវ៉ាស៊ិនតោនត្រូវចំណាយដ៏ច្រើនលើសលុបក្នុងការទប់ទល់សេដ្ឋកិច្ចកុំឲ្យធ្លាក់ចូលក្នុងវិបត្តិ។ តួយ៉ាង បំណុលជាតិអាមេរិក បានកើនឡើងបន្ថែម ៧ទ្រីលានដុល្លារឯណោះ គិតតាំងពីចុងឆ្នាំ២០១៩មកទល់ដើមឆ្នាំ២០២២នេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNN។
ចំពោះសហរដ្ឋអាមេរិក វាពិតជាពិបាកដឹងបានណាស់ថា តើបំណុលប៉ុន្មានទើបច្រើនហួសហេតុនោះ ប៉ុន្ដែ នៅរយៈពេលចុងក្រោយនេះ ទំហំបំណុលជាតិអាមេរិកដែលជំពាក់មិនទាន់សងរួចបានកើនឡើងកាន់តែខ្ពស់មិនធ្លាប់មាន នៅចំពេលដែលការចំណាយលើការខ្ចីបំណុលពិសេសអត្រាការប្រាក់ត្រូវបានរំពឹងថា នឹងកើនឡើងកាន់តែខ្ពស់ថែមទៀតដែរ។
បន្ទាប់ពីអត្រាការប្រាក់មាននៅក្នុងកម្រិតទាបបំផុតនៅរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ឥឡូវនេះ ធនាគារកណ្ដាលអាមេរិកកំពុងផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន ទៅជារបៀបប្រយុទ្ធទប់ទល់នឹងអតិផរណាវិញ។ ធនាគារកណ្ដាលអាមេរិកកំពុងមានផែនការ ដាក់ចេញការដំឡើងអត្រាការប្រាក់កម្ចី ដោយគេរំពឹងថា ការដំឡើងអត្រាការប្រាក់ ក៏ដូចជាសេវាខ្ចីបំណុលកាន់តែខ្ពស់ជាងមុន នឹងអាចជួយទប់ទល់ការកើនឡើងនៃកម្រិតបំណុល និងអតិរផណា។
លោក David Kelly ប្រធានយុទ្ធសាស្ត្រសកលនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ JPMorgan បាននិយាយថា ផែនការដំឡើងអត្រាការប្រាក់ទប់ទល់នឹងអតិផរណារបស់អាមេរិកនេះ វាមិនមែនមានន័យថានឹងមានវិបត្តិនៅក្នុងរយៈពេលខ្លីនោះទេ ប៉ុន្ដែ មានន័យថាពលរដ្ឋអាមេរិកនឹងមានជីវភាពអន់ថយជាងមុននៅក្នុងរយៈពេលវែង។
បច្ចុប្បន្ននេះ រដ្ឋាភិបាលសហព័ន្ធអាមេរិក មានជំពាក់បំណុលវិនិយោគបរទេស និងអន្តរជាតិ រហូតដល់ទៅជិត៨ទ្រីលានដុល្លារអាមេរិក ដោយភាគច្រើនជំពាក់វិនិយោគជប៉ុន និងចិន ហើយបំណុលទាំងនោះ ត្រូវការសងត្រឡប់ទៅវិញជាមួយនឹងការប្រាក់ផងដែរ។ ត្រង់ចំណុចនេះ អ្នកជំនាញសេដ្ឋកិច្ចពន្យល់ថា ក្នុងន័យនេះ គឺពលរដ្ឋអាមេរិកាំងដែលមានកាត្វកិច្ចបង់ពន្ធទាំងអស់ នឹងត្រូវចំណាយទូទាត់សម្រាប់ការចូលនិវត្តន៍ទៅឲ្យពលរដ្ឋចិន និងជប៉ុន ដែលជាម្ចាស់បំណុលរបស់ខ្លួន។
ក្នុងចំណោមបំណុលជាតិអាមេរិកសរុប៣០ទ្រីលានដុល្លារនោះ រួមមាន ជាង២៣ទ្រីលានដុល្លារ គឺជាបំណុលដែលក្រសួងហិរញ្ញវត្ថុអាមេរិកជំពាក់សាធារណជន ដូចជាតាមរយៈការបោះផ្សាយលក់មូលបត្រជាដើម។ ដោយឡែក បំណុលជាង៦ទ្រីលានដុល្លារទៀត គឺកាន់កាប់ដោយអន្តររដ្ឋាភិបាល។ នេះបើតាមសេចក្ដីថ្លែងការរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក។
បំណុលជាតិអាមេរិកកើនឡើងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គឺមានមួយផ្នែកត្រូវបានជំរុញដោយវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ ហើយបន្ទាប់មកគឺវិបត្តិមេរោគរាតត្បាតកូវីដ១៩នៅរយៈពេល២ឆ្នាំចុងក្រោយនេះតែម្ដង។ តួយ៉ាងនៅឆ្នាំ២០០៧ បំណុលជាតិអាមេរិកមានត្រឹមតែជាង៩ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ។ ហើយគិតត្រឹមអតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ចូលកាន់តំណែងដំបូងនៅដើមឆ្នាំ២០១៧ គឺបំណុលជាតិអាមរិកមានជិត២០ទ្រីលានដុល្លារអាមេរិក ពោលគឺនៅរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ បំណុលជាតិអាមេរិកបានកើនឡើងប្រមាណ១០ទ្រីលានដុល្លារអាមេរិក។
សូមបញ្ជាក់ថា បើទោះបីជារងនូវវិបត្តិជំងឺរាតត្បាតក្ដី ប៉ុន្ដែសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២១ នៅតែរក្សាបានកំណើនខ្ពស់ដល់ទៅ ៥,៧% ជាអត្រាខ្ពស់បំផុតគិតតាំងពីឆ្នាំ១៩៨៤មក ក្រោយពីបានដាំក្បាលចុះ ៣,៤% កាលពីឆ្នាំ២០២០។ ដោយឡែក នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចអាមេរិកត្រូវបានក្រុមសេដ្ឋវិទូរំពឹងថា អាចនឹងកើន ៣,៩%៕