គម្រោងខ្សែក្រវាត់ និងផ្លូវមិនបានធ្វើឱ្យកម្ពុជាវ័ណ្ឌកជាមួយបំណុលនោះទេ

ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាវ័ណ្ឌកជាមួយបំណុលនោះទេ


រថយន្តធុនធំ និងតូចជាង៤លាន៦សែនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយដាក់ឱ្យដំណើរការក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមការបើកបររបស់រថយន្តទាំងនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ជាង៣០០ករណី ដោយបានបណ្តាលឱ្យមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត។ ទន្ទឹមគ្នានេះមន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា គម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ មិនបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់ ឬវ័ណ្ឌកជាមួយបំណុលនោះទេ។
ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងខ្សែក្រវាត់ និងផ្លូវ មិនបានធ្វើឱ្យកម្ពុជាវ័ណ្ឌកជាមួយបំណុលនោះទេ

នាពិធីអបអរខួប១ឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា មានរថយន្តទេសចរណ៍ និងដឹកទំនិញជាង៤លាន៦សែនគ្រឿង​ បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយដាក់ឱ្យដំណើរការក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ តែយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីទំហំចំណូល ដែលក្រុមហ៊ុនអភិវឌ្ឍន៍ទទួលបានពីការយកកម្រៃសេវាប្រើប្រាស់នេះនោះទេ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងរយៈពេលមួយឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿននេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង៣០០ករណី ដោយករណីគ្រោះថ្នា្កក់ចរាចរណ៍ទាំងនេះបានបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់បាត់បង់ជីវិត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍បំពាក់ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ និងការពារកុំឱ្យមានការកាត់សំណាញ់អមសងខាងផ្លូវល្បឿនលឿននេះ ក៏ដូចជាស្នើឱ្យអ្នកបើកបរគោរពស្លាកសញ្ញា និងច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវនេះ។

​ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាការបញ្ចុះតម្លៃ២០%ពេញ១ឆ្នាំបន្ថែមទៀត ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប៉ុន្តែចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុនពន្យារពេលឱ្យ៦ខែប៉ុណ្ណោះដោយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ គន្លង ANPR គឺជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ ដោយអ្នកប្រើប្រាស់ផ្លូវគ្រាន់តែបញ្ចូលសមតុល្យក្នុងផ្លាកលេខជាមុនតាមរយៈកម្មវិធីធនាគារក្នុងទូរសព្ទដៃ (Mobile Banking) និងចេញ-ចូលគន្លងដែលមានសញ្ញា ANPR ជាការស្រេច។ ចំពោះគន្លង ETC គឺជាច្រកអាទិភាពក្នុងការចេញចូលមួយជម្រើសទៀត ដែលតម្រូវឱ្យអ្នកប្រើប្រាស់គន្លងនេះតភ្ជាប់ដុំ OBU និងបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា គម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនមិនបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់ ឬវ័ណ្ឌកជាមួយបំណុលនោះទេ។ ផ្ទុយទៅវិញគម្រោងនេះបានរួមចំណែកជួយអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយគម្រោងនេះ ក៏បានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងទាក់ទាញគម្រោងវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ផ្លូវនេះតភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Cambodia PPSHV Expressway Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) គម្រោងផ្លូវនេះវិនិយោគក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារអាម៉េរិក ក្រោមរូបភាពវិនិយោគ“សាងសង់-ប្រតិបត្តិការ-ផ្ទេរ” (BOT: Build-Operate-Transfer) ជាមួយរយៈពេលវិនិយោគចំនួន៥០ឆ្នាំ៕




អត្ថបទបន្ទាប់


ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាសរសៃឈាមដ៏សំខាន់សម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យប្រើប្រាស់អស់រយៈពេល១ឆ្នាំក…

ពន្យារពេលបញ្ចុះតម្លៃមួយឆ្នាំទៀតលើការធ្វើដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ព័ត៌មាន
ក្រុមហ៊ុនចិន គ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ដើម្បីបន្ដការបញ្ចុះតម្លៃ ២០% សម្រាប់រយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ