កត្តាដែលជំរុញឲ្យស្ថាប័នទាំងពីរចាប់ដៃគ្នា ក៏ដោយសារពួកគេមានទស្សនៈវិស័យដូចគ្នា គឺការផ្តល់ផលប្រយោជន៍ដល់អតិថិជន។
លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម អេ អឹម ខេ រំពឹងការសហការគ្នាជាមួយ E-School Cambodia នឹងជួយផ្តល់នូវសេវាកម្ម បទពិសោធន៍បច្ចេកវិទ្យាថ្មីៗ និងអត្ថប្រយោជន៍បន្ថែមទៀតដល់អតិថិជនរបស់ អេ អឹម ខេ។ ហើយវានឹងក្លាយជាផ្នែកមួយក្នុងការរួមចំណែកជួយទាក់ទាញប្រជាពលរដ្ឋឲ្យងាកមកទទួលយកសេវាកម្មរបស់ អេ អឹម ខេ ឲ្យកាត់តែច្រើនបន្ថែមទៀត។ តាមរយៈភាពជាដៃគូនេះដែរ លោក សួន ពិសី រំពឹងថា វានឹងជួយជំរុញកំណើនអតិថិជនរបស់ អេ អឹម ខេ ឲ្យមានការកើនឡើងបន្ថែមទៀត តាមរយៈការទាក់ទាញសិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូនិងបុគ្គលិករបស់ E-School ឲ្យមកប្រើប្រាស់សេវាកម្មរបស់ អេ អឹម ខេ។ លោកបន្ថែមថា តាមរយៈភាពជាដៃគូនេះអតិថិជនអាចប្រើប្រាស់សេវាកម្មនានារបស់ស្ថាប័នទាំងពីរតាមរយៈ App របស់ អេ អឹម ខេ ឬ E-School Cambodia ដោយមិនបាច់មកកន្លែងដោយផ្ទាល់។ លើសពីនេះអតិថិជន ក៏ទទួលបានការបញ្ចុះតម្លៃផងដែរ។
ជាមួយគ្នានេះ លោក លន់ បូរី សហស្ថាបនិក អ៊ីស្គូល ខេមបូឌា បានបង្ហាញមោទកភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ អេ អឹម ខេ ដែលជាស្ថាប័នហិរញ្ញវត្ថុពោរពេញដោយបទពិសោធន៍ជាង២០ឆ្នាំមួយនេះ។ លោករំពឹងថា តាមរយៈភាពចាស់ទុំ និងល្បីល្បាញរបស់ អេ អឹម ខេ ក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា វានឹងរួមចំណែកជួយជំរុញឲ្យសេវាកម្ម និងផលិតរបស់ អ៊ីស្គូល ខេមបូឌា ទទួលបានជោគជ័យមួយកម្រិតទៀត។ សម្រាប់លោក លន់ បូរី ភាពជាដៃគូនេះ ក៏ជាការរួមចំណែកជួយអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជាផងដែរ។
ទាំងលោក សួន ពិសី ទាំងលោក លន់ បូរី សុទ្ធតែបានអះអាងដូចគ្នាថា កត្តាដែលជំរុញឲ្យស្ថាប័នទាំងពីរចាប់ដៃគ្នា គឺដោយសារពួកគេមានទស្សនៈវិស័យនិងបេសកកម្មប្រទាក់ក្រឡាគ្នា ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក។ បេសកកម្មរបស់ស្ថាប័នទាំងពីរ គឺចង់ផ្តល់សេវាកម្ម ឬផលិតផលជូនអតិថិជនប្រកបដោយគុណភាពជាមួយការទទួលបានអត្ថប្រយោជន៍ខ្ពស់ជាពិសេសចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា និងរាជរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ គួរបញ្ជាក់ថា ការចុះអនុសារណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមួយ អ៊ីស្គូល ខេមបូឌា កាលពីព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានរបស់លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ និងលោក លន់ បូរី សហស្ថាបនិក អ៊ីស្គូល ខេមបូឌា៕