

ការទទួលបានពានរង្វាន់នេះ ត្រូវបានស្ថានប័ននេះ បញ្ជាក់ថា ជាការស្តែងឲ្យឃើញពីការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងទទួលបានការកោតសរសើរពីគណៈកម្មាធិការជ្រើសរើស ជាគ្រឹះស្ថានដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុង ការបង្កើតឲ្យមានបរិយាកាសការងារល្អ មានការអភិវឌ្ឍសមត្ថភាពបុគ្គលិក ដើម្បីឲ្យពួកគាត់ទទួលបានអាជីពការងារ ល្អប្រសើរ ព្រមទាំងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដល់និយោជិតរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាបេក្ខភាពជោគជ័យមួយក្នុងចំណោម ស្ថាប័នចំនួន១៨ដែលត្រូវបានធ្វើការថ្លឹងថ្លែងពិចារណាពីគណៈកម្មាធិការ និងទទួលបានជោគជ័យក្នុងចំណោមបេក្ខភាព ៦ស្ថាប័ន។

លោកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស អេ អឹម ខេ បានឲ្យដឹងថា “ នេះ គឺជាលើកទី១ ដែល គ្រឹះស្ថាន អេ អឹម ខេ បានចូលរួមប្រកួតប្រជែងយកពានរង្វាន់ “និយោជកឆ្នើម” នេះ ហើយវាក៏ជាមោទនភាពយ៉ាងធំធេង របស់យើងផងដែរ ដែលទទួលបានពានរង្វាន់កម្រិតអន្តរជាតិ។ លោកស្រី ពាំង ពិសាខ បានបន្ថែមទៀតថា “ដោយសារតែវប្បធម៌ និងគុណតម្លៃដ៏ល្អ ដែលមាននៅ អេ អឹម ខេ ទើបធ្វើឲ្យយើងទទួលបានលទ្ធផលមួយនេះ ។ តម្លាភាព ការបើកទូលាយ ការអភិវឌ្ឍ និងការច្នៃប្រឌិត គឺជាវប្បធម៌ ដែលនាំឲ្យមាន បរិយាកាសការងារល្អ អាចផ្តល់ឱកាសឲ្យបុគ្គលិកបានអភិវឌ្ឍអាជីពការងារជាមួយ អេ អឹម ខេ ដើម្បីបន្តការរីកចម្រើនជាមួយក្រុមហ៊ុនដែលមានលក្ខណៈស្តង់ដារមួយនេះ។ អេ អឹម ខេ បានធ្វើការវិនិយោគជាច្រើនទៅលើ ការអភិវឌ្ឍសមត្ថភាពបុគ្គលិក ឲ្យតម្លៃទៅលើគំនិតបង្កើតថ្មី និងថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជូនដល់បុគ្គលិករបស់ខ្លួន។

អេ អឹម ខេ ចំណាយថវិកាជាច្រើនសម្រាប់វិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិក ក៏ដូចជាការផ្តល់ជារង្វាន់លើកទឹកចិត្តដល់បុគ្គលិកដែលមានគំនិតច្នៃប្រឌិត ក្នុងការបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងបានផ្តល់ឱកាសក្នុងការផ្លាស់ប្តូរឬដំឡើងតួនាទីប្រមាណជា៤០០ ទៅ៥០០នាក់ក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះទៅទៀត អេ អឹម ខេ ក៏បាន ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព និងសុខមាលភាពរបស់បុគ្គលិកដែលជារៀងរាល់ឆ្នាំ អេ អឹម ខេ ចំណាយប្រមាណជិត ១លានដុល្លារលើការធានារ៉ាប់រង និងទូទាត់ថ្លៃព្យាបាលជម្ងឺ ចំពោះបុគ្គលិក និងអ្នកក្នុងបន្ទុករបស់បុគ្គលិកផងដែរ។ លើសពីនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ រួមបញ្ចូលទាំង ប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យធំៗ និងប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកភក្តីភាព រហូតដល់ជិត២លានដុល្លារក្នុងមួយឆ្នាំ។ កត្តាទំាងនេះហើយ ដែលធ្វើឲ្យ អេ អឹម ខេ អាចក្លាយជា “និយោជកឆ្នើម” ប្រចាំឆ្នាំ២០២១។

តាមរយៈសកម្មភាពខាងលើនេះហើយដែលធ្វើអោយ អេ អឹម ខេ ទទួលបាននូវភាពជឿជាក់ពីសំណាក់ អ្នកស្វែងរកការងារ ដែលជាលទ្ធផល ក្នុងមួយឆ្នាំៗ អេ អឹម ខេ ទទួលបានពាក្យសុំបម្រើការងារពីបេក្ខជនប្រមាណជាជិត ៣០០០នាក់បានដាក់ពាក្យក្នុងមុខដំណែងផ្សេងៗដែល អេ អឹម ខេ ជ្រើសរើស ហើយដែលជាមធ្យមក្នុងមួយឆ្នំា អេ អឹម ខេ មានតម្រូវការបុគ្គលិកប្រមាណជា ៥០០នាក់ សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។ អេ អឹម ខេ តែងតែបើកទូលាយ និងលើកទឹកចិត្តដល់បេក្ខជន ដែលបំណងចង់អភិវឌ្ឍអាជីពការងាររបស់ខ្លួន នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេស គឺប្អូនៗសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា អាចដាក់ពាក្យបម្រើការងារ នៅ អេ អឹម ខេ ដើម្បីអាចចូលរួមបញ្ចេញសមត្ថភាព ប្រើប្រាស់សក្តានុពល និងទេពកោសល្យខ្លួន ដើម្បីភាពជោគជ័យ និងរីកម្រើនទំាងអស់គ្នា។

គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខ គេលើវិសាលភាព ប្រតិបត្តិការ និងចំនួនអតិថិជន មានបុគ្គលិកជាង៣.០០០នាក់ កំពុងបម្រើអតិថិជនសរុបចំនួនជាង ៩៦ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៧៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៩១លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥.០០០ កន្លែងនៅទូទាំងប្រទេស៕