ក្រុមអ្នកវិភាគបាននិយាយថា ប្រសិនបើលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកពិតជាអាចវិលមកកាន់សេតវិមាន បន្ទាប់ពីការបោះឆ្នោតនៅអំឡុងខែវិច្ឆិកា មែននោះ សហរដ្ឋអាម៉េរិកទំនងជានឹងដំឡើងពន្ធលើប្រទេសចិនជាពីរជំហានបន្ថែមទៀត ហើយជប៉ុន និងសហភាពអឺរ៉ុប ក៏ទំនងជាគេចមិនផុតពីកណ្តាប់ដៃរបស់ អ្នកនយោបាយអាម៉េរិករូបនេះដែរ។ បើតាមអ្នកវិភាគ លោក ត្រាំ អាចនឹងគំរាមកំហែងជប៉ុន និងអឺរ៉ុបជាមួយនឹងការដំឡើងពន្ធខ្ពស់ ដើម្បីបង្ខំឱ្យពួកគេបើកទីផ្សារបន្ថែមទៀតចំពោះផលិតផលអាម៉េរិក។
លោក ដូណាល់ ត្រាំ បាននិយាយកាលពីដើមខែកុម្ភៈ ថា លោកកំពុងថ្លឹងថ្លែងកាតព្វកិច្ចលើសពី៦០% ផ្តោតលើប្រទេសចិន ដូច្នេះលោកអាចនឹងប្រើប្រាស់បទប្បញ្ញត្តិផ្លូវច្បាប់ចំនួនពីរ ដែលលោកបានប្រើក្នុងអំឡុងពេលធ្វើជាប្រធានាធិបតី ពោលគឺច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរដ្ឋបាលអាម៉េរិករឹតបន្តឹងបញ្ហាពន្ធលើប្រទេសដែលត្រូវបានគេមើលឃើញថា មានការចូលរួមក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងចំណុច ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាចដាក់កម្រិតពាណិជ្ជកម្មលើមូលដ្ឋានសន្តិសុខជាតិ។
លោក ដូណាល់ ត្រាំ បាននិយាយថ្មីៗនេះថា លោកនឹងអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ដើម្បីលុបបំបាត់ទាំងស្រុងនូវការពឹងផ្អែកលើប្រទេសចិនគ្រប់វិស័យដែលសំខាន់ៗ។ ក្នុងនោះការដំឡើងពន្ធគយ ទំនងជានឹងកំណត់គោលដៅលើឧបករណ៍បន្ទះឈីប និងគ្រឿងអេឡិចត្រូនិក ដែក និងឱសថ ដែលជាផលិតផលដែលលោក ត្រាំ មានគោលបំណងកាត់បន្ថយការនាំចូលពីប្រទេសចិនបន្តិចម្តងៗមកនៅត្រឹមសូន្យក្នុងរយៈពេល៤ឆ្នាំ។ ផ្នែកទីពីរនៃផែនការ គឺការដកហូតឋានៈពាណិជ្ជកម្មពីប្រទេសចិន ហើយនៅក្រោយការដកសិទ្ធិនោះ សហរដ្ឋអាម៉េរិកនឹងផ្តល់ឱ្យប្រទេសនេះនូវអត្ថប្រយោជន៍ពាណិជ្ជកម្មដូចគ្នាទៅនឹងដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួននៅក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
ពាក់ព័ន្ធនឹងចំណុចនេះ អតីតតំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡាយឌីហ្ស័រ ( Robert Lighthizer) ដែលបានចូលរួមក្នុងការតាក់តែង និងរៀបចំយុទ្ធនាការរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីខែសីហាថា ចិននឹងត្រូវបានដំឡើងពន្ធដល់កម្រិតមួយ ដែលនឹងធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម៕
ដោយៈ សរ សុជាតិ