ក្រោយជោគជ័យលើការនាំចេញទៅថៃ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអង្គរហ្រ្គីនកំពុងសិក្សាលទ្ធភាពលើការនាំចេញទៅកាន់ទីផ្សារផ្សេងៗបន្ថែមទៀត។
លោក កែវ ផាន់ណារ៉ា នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ក្រុមហ៊ុនអង្គរហ្រ្គីន បាននាំចូលនូវគ្រឿងយន្តកសិកម្មទំនើបៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ លើសពីនោះ ក្រុមហ៊ុនអង្គរហ្រ្គីន ក៏បានចូលរួមលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈផលិតម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញផងដែរ។
អ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្មរូបនេះ បានចាត់ទុកការនាំចេញម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិ គឺជាមោទកភាព និងជាភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុនអង្គរហ្រ្គីន ក៏ដូចជាប្រទេសកម្ពុជា ក្នុងនាមជាប្រទេសកសិកម្មក្នុងចំណោមបណ្ដាប្រទេសដទៃ។ បើតាមលោក កែវ ផាន់ណារ៉ា បច្ចុប្បន្នក្រុមហ៊ុនអង្គរហ្រ្គីន កំពុងសិក្សាលទ្ធភាពទីផ្សារបន្ថែមក្នុងការនាំចេញម៉ាស៊ីនបាញ់ថ្នាំទំនើបស្វ័យប្រវត្តិ ដែលបានផលិតដោយខ្លួនឯងផ្ទាល់ទៅកាន់ទីផ្សារក្រៅប្រទេសផ្សេងៗ បន្ទាប់ពីក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសថៃ លើការប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិនេះ។
ដោយឡែក ចំពោះការប្រើប្រាស់គ្រឿងយន្តនៅក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោក កែវ ផាន់ណារ៉ា កត់សម្គាល់ឃើញថា មានការវិវត្តន៍ទៅមុខច្រើនគួរឲ្យគត់សម្គាល់ ជាពិសេសគឺការប្របា្រស់គ្រឿងយន្តកសិកម្មប្រភេទថ្មីៗ មួយចំនួន ដូចជា ការប្រើប្រាស់នូវប្រភេទដ្រូន និងម៉ាស៊ីនបាញ់ថ្នាំកសិកម្មជាដើម។ សម្រាប់អ្នកជំនាញរូបនេះយល់ឃើញថា ការប្រើប្រាស់គ្រឿងយន្តកសិកម្មណាមួយ ពិតជាធ្វើឲ្យប្រជាកសិករទទួលផលចំណេញច្រើន នៅពេលដែលពួកគេបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដូចជាប្រើប្រាស់ឲ្យចំគោលដៅ និងអស់លទ្ធភាពជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងវិស័យកសិកម្ម មិនត្រឹមតែកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងចំណេញពេលវេលាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយហានិភ័យមួយចំនួនរបស់កសិករ ក៏ដូចជាធ្វើឲ្យកសិករកាន់តែមានលទ្ធភាពពង្រីកការធ្វើកសិកម្មបន្ថែមទៀត។
យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្មរូបនេះ នៅតែបន្តណែនាំដល់ប្រជាកសិករ ក្នុងការការប្រើប្រាស់គ្រឿងយន្តកសិកម្មឲ្យចំគោលដៅ ដើម្បីចៀសវាងការខាតបង់ និងទទួលបានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច។ លោកកត់សម្គាល់ឃើញថា បើទោះបីជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែប្រជាកសិករមួយចំនួន ហាក់នៅតែមិនសូវមានការយល់ដឹងច្រើនចំពោះការប្រើប្រាស់ឱ្យបានទូលំទូលាយនៅឡើយទេ ខណៈអ្នកខ្លះទិញគ្រឿងចក្រមកប្រើប្រាស់តាមគ្នាតែប៉ុណ្ណោះ ដោយមិនបានសិក្សាស្វែងយល់លម្អិតពីសមត្ថភាពនៃគ្រឿងចក្រ និងបច្ចេកទេសប្រើប្រាស់ចំគោលដៅនោះទេ៕