វិស័យសុខាភិបាល

ជប៉ុនប្រគល់អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី តម្លៃជាង១៩លានដុល្លារ ឱ្យខេត្តសៀមរាប


អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង១៩លានដុល្លារ ក្រោមជំនួយរាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់១០០ភាគរយ និងត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះគឺជាគម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមហិរញ្ញប្បទានឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងគោលបំណងលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ និងមានគុណភាពខ្ពស់។
អគានេះនឹងជួយលើកកម្ពស់វិស័យសុខាភិបាល ក្នុងខេត្តសៀមរាប
ដោយ

មន្ទីរពេទ្យេខេត្តសៀមរាប គឺជាមន្ទីរពេទ្យដ៏សំខាន់មួយ ក្នុងចំណោមមន្ទីរពេទ្យធំៗ នៅក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែទទួលអ្នកជំងឺពីក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ ពោលខេត្តជុំវិញចំនួន ៦ ក៏តែងតែមកទទួលសេវាព្យាបាលដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃតម្រូវការផ្នែកសុខាភិបាលនៅក្នុងខេត្តសៀមរាប មានការកើនឡើងគួរឲ្យកត់ម្គាល់ ដែលទាមទារយ៉ាងចាំបាច់ ក្នុងការកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការសុខាភិបាលយ៉ាងគំហុកនេះ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានគូសបញ្ជាក់ថា គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពិតជាចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តសៀមរាប ជាពិសេសអាចបម្រើសេវាជូនបងប្អូន មិនចំពោះតែខេត្តសៀមរាបប៉ុណ្ណោះទេ ខេត្តផ្សេងៗក៏អាចទទួលសេវាពីមន្ទីរពេទ្យនេះផងដែរ។ លោកបានចាត់ទុកគម្រោងកែលម្អនេះ គឺជាការឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេវាសុខាភិបាលនៅកម្ពុជា។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ទាំងបច្ចេកវិទ្យា សម្ភារបរិក្ខាពេទ្យកម្រិតស្ដង់ដានៃអគារមន្ទីរពេទ្យដ៏ថ្មីសន្លាងនេះ មិនចាញ់មន្ទីរពេទ្យនៅក្រៅប្រទេសនោះឡើយ។ ការកែលម្អមន្ទីរពេទ្យនេះទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជឿជាក់ថា អគារមណ្ឌលផ្ដល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។ បើតាមអនុប្រធានមន្ទីរពេទ្យបង្អែកមន្ទីរពេទ្យរូបនេះ ក្រៅពីបំពាក់ឧបករណ៍ និងសម្ភារទំនើប មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏បានលើកកម្ពស់ធនធានក្នុងស្រុក ពោលគឺបុគ្គលិកក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ទើរ១០០ភាគរយ សុទ្ធសឹងជាអ្នកដែលរស់នៅក្នុងខេត្តសៀមរាប ផ្ទាល់តែម្ដង។ វេជ្ជបណ្ឌិតតាមឯកទេសនីមួយៗ សុទ្ធសឹងតែជាធនធានដែលប្រកបដោយសក្ដានុពល និងបានបញ្ចប់ការសិក្សាពីក្រៅប្រទេសតាមជំនាញរៀងៗខ្លួន។ អនុប្រធានមន្ទីរពេទ្យបង្អែករូបនេះ កត់សម្គាល់ឃើញថា បច្ចុប្បន្ន វិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើន និងមិនចាញ់ប្រទេសដទៃឡើយទាំងបច្ចេកវិទ្យា និងធនធានមនុស្ស។

សូមបញ្ជាក់ថា ការកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តជុំវិញ និងលើកកម្ពស់លទ្ធភាពក្នុងការមកទទួលសេវាសុខាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថានសុខាភិបាល និងបរិក្ខារវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យស្រុកចំនួនបួន តាមរយៈការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសុខភាពទូទៅក្នុងតំបន់ រួមទាំងខេត្តជិតខាងផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារៀបចំខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ

ព័ត៌មាន
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានប្រារព្ធព្រះរាជធិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ក្រោមអធិបតីដ៏ខ្ពង់…

អ្នកជំនាញរំពឹងប្រព័ន្ធអនុគ្រោះពន្ធ DCTS ជួយជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-អង់គ្លេស

ព័ត៌មាន
រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK's…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ