
ពិធីចែកអំណោយបានធ្វើឡើង កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗបំផុតនេះ នៅក្នុងបណ្ដាខេត្តដែលរងទទួលផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ។
អាជ្ញាធរនៃខេត្តនីមួយៗ បានចូលរួមជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនអង្គរហ្គ្រីន ក្នុងការចែកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋរងគ្រោះ ដែលក្នុងនោះមានដូចជាអង្ករ មី សាច់ក្រក ផ្អកសាច់ជ្រូក ភួយ ថ្នាំសង្កូវ ក៏ដូចជាកញ្ចប់ថ្នាំកសិកម្ម ដែលអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដំណាំរបស់ខ្លួនក្រោយពេលទឹកស្រកទៅវិញ ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគទាំងនោះ គឺជាការបរិច្ចាគដែលបានមកពីក្រុមហ៊ុនអង្គរហ្គ្រីនផ្ទាល់ បុគ្គលិក សាច់ញាតិ និងមិត្តភក្ដិរបស់បុគ្គលិកក្រុមហ៊ុន ដៃគូអាជីវកម្ម និងសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដូចជាក្រុមហ៊ុនឱសថ ប៉េប៉េអឹម (PPM) និងអង្គការ អេត អេ អាក់ស្យុង ជាដើម។

លោក ហួ ធីនាង នាយកប្រតិបត្តិ ទទួលបន្ទុកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន មានប្រសាសន៍ថា ទោះបីជាការបរិច្ចាគនេះមានកម្រិតតិចតួចក្ដី ក្រុមហ៊ុនសង្ឃឹមថា នេះជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ហើយនឹងអាចជួយសម្រាលបានខ្លះដល់ផលប៉ះពាល់ ដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋរងគ្រោះ។
លោក ធី នាង មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនកសិកម្ម យើងបានរៀបចំនូវកញ្ចប់សប្បុរសធម៌ ដើម្បីចូលរួមជួយដល់ជនរងគ្រោះ ជាពិសេសកសិករដែលមានការប៉ះពាល់លើដំណាំរបស់គាត់ ។ ពួកគាត់រងគ្រោះពីរដងហើយក្នុងឆ្នាំ ២០២០ នេះ គឺទីមួយគ្រោះរាំងស្ងួត ហើយឥឡូវនេះ កាន់តែធ្ងន់ធ្ងរថែមទៀត គឺទឹកជំនន់វិញ”។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានបង្ហាញពីអារម្មណ៍សោកស្ដាយរបស់ពួកគាត់ដោយសារតែការខូចខាតផលដំណាំ ប៉ុន្តែ ក៏បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដូចជាក្រុមហ៊ុនអង្គរហ្គ្រីនជាដើម ។

កសិករ សាង សាន នៅខេត្តបាត់ដំបង មានប្រសាសន៍ថា៖ “និយាយពីរឿងអារម្មណ៍ចំពោះការខូចខាតដោយសារទឹកជំនន់នេះ គឺនិយាយលែងចេញហើយ ព្រោះអស់រលីងហើយ ជាពិសេសខ្លួនខ្ញុំផ្ទាល់ ដំណាំស្រូវ ១០ ហិចតា ខូច អស់រលីង។… ខ្ញុំត្រេកអរចំពោះក្រុមហ៊ុនអង្គរហ្គ្រីនដែលបានជួយរំលែកទុក្ខជាអំណោយបន្តិចបន្តួចសម្រាប់ដោះទ័ល”។
អង្គរហ្គ្រីនជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដោយមានចក្ខុវិស័យជួយអភិវឌ្ឍសន្តិសុខស្បៀង និងចំណីអាហារ ឲ្យមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ធ្វើទំនើបកម្មផលិតកម្មកសិកម្មនៅកម្ពុជា ដើម្បីបង្កើនផលិតភាពកសិកម្ម សម្របសម្រួលទីផ្សារកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។
បច្ចុប្បន្នក្រុមហ៊ុនមានផ្គត់ផ្គង់ជីរថ្នាំកសិកម្ម គ្រឿងយន្តកសិកម្ម ឧបករណ៍ប្រព័ន្ធស្រោចស្រព ថ្នាំ និងចំណីសត្វ ការកែច្នៃកសិផល និងប្រមូលទិញកសិផលពីកសិករសម្រាប់នាំចេញ ហើយកំពុងមានប្រតិបត្តិការនៅក្នុងបណ្ដាខេត្តក្រុងចំនួន ២៥ ក្នុងប្រទេសកម្ពុជា ។

អំពីក្រុមហ៊ុនអង្គរហ្គ្រីន (Angkor Green)
ទស្សនវិស័យ
ទស្សនៈរបស់អង្គរហ្គ្រីន គឺក្លាយជាក្រុមហ៊ុនលូតលាស់លឿន និងនវានុវត្តន៍ជាងគេខាងផ្ដល់ដំណោះស្រាយកសិកម្ម ដើម្បីចូលរួមចំណែកក្នុងការផលិតស្បៀង និងចំណីអាហារ ឲ្យមានគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក។ យើងជឿជាក់លើការភ្ជាប់ទំនាក់ទំនងរវាងបណ្ដាញកសិករ បច្ចេកវិទ្យា ដីធ្លី បរិស្ថាន អ្នកប្រើប្រាស់ និងប្រជាជាតិទាំងអស់ ដើម្បីកសាងពិភពលោកមួយជាកន្លែងល្អប្រសើរគួរឲ្យចង់រស់នៅ។
បេសកកម្ម
យើងជំនះស្ថានភាពនៃការខ្វះខាតធនធាននានាដោយបង្កើតគំនិតប្រកបដោយនវានុវត្តន៍ និងនាំមកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីកែលម្អរបៀបធ្វើការរួមគ្នា និងក្លាយទៅជាក្រុមហ៊ុនលូតលាស់លឿន និងនាំមុខគេខាងផ្ដល់ដំណោះស្រាយកសិកម្ម សម្រាប់ធានាសន្តិសុខស្បៀង និងសុខុមាលភាពសង្គម។
ក្រុមការងារដែលប្រកបដោយប្រឌិតញាណរបស់យើងគាំទ្រកសិករដើម្បីផលិតចំណីអាហារនានាឲ្យមានគុណភាពប្រសើរជាងមុន ដើម្បីផ្គត់ផ្គង់ឲ្យមនុស្សគ្រប់រូបជាមួយនឹងអនាម័យ សុវត្ថិភាព និងសុខភាពល្អ៕