ក្រុមហ៊ុន Anthropic

តម្លៃក្រុមហ៊ុន Anthropic ហក់ឡើងដល់១,៣ទ្រីលានដុល្លារ ក្រោយប្រមូលទុនបានជាង៨១ពាន់លានដុល្លារពីការបោះផ្សាយ IPO


ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខ្នាតយក្សរបស់អាម៉េរិក Anthropic បានបើកទំព័រប្រវត្តិសាស្ត្រថ្មីនៅទីផ្សារហិរញ្ញវត្ថុ Wall Street ដោយកៀរគរទុនបានរហូតដល់ជាង៨១ពាន់លានដុល្លារក្នុងការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង ឬ IPO របស់ខ្លួន។ នៅថ្ងៃជួញដូរដំបូង ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានហក់ឡើងរហូតដល់៣៤% ធ្វើឱ្យតម្លៃក្រុមហ៊ុន​នេះកើនលើស២ទ្រីលានដុល្លារក្នុងរយៈពេលខ្លី មុននឹងបិទការជួញដូរក្នុងតម្លៃទីផ្សារជិត១,៣ទ្រីលានដុល្លារ។
ក្រុមហ៊ុន Anthropic
ដោយ

ប៉ុន្តែនៅពីក្រោយភាពជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ក៏មានការព្រួយបារម្ភអំពីការខាតបង់ដ៏ច្រើន និងចំណាយដ៏មហាសាលសម្រាប់ការអភិវឌ្ឍ AI ផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា។

នៅចុងបញ្ចប់នៃការជួញដូរកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ភាគហ៊ុនរបស់ក្រុមហ៊ុន AI អាម៉េរិក Anthropic បានបិទក្នុងតម្លៃជាង៩៧ដុល្លារក្នុងមួយហ៊ុន កើនឡើងប្រមាណ១៧% បើធៀបនឹងតម្លៃ IPO ដំបូងចំនួន៨៣ដុល្លារ។ ក្រុមហ៊ុននេះបានលក់ភាគហ៊ុនចំនួន៩៨០លានហ៊ុន កៀរគរដើមទុនបាន ជាង៨១ពាន់លានដុល្លារ ដែលធ្វើឱ្យការឡើងផ្សារហ៊ុន ឬ IPO របស់ខ្លួនក្លាយជាការបោះផ្សាយលក់ភាគហ៊ុនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបំបែកកំណត់ត្រាមុនរបស់ក្រុមហ៊ុន SpaceX ដែលបានកៀរគរទុនបាន៧៥ពាន់លានដុល្លារ។

បង្កើតឡើងក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Anthropic គឺជាអ្នកអភិវឌ្ឍគំរូបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Claude AI ហើយការចូលផ្សារហ៊ុនលើកនេះបានធ្វើឱ្យក្រុមហ៊ុននេះក្លាយជាអាជីវកម្មបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយនៅលើពិភពលោក។ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានកើនឡើងយ៉ាងខ្លាំង ដោយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ ក្រុមហ៊ុនរកចំណូលបានជាង១៦ពាន់លានដុល្លារ បើធៀបនឹងប្រាក់ចំណូលជិត៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ទាំងមូល។

ទោះជាយ៉ាងណា កំណើនដ៏លឿននេះ ក៏មកជាមួយនឹងការចំណាយដ៏សម្បើមផងដែរ។ ការខាតបង់របស់ក្រុមហ៊ុននេះបានកើនដល់១០៤ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦។ ក្រុមហ៊ុននេះ ក៏ត្រូវចំណាយកាន់តែច្រើនលើថាមពលអគ្គិសនីសម្រាប់ដំណើរការ AI ហៅថា Computing Power និងបន្ទះឈីប ដើម្បីបណ្តុះបណ្តាលគំរូ AI កម្រិតខ្ពស់ផងដែរ។ ពេលនេះ បណ្ដាវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើក្រុមហ៊ុន AI អាម៉េរិក Anthropic អាចរក្សាកំណើនដ៏ខ្លាំងក្លានេះ និងប្រែក្លាយប្រាក់ចំណូលដ៏មហាសាលទៅជាប្រាក់ចំណេញបានឬយ៉ាងណា ខណៈទីផ្សារបច្ចេកវិទ្យា AI នៅតែមានភាពប្រែប្រួល និងមិនប្រាកដប្រជា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើខេត្តគោលដៅទេសចរណ៍សំខាន់ៗបានត្រៀមខ្លួនបែបណា ដើម្បីទទួលបានភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ?

រៀងរាល់ឱកាសឈប់សម្រាកនៃពិធីបុណ្យទានម្ដងៗ ពលរដ្ឋខ្មែរតែងតែឆ្លៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ខណៈអាជ្ញាធរខេត្តគោលដៅសំខាន់ៗ ក៏បាន…

រថយន្តចិន អាចនឹងបាត់ពីទីផ្សារអាម៉េរិក ប្រសិនបើច្បាប់ហាមឃាត់រថយន្តចិន ត្រូវបានអនុម័ត

ទីផ្សាររថយន្តអាម៉េរិក អាចនឹងបិទទ្វារទាំងស្រុងចំពោះរថយន្តចិន នៅពេលដ៏ខ្លីខាងមុខនេះ ក្រោយសមាជិកសភាអាម៉េរិក​មកពីគណបក្សប្រជាធិបតេយ្យ និងគណប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ