សេដ្ឋកិច្ចថៃ

​ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថៃ បានរិះគន់សេដ្ឋកិច្ចថៃ ថា នឹងប្រែពីខ្លាទៅជាឆ្មាមានជំងឺ


ពីខ្លាសេដ្ឋកិច្ចដ៏មានអំណាចទៅជាឆ្មាឈឺដែលគ្មានកម្លាំង ដែលនេះគឺជាពាក្យប្រៀបធៀបដ៏ចាក់ដោតរបស់អតីតមន្ត្រីជាន់ខ្ពស់ថៃ ដែលចេញមុខវាយប្រហារដោយត្រង់ៗលើស្ថានភាពសេដ្ឋកិច្ចដ៏ដុនដាបរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ន។ បើតាមសារព័ត៌មាន The Nation ឥស្សរជនរូបនោះ គឺលោក សុមគីត ចាទូស្រ៊ីភីថាក (Somkid Jatusripitak) អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ដែលបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ថៃ កំពុងបាត់បង់មហិច្ឆតា និងបាត់បង់ភាពជាអ្នកដឹកនាំក្នុងតំបន់អាស៊ាន។
សេដ្ឋកិច្ចថៃ
ដោយ

លោក សុមគីត ចាទូស្រ៊ីភីថាក បានរិះគន់ដោយមិនសំចៃមាត់ថា ប្រទេសថៃនឹងរលាយបាត់ក្តីស្រមៃក្នុងការក្លាយជាខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយធ្លាក់មកនៅត្រឹមជាឆ្មាឈឺជំនួសវិញ។ លោកបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយ និងបញ្ហារ៉ាំរ៉ៃជាច្រើនកំពុងរុញច្រានក្តីសង្ឃឹមរបស់ថៃ ក្នុងការក្លាយជាខ្លាទី៥ នៃអាស៊ីឱ្យកាន់តែឃ្លាតឆ្ងាយទៅៗ ខណៈដែលប្រទេសត្រូវការជាបន្ទាន់នូវកំណែទម្រង់នយោបាយ និងភាពជាអ្នកដឹកនាំប្រកបដោយស្ថិរភាព ដើម្បីទាញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។
អតីតឧបនាយករដ្ឋមន្ត្រីរូបនេះ បានព្រមានថា ប្រសិនបើកំណើនសេដ្ឋកិច្ចថៃ នៅតែស្ថិតក្នុងរង្វង់ប្រមាណ ២,៥% ក្នុងមួយឆ្នាំដូចបច្ចុប្បន្ន នោះទំហំសេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់សេដ្ឋកិច្ចថៃ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏នឹងបន្តរត់នាំមុខថៃ កាន់តែឆ្ងាយទៅទៀត។ លោកបានបន្តថា ថៃ បានបាត់បង់ឧត្តមភាពកំណើនតាំងពីអំឡុងឆ្នាំ២០០៦ និង២០០៧ មកម្ល៉េះ ខណៈបច្ចុប្បន្នថៃ សម្រេចបានកំណើនត្រឹម២,៥% ប៉ុណ្ណោះ ផ្ទុយពីវៀតណាម ដែលកំពុងស្ទុះងើបក្នុងល្បឿន៧% ទៅ៨% និងក្លាយជាមូលដ្ឋានផលិតកម្មដ៏ធំបំផុតនៅអាស៊ាន។
ក្រឡេកមើលឫសគល់នៃវិបត្តិ លោក សុមគីត បានលើកឡើងថា ការថយចុះសក្តានុពលសេដ្ឋកិច្ចរបស់ថៃ បណ្តាលមកពីការវិនិយោគសាធារណៈនៅមានកម្រិត សហគ្រាសធុនតូច និងមធ្យមខ្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងវិបត្តិបំណុលគ្រួសារ ដែលពលរដ្ឋកំពុងចំណាយលើសចំណូល។
ដើម្បីកែប្រែស្ថានការណ៍ដ៏អាក្រក់នេះ លោក បានជំរុញឱ្យរដ្ឋាភិបាលថៃ តាមរយៈក្រុមប្រឹក្សាវិនិយោគត្រូវពន្លឿនសកម្មភាពឱ្យបានលឿនបំផុត ដើម្បីទាញយកឧស្សាហកម្ម ដែលត្រូវនឹងចំណុចខ្លាំងរបស់ថៃ ដូចជាវិស័យកសិកម្ម ម្ហូបអាហារ ជីវបច្ចេកវិទ្យា និងសុខាភិបាល។ លើសពីនេះ លោកបានអំពាវនាវឱ្យប្តូរយុទ្ធសាស្ត្រជាតិពីការផ្តោតតែលើការប្រកួតប្រជែងមកផ្តោតលើវិបុលភាព សន្តិសុខ និងការរស់រានមានជីវិត របស់ប្រជាពលរដ្ឋ និងសហគ្រាសធុនតូច និងមធ្យមវិញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រថយន្តចិន អាចនឹងបាត់ពីទីផ្សារអាម៉េរិក ប្រសិនបើច្បាប់ហាមឃាត់រថយន្តចិន ត្រូវបានអនុម័ត

ទីផ្សាររថយន្តអាម៉េរិក អាចនឹងបិទទ្វារទាំងស្រុងចំពោះរថយន្តចិន នៅពេលដ៏ខ្លីខាងមុខនេះ ក្រោយសមាជិកសភាអាម៉េរិក​មកពីគណបក្សប្រជាធិបតេយ្យ និងគណប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ