ប្រភពស្និទ្ធនឹងសភាអាម៉េរិក បានបង្ហើបឱ្យដឹងថា ក្រុមសមាជិកសភាមកពីបណ្តារដ្ឋ ដែលជាមូលដ្ឋានផលិតរថយន្តធំៗរបស់អាម៉េរិក របស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានរួមដៃគ្នាផ្តួចផ្តើមសេចក្តីព្រាងច្បាប់ហាមឃាត់ការនាំចូលរថយន្តចិន ដោយគ្រោងបញ្ជូនទៅប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដើម្បីចុះហត្ថលេខាឱ្យបានមុនដំណាច់ឆ្នាំ២០២៦ នេះ។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ ទីផ្សាររថយន្តដ៏ធំសម្បើមរបស់អាម៉េរិក នឹងត្រូវបិទជិតឈឹងចំពោះក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិន ដូចជា BYD និង Geely ជាដើម។ វិធានការក្តៅនេះធ្វើឡើងចំពេលដែលក្រុមហ៊ុនរថយន្តអគ្គិសនីចិន កំពុងវាយលុកដណ្តើមចំណែកទីផ្សារយ៉ាងឆាប់រហ័សនៅតំបន់អឺរ៉ុប និងអាម៉េរិកខាងត្បូង តាមរយៈយុទ្ធសាស្ត្រលក់ក្នុងតម្លៃសមរម្យ ប៉ុន្តែបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ។
កន្លងមករថយន្តចិន ស្ទើរតែមិនអាចជ្រៀតចូលទីផ្សារអាម៉េរិក បានទៅហើយ ដោយសារតែរបាំងពន្ធគយដ៏ខ្ពស់កប់ពពក និងការរឹតបន្តឹងផ្នែកបច្ចេកវិទ្យាពីក្រសួងពាណិជ្ជកម្មអាម៉េរិក។ ដូច្នេះការចងក្រងការហាមឃាត់នេះទៅជាច្បាប់នឹងក្លាយជាខែលការពារដ៏រឹងមាំមួយកម្រិតទៀត ដើម្បីទប់ស្កាត់ហានិភ័យផ្នែកសន្តិសុខជាតិ និងការពារឧស្សាហកម្មរថយន្តក្នុងស្រុក ពីមហិច្ឆតាគ្រប់គ្រងទីផ្សាររថយន្តពិភពលោករបស់ទីក្រុងប៉េកាំង។
យ៉ាងណាមិញ បើទោះបីជាចិន បានពង្រីកឥទ្ធិពល និងកាន់កាប់ភាគហ៊ុនជិត២០% នៅក្នុងក្រុមហ៊ុន Mercedes-Benz ក៏ដោយ ក៏ប្រភពដដែលបានបង្ហើបថា ក្រុមហ៊ុនរថយន្តប្រណីតរបស់អាល្លឺម៉ង់មួយនេះ អាចនឹងរួចផុតពីសំណាញ់ច្បាប់ហាមឃាត់របស់អាម៉េរិក។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ ខណៈដែលមន្ត្រីសេតវិមាន ក៏នៅរក្សាភាពស្ងៀមស្ងាត់មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញរឿងនេះដែរ៕
ដោយៈ សរ សុជាតិ