យ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹងទីផ្សារដ៏តានតឹងមួយនៅចំពោះមុខ នោះគឺទីផ្សារក្នុងប្រទេសចិន ខណៈដែលចិន បច្ចុប្បន្នកំពុងមានការកើនឡើងករណីឆ្លងកូវីដ១៩ដ៏ខ្លាំងក្លាមិនធ្លាប់មាន ស្របពេលដែលនិន្នាការនៃការលក់នៅចិនបានចាប់ផ្តើម មានទំនោរធ្លាក់ចុះផងដែរ ទោះបីជាមិនទាន់ធ្លាក់ចុះខ្លាំងណាស់ណាក៏ដោយ។ ក្រៅពីនេះ ការដាក់បម្រាម និងការបិទខ្ទប់ក្នុងទីក្រុងធំៗដូចជាប៉េកាំង និងសៀងហៃជាដើម បានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ របស់ក្រុមហ៊ុននៅទីនោះទៀតផង។
ប្រាក់ចំណូលសរុបរបស់ Apple បានកើនឡើង៩% ក្នុងបីខែដំបូងឆ្នាំនេះដល់ទៅជាង៩៧ពាន់លានដុល្លារ។ កំណើននេះ លើសពីការព្យាកររបស់ស្ថាប័ន Wall Street នៅសហរដ្ឋអាមេរិកទៅទៀត។
ក្នុងនោះប្រាក់ចំណូលពីការលក់ប្រភេទទូរសព្ទ iPhone បានកើនឡើង ៥,៥% ក្នុងឆ្នាំនេះដល់ទឹកប្រាក់ជាង៥០ពាន់លានដុល្លារ បើទោះបីជាមានឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ខ្លះក៏ដោយ។ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំចុងក្រោយនៃកំណើនប្រាក់ចំណូលដល់ទៅពីរខ្ទង់នៅក្នុងប្រទេសចិន ដែលគ្របដណ្តប់ទាំងចិនដីគោក ហុងកុង និងតៃវ៉ាន់ ពេលនេះប្រាក់ចំណូលរបស់ Apple ក្នុងប្រទេស និងដែនដីទាំងនេះ បានកើនឡើងត្រឹមតែ ៣,៥%ប៉ុណ្ណោះ ក្នុងទឹកប្រាក់ជាង១៨ ពាន់លានដុល្លារ។
ក្រុមហ៊ុន Apple បាននិយាយថា ការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិនគឺ មួយផ្នែកដោយសារតែ ការបញ្ចេញលក់ទូរសព្ទ iPhone លើទីផ្សារប្រទេសចិនក្នុងពេលវេលាមិនដូចគ្នានៅ ២ឆ្នាំចុងក្រោយនេះ ដែលវាបានបង្កឱ្យមានការប្រែប្រួលនៃតម្រូវការ ប៉ះពាល់ដល់ចរន្តនៃការទិញរបស់អតិថិជនក្នុងអំឡុងត្រីមាសទី១ពីខែមករាដល់ខែមីនា។
បន្ថែមពីលើនេះ Apple អះអាងថា នៅពេលដែលទីក្រុងស៊ាងហៃឈានចូលដល់ខែទីពីរនៃការបិទខ្ទប់ទីក្រុង ហើយក្រុងនិងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសចិនប្រឈមនឹងការរឹតបន្តឹងសុវត្ថិភាពដែរនោះ តម្រូវការពីអតិថិជនសម្រាប់ផលិតផលរបស់ Apple នៅក្នុងប្រទេសចិន អាចនឹងធ្លាក់ចុះបន្ថែមទៀត។
យ៉ាងណាមិញ បញ្ហារបស់ Apple នៅចិនមិនមែនដោយសារការលក់ធ្លាក់ចុះនោះទេ មែនទែនទៅតម្រូវការសម្រាប់ផលិតផល iPhone នៅតែអាចមានច្រើនដដែល ប៉ុន្តែបញ្ហាពិតប្រាកដនោះគឺជាការផ្គត់ផ្គង់ពីរោងចក្រក្នុងប្រទេសចិនទៅវិញទេ។ ការវិភាគរបស់ Nikkei បង្ហាញថា ជាងពាក់កណ្តាលនៃអ្នកផ្គត់ផ្គង់សំខាន់ៗចំនួន ២០០ របស់ក្រុមហ៊ុន Apple មានទីតាំងនៅក្នុងទីក្រុងសៀងហៃ និងតំបន់ជុំវិញនោះ ដែលសុទ្ធសឹងតែកំពុងស្ថិតក្នុងការបិទខ្ទប់ និងការរឹតបន្តឹងចរាចរណ៍ដោយសារតែកូវីដ១៩។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ចំណូល Apple សម្រាប់ត្រីមាសទី២ឆ្នាំនេះ អាចនឹងធ្លាក់ចុះមកនៅចន្លោះពី ៤ទៅ៨ ពាន់លានដុល្លារប៉ុណ្ណោះ។
សូមជម្រាបថា Apple រកចំណូលបានច្រើនសម្បើមណាស់នៅសហរដ្ឋអាមេរិកពោលគឺបានកើនឡើងជាង ១៩% គិតជាទឹកប្រាក់ជាង ៤០ពាន់លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះ។ ខណៈប្រាក់ចំណូលនៅប្រទេសជប៉ុនបានធ្លាក់ចុះតែ ០,២%ប៉ុណ្ណោះ ក្នុងទឹកប្រាក់ ៧ពាន់៧រយលានដុល្លារ រីឯប្រាក់ចំណូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញបានធ្លាក់ចុះ ៦,៧% គិតជាទឹកប្រាក់មាន ៧ពាន់លានដុល្លារ៕