Apple គ្រោងផលិត iPad នៅប្រទេសឥណ្ឌា

ក្រុមហ៊ុនយក្ស Apple នឹងបង្វែរការផលិត iPad ចេញពីចិនទៅកាន់ឥណ្ឌា ដើម្បីធានាដល់ការផ្គត់ផ្គង់


ក្រុមហ៊ុនយក្សអាមេរិក Apple កំពុងសម្លឹងឃើញប្រទេសឥណ្ឌា ជាទីតាំងកាន់តែសំខាន់សម្រាប់ការផលិតទូរស័ព្ទ និងថេប្លេតរបស់ខ្លួន ចំពេលដែលផលិតកម្មរោងចក្រនៅក្នុងប្រទេសចិនកំពុងជួបការរំខានជារឿយៗដោយារវិធានការកូវីដសូន្យដ៏តឹងរ៉ឹងនោះ។
Apple គ្រោងផលិត iPad នៅប្រទេសឥណ្ឌា

យ៉ាងណាមិញ ទើបតែបង្កើនការផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌាមិនទាន់បានប៉ុន្មានផង ឥឡូវក្រុមហ៊ុន Apple កំពុងសម្លឹងឃើញការរើផលិតកម្ម iPad ពីចិន មកកាន់ប្រទេសឥណ្ឌាបន្ថែមទៀត ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បានបារម្ភខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសចិន ដែលមានការរាំងស្ទះដោយសារការធ្វើបាតុកម្មនិងការបិទខ្ទប់ នាពេលកន្លងមក។

ទោះយ៉ាងណា ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា ហាក់នៅមិនទាន់ស័ក្តិសមពេញលេញក្នុងការធ្វើជាទីកន្លែងនៃការផលិត iPad នេះទេ ដោយសារតែការផលិតឧបករណ៍បែបនេះ គឺត្រូវការជំនាញខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ CNBC។

យោងតាមប្រភពពីមន្រ្តីរដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ប្រទេសឥណ្ឌា កំពុងលើកតម្កើងខ្លួនឱ្យក្លាយជាជម្រើសមួយរបស់ Apple ដើម្បីនាំយកការផលិត iPad ចេញពីប្រទេសចិន មកកាន់ប្រទេសមួយនេះ។

ជុំវិញរឿងនេះ Apple ត្រូវបានគេដឹងថា កំពុងតែពិភាក្សាជាមួយមន្រ្តីឥណ្ឌាហើយ បើទោះបីជាគ្មានផែនការជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក៏ដោយ។ ប៉ុន្តែប្រសិនបើកិច្ចប្រឹងប្រែងនេះ ទទួលបានជោគជ័យ វានឹងពង្រីករោងចក្ររបស់ Apple ថែមទៀតនៅក្នុងប្រទេសឥណ្ឌា។

មហិច្ឆតារបស់ក្រុមហ៊ុន Apple នេះ គឺដើម្បីស្វែងរកប្រភពខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែច្រើនថែមទៀតចេញពីប្រទេសចិន ក្រោយមានការតវ៉ានៅក្នុងប្រទេសចិន ដោយសារគោលនយោបាយសូន្យកូវីដ កាលពីពេលកន្លងទៅ។

យ៉ាងណាមិញ មានការលើកឡើងជាច្រើនផងដែរថា ផែនការផលិត iPad នៅឥណ្ឌា អាចនឹងមានភាពយឺតយ៉ាវ ដោយសារតែកង្វះខាតជំនាញក្នុងប្រទេសមួយនេះ។

លោក Gene Munster នៅក្រុមហ៊ុនប្រឹក្សាវិនិយោគអាមេរិក Loop Venture បានប៉ាន់ស្មានថា ១០% នៃ iPhone គឺផលិតនៅឥណ្ឌា ប៉ុន្តែលោករំពឹងថា ផលិតកម្មនេះនឹងកើនយឺត។

លោកយល់ឃើញថា ក្នុងរយៈពេល ៥ឆ្នាំទៀត ៣៥% នៃ iPhone នឹងត្រូវផលិតនៅឥណ្ឌា។ Apple នឹងបន្ថែមការផលិត iPhone ទៅប្រទេសផ្សេងៗក្រោយពីប្រទេសឥណ្ឌា និងចិន ពោលគឺអាចនឹងទៅវៀតណាម ម៉ាឡេស៊ី និងអាមេរិក។

កាសែត The Wall Street Journal បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Apple កំពុងខ្នះខ្នែងយ៉ាងសកម្មក្នុងការផ្ទេរផលិតកម្មចេញពីប្រទេសចិន ទៅកាន់តែប្រទេសផ្សេងៗទៀតនៅអាស៊ី ដោយក្នុងនោះរួមមាន ឥណ្ឌា និងវៀតណាមតែម្ដង។

ក្រុមហ៊ុនអ្នកផ្គត់ផ្គង់របស់ Apple គឺ Foxconn ក៏បានដាក់រោងចក្រនៅឥណ្ឌាផងដែរ ខណៈ Apple ត្រូវបានគេដឹងថា នឹងផលិត iPhone ២៥% ក្នុងប្រទេសនេះ នៅត្រឹមឆ្នាំ២០២៥។ ចំណែក Wistron និង Pegatron ដែលជាអ្នកផ្គត់ផ្គង់ Apple ផងដែរនោះ ក៏បានពង្រីកផលិតកម្មខ្លួននៅប្រទេសឥណ្ឌាផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ថៃរំពឹងការនាំចេញស្ករអំពៅកើនឡើង ចំពេលការផលិតស្ករនៅឥណ្ឌាធ្លាក់ចុះ

ប្រជាកសិករ រោងចក្រកៀបអំពាវ និងពាណិជ្ជករនៅប្រទេសឥណ្ឌាបាននិយាយថា ទិន្នផលស្ករអំពាវរបស់ប្រទេសឥណ្ឌានឹងធ្លាក់ចុះ ៧% នៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអា…

ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម ស្នើសុំដំឡើងថ្លៃប្រើប្រាស់អគ្គិសនី ក្រោយទប់ទល់នឹងការខាតបង់លែងជាប់

ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម នឹងឲ្យមានការដំឡើងថ្លៃប្រើប្រាស់អគ្គិសនីក្នុងស្រុក នៅឆ្នាំ២០២៣ខាងមុខ ដោយសារតែមិនអាចតស៊ូនឹងការខាតបង់បន្ដទៅទៀតប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ