រឿងរ៉ាវដាក់ក្រុមហ៊ុនចិន Huawei ចូលបញ្ជីខ្មៅ និងបានបញ្ជាឲ្យក្រុមហ៊ុន Google បញ្ចប់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយ ក្រុមហ៊ុនចិនមួយនេះ ពីសំណាក់រដ្ឋាភិបាលអាមេរិក បាននិងកំពុងធ្វើឲ្យកក្រើកពិភពលោកពិសេសក្រុមហ៊ុនគ្រាក់ៗដែលកំពុងរកស៊ីក្នុងវិស័យទូរគមនាគមន៍ទាំងនៅក្នុងប្រទេសចិន និងអាមេរិកផងដែរ គឺ កំពុងភ័យបុកពោះកាន់តែខ្លាំង! ភ័យបុកពោះ ព្រោះខ្លាចនឹងត្រូវដើរតាមគំរូជូរចត់ដូចក្រុមហ៊ុនទាំងពីរនេះនៅថ្ងៃណាមួយ។
អ្នកជំនាញ អះអាងថា ក្រុមហ៊ុនអាមេរិក Apple អាចនឹងត្រូវរងទុក្ខបន្ទាប់ Huawei បើសិនប្រទេសចិននឹងធ្វើការសងសឹកអាមេរិកវិញ ជុំវិញសង្គ្រាមពាណិជ្ជកម្មនេះ។
ក្នុងបទសម្ភាសន៍ ជាមួយនឹង សារព័ត៌មាន Reuters លោក Jay Jacobs ប្រធានស្រាវជ្រាវ ក្រុមហ៊ុន Global X Funds បាននិយាយថា ក្នុងស្ថានការណ៍ដ៏ច្របូកច្របល់នេះ បើសិនជាប្រទេសចិន មានបំណងនឹងសងសឹកទៅកាន់ទីក្រុងវ៉ាសិនតោនវិញ លើសង្គ្រាមពាណិជ្ជកម្មនេះ ក្រុមហ៊ុនអាមេរិក Apple អាចនឹងត្រូវក្លាយជាគោលដៅ របស់ចិន។
អ្នកវិភាគបន្ដថា បើទោះបីជា ក្រុមហ៊ុន Huawei ត្រូវបានផ្ដាច់ទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនអាមេរិកពិតមែន ប៉ុន្ដែ នៅប្រទេសចិន ក៏មានក្រុមហ៊ុនមានសមត្ថភាពអាចផលិតកម្មវិធី និងគ្រឿងបង្គុំដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងក្រុមហ៊ុនអាមេរិកដែរ។ មួយវិញទៀត ផលិតផល Huawei ក៏មានប្រើប្រាស់ច្រើននៅប្រទេសចិន ដែរ ធៀបនឹងទូរស័ព្ទ Apple ដូច្នេះ ចិនអាចនឹងមិនខ្លាចបញ្ចប់ជីវិត ក្រុមហ៊ុន Apple នៅចិននោះឡើយ។
អ្នកវិភាគគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិត Hardware អាមេរិក អាចនឹងងាយជួបញ្ហាច្រើនបើសិនចិនវាយបកវិញ តែក្រុមហ៊ុន Software អាចនឹងមិនមានបញ្ហាចោទខ្លាំងនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននេះ ទីក្រុងវ៉ាស៊ិនតោន បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានដាក់បញ្ចូលឈ្មោះក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន គឺ Huawei ចូលក្នុងបញ្ចីខ្មៅ ដោយសារតែរដ្ឋាភិបាលអាមេរិកចោទប្រកាន់ថា ក្រុមហ៊ុននេះ បានទិញកម្មវិធី និងគ្រឿងបង្គុំទូរស័ព្ទ ពីក្រុមហ៊ុនអាមេរិក ដោយមិនបានឆ្លងកាត់ការអនុម័តអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។
ក្នុងនោះ ក៏មានក្រុមហ៊ុនយក្សរបស់អាមេរិក គឺ Google ត្រូវបានរដ្ឋាភិបាលអាមេរិក តម្រូវឲ្យកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Huawei ជាបន្ទាន់ ទាំងការផ្គត់ផ្គង់ប្រព័ន្ធកម្មវិធី Android លើទូរស័ព្ទ Huawei និងគ្រឿងបង្គុំផ្សេងទៀត។
បានតែ ៣ ថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុន Google បានចេញមុខប្រកាសបញ្ចប់សម្ព័ន្ធភាពពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនចិន Huawei ដោយបានបញ្ជាក់ថា នេះ គឺជាការអនុលោមតាមបទបញ្ជាពីសំណាក់រដ្ឋាភិបាលអាមេរិក។
ទោះយ៉ាងណា ក្រុមហ៊ុន Huawei ក៏បានចេញមុខឆ្លើយតបភ្លាមៗផងដែរថា ខ្លួនក៏បានត្រៀមគម្រោងបន្ទាប់ (Plan B) របស់ខ្លួនរួចតាំងមុនមកហើយ ដើម្បីទប់ទល់នឹងការធ្វើទុកបុកម្និញ ពីសំណាក់រដ្ឋាភិបាលអាមេរិក ដោយខ្លួនបានសម្ងំអភិវឌ្ឍកម្មវិធីសម្រាប់ដំណើរការលើទូរស័ព្ទជារបស់ខ្លួនឯង ដែលកម្មវិធីនេះ មានឈ្មោះ Hongmeng OS ជំនួសឲ្យការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុងប្រើនាពេលបច្ចុប្បន្ន។
មិនមែនតែក្រុមហ៊ុន Google ទេ ដែលត្រូវបានហាមមិនឲ្យរកស៊ីជាមួយ ក្រុមហ៊ុន Huawei នៅមានក្រុមហ៊ុនអាមេរិកផ្សេងទៀត ដែលផ្គត់ផ្គង់ Hardware ទៅឲ្យក្រុមហ៊ុន Huawei ក៏ត្រូវផ្អាក ការផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុនចិនមួយនេះ ផងដែរ ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប ដូចជា Intel និង Qualcommជាដើម។
យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនGoogle បានប្រកាសថា អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទHuawei នាពេលបច្ចុប្បន្ននៅតែអាចបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ និង Android, Google Play Store និង Email បានដដែល។ ពោលគឺ ការផ្ដាច់លែងឲ្យមានប្រើប្រាស់ប្រព័ន្ធ Android នៅលើទូរស័ព្ទ Huawei នេះ គឺមានតែនៅលើទូរស័ព្ទសេរីថ្មីៗក្រោយ ដែលត្រៀមចេញលក់ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី ព្យុះភ្លៀងលើកនេះ គេនៅមិនទាន់ដឹងថាច្បាស់នៅឡើយទេ ថា វានឹងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei នេះ អាចនឹងត្រូវរអិលធ្លាក់ពីតំណែងក្នុងចំណោមកំពូលSmartphone ទាំង៣ របស់ពិភពលោក ដែរយ៉ាងណា? ព្រោះថា ការអភិវឌ្ឍ ប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទនីមួយៗជោគជ័យ គឺវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ ជាក់ស្ដែង គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Microsoft បានអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ WindowPhone សម្រាប់ប្រើជាមួយទូរស័ព្ទម៉ាក Nokia ប៉ុន្ដែ ត្រូវបរាជ័យហើយក្រុមហ៊ុន Nokia ក៏ងាកមកប្រើ Android ជំនួសវិញ។
គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Huawei នេះ បានក្លាយជាគោលដៅ របស់អាមេរិកក្នុងការវាយបកសង្គ្រាមពាណិជ្ជកម្មជាមួយចិន ជាយូរមកហើយ តាំងតែពីក្រុមហ៊ុននេះ បានប្រកាសបញ្ចេញបណ្ដាញបច្ចេកវិទ្យាអ៊ីធើណែត 5G ដំបូងគេ ប៉ុន្ដែ អាមេរិកមិនសប្បាយចិត្តនឹងក្រុមហ៊ុននេះ នោះទេ ហើយក៏ធ្លាប់បានប្រកាសក្ដែងៗប្រាប់ប្រទេសជាសម្ព័ន្ធមិត្តនានារបស់ខ្លួន ឲ្យប្រុងប្រយ័ត្នក្នុងការនាំយកប្រព័ន្ធ 5G នេះ មកប្រើ ព្រោះអាមេរិកចាត់ទុកថា ប្រព័ន្ធនេះ គ្មានសុវត្ថិភាព និងអាចប៉ះពាល់ដល់សន្តិសុខជាតិផងដែរ៕