ក្រុមហ៊ុន Apple បាននាំមុខក្រុមហ៊ុន Nvidia និងក្រុមហ៊ុន Microsoft បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើងប្រមាណ៥០០ពាន់លានដុល្លារ ឬប្រមាណ១៦% ដែលជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកមួយនេះ ឡើងដល់ជិត៤ទ្រីលានដុល្លារ ដែលជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ក្រុមហ៊ុននេះ។
លោក ថម ហ្វតតេ (Tom Forte) អ្នកវិភាគនៅក្រុមហ៊ុន Maxim Group បាននិយាយថា ការកើនឡើងតម្លៃភាគហ៊ុនចុងក្រោយរបស់ក្រុមហ៊ុន Apple នេះបានឆ្លុះបញ្ចាំងពីការកើនឡើងការវិនិយោគិនលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកើនឡើងតម្រូវការទូរសព្ទ iPhone។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានរងការរិះគន់ចំពោះការយឺតយ៉ាវក្នុងការរៀបចំយុទ្ធសាស្ត្របញ្ញាសិប្បនិមិត្តរបស់ខ្លួន ខណៈដែលក្រុមហ៊ុន Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទៀតបាននាំមុខក្នុងការគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមួយនេះ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ដែលជាអ្នកទទួលផលពីបញ្ញាសិប្បនិមិត្តដ៏ច្រើនបំផុតនោះបានកើនឡើងជាង៨០០% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បើធៀបនឹងការកើនឡើងជិតទ្វេដងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក្នុងរយៈពេលដូចគ្នានេះ៕
អត្ថបទ៖ សុខ មង្គល